(ប៉េកាំង)៖ ខណៈប្រទេសក្នុងតំបន់កំពុងមានការព្រួយបារម្ភ ចំពោះស្ថានភាពនៅតំបន់អាស៊ីបូព៌ានោះ ទីក្រុងប៉េកាំងបានចេញមុខសាជាថ្មី អំពាវនាវឲ្យសហរដ្ឋអាមេរិក ដកប្រព័ន្ធការពារគ្រាប់មីស៊ីលកម្រិតខ្ពស់ THAAD ដែលកំពុងធ្វើប្រតិបត្តិការនៅកូរ៉េខាងត្បូងនោះ ត្រឡប់ទៅវិញ ដើម្បីរក្សាសន្តិសុខនៅក្នុងតំបន់ឡើងវិញ។ នេះបើតាមការចេញផ្សាយដោយ បណ្តាញសារព័ត៌មានរុស្ស៊ី Sputnik នារសៀលថ្ងៃសុក្រ ទី១៣ ខែតុលា ឆ្នាំ២០១៧។
តបទៅនឹងការព្រួយបារម្ភទាំងសំណាក់ទីក្រុងប៉េកាំង និងទីក្រុងម៉ូស្គូនេះ សេចក្តីអំពាវនាវមិនត្រឹមតែធ្វើឡើងចំពោះសហរដ្ឋអាមេរិកនោះទេ តែក៏ចំពោះកូរ៉េខាងត្បូងផងដែរ ឲ្យបញ្ឈប់ការដាក់ពង្រាយប្រព័ន្ធមីស៊ីល THAAD តម្លៃរាប់ពាន់លានដុល្លារនោះ។ នេះបើតាមការដកស្រង់សេចក្តីថ្លែងការណ៍ ពីគណកម្មការមជ្ឈិមយោធា នៃក្រសួងការពារជាតិចិន។
លោកឧត្តមសេនីយ៍ ចូវ សាងពីង (Zhou Shangping) ប្រធានគណកម្មការយោធាចិនខាងលើនេះបានបញ្ជាក់ថា «ការអភិវឌ្ឍនៃប្រព័ន្ធ THAAD នៅក្នុងប្រទេសកូរ៉េខាងត្បូង គឺជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ ដល់ផលប្រយោជន៍របស់ប្រទេសចិន រុស្ស៊ី និងបណ្តាប្រទេសមួយចំនួនទៀត»។ សេចក្តីថ្លែងការណ៍ត្រូវបានចេញផ្សាយ ក្រោយពីមានការជួបប្រជុំគ្នារវាងមន្ត្រីជាន់ខ្ពស់យោធាចិន និងរុស្ស៊ី ស្តីពីប្រព័ន្ធ THAAD របស់កូរ៉េខាងត្បូងតែម្តង។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិក បានលក់ និងជួយដាក់ពង្រាយប្រព័ន្ធ THAAD នៅកូរ៉េខាងត្បូងដោយអះអាងថា វាជាប្រព័ន្ធមីស៊ីលការពារដែនអាកាសកូរ៉េខាងត្បូង ពីការវាយប្រហារជាយកថាហេតុណាមួយ ពីសំណាក់គ្រាប់មីស៊ីលកូរ៉េខាងត្បូង។ ប៉ុន្តែចិន និងរុស្ស៊ីបានអះអាងផ្ទុយគ្នាពីនេះ ដោយចោទថា THAAD មានសមត្ថភាពលើសពីការការពារគ្រាប់មីស៊ីល នោះគឺប្រព័ន្ធរ៉ាដារបស់វា អាចជះឥទ្ធិពល (ស៊ើបការណ៍) មកលើទឹកដីចិន និងរុស្ស៊ីផងដែរ៕