(អាហ្រិ្វក)៖ អាជ្ញាធរសូម៉ាលីបានឱ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារការវាយប្រហារ បំផ្ទុះគ្រាប់បែកនៅឯតំបន់ទីប្រជុំជនមួយកន្លែង ក្នុងរដ្ឋធានីម៉ូហ្គាឌីស៊ូ (Mogadishu) បានកើនដល់ ២៧៦នាក់ហើយ ខណៈមនុស្ស ៣០០នាក់ផ្សេងទៀតបានរងរបួស។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន The Guardian នៅរសៀលថ្ងៃចន្ទ ទី១៦ ខែតុលា ឆ្នាំ២០១៧។
យោងតាមប្រភពដដែល ការវាយប្រហារកាលពីថ្ងៃសៅរ៍សប្តាហ៍មុននេះ គឺជាការវាយប្រហារដ៏អាក្រក់ និងមានមនុស្សស្លាប់ច្រើនជាងគេបំផុត គិតចាប់តាំងក្រុមឧទ្ទាម អាល់សាបាអាប់ (al-Shabaab) ដឹកនាំសកម្មភាពវាយប្រហារ លើអាជ្ញាធរនៅឆ្នាំ២០០៧។ ចំណែកឯប្រធានាធិបតីសូម៉ាលី លោក ម៉ូហាម៉េដ អាប់ឌុលឡាហ៊ី ហ្វាម៉ាចូល (Mohamed Abdullahi "Farmajo" Mohamed) ក៏បានថ្កោលទោសយ៉ាងខ្លាំងផងដែរ ចំពោះការវាយប្រហារនេះ ដោយចាត់ទុកថា វាគឺជាទង្វើគួរឱ្យស្អប់ខ្ពើមជាទីបំផុត។ ប៉ុន្តែមកទល់នឹងពេល មិនទាន់មានក្រុមណាមួយចេញមុខ ទទួលខុសត្រូវនៅឡើយទេ ស្របពេលអាជ្ញាធរសូម៉ាលី កំពុងដាក់ការសង្ស័យលើក្រុមឧទ្ទាម al-Shabaab។
គួរបញ្ជាក់ថា សោកនាដកម្មខាងលើ បានកើតឡើងនៅប្រមាណជា ០២ថ្ងៃ បន្ទាប់ពីមេបញ្ជាយោធាអាមេរិកប្រចាំនៅតំបន់អាហ្រ្វិក បានមកធ្វើទស្សនកិច្ចនៅក្នុងទីក្រុង Mogadishu ដើម្បីជួបពិភាក្សាការងារជាមួយ លោកប្រធានាធិបតីសូម៉ាលី និងក្រោយពីប្រមុខការពារជាតិ នៃប្រជាជាតិនៅអាហ្វ្រិកខាងកើតមួយនេះ បានចុះចេញពីតំណែងដោយមិនបញ្ជាក់ហេតុផលច្បាស់លាស់៕