(ព្យុងយ៉ាង)៖ ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានចេញផ្សាយនូវរូបភាពជាច្រើនសន្លឹក ដែលបង្ហាញអំពីការបាញ់មីស៊ីលប្រភេទថ្មី Hawsong-15 ដែលអន្តរជាតិចាត់ទុកថា «ជាមីស៊ីលផ្លោងឆ្លងទ្វីប ICBM» ដែលទីក្រុងព្យុងយ៉ាងទើបបាញ់កាលព្រឹកម្សិលមិញ និងបានបង្កការភ្ញាក់ផ្អើលពេញពិភពលោក។ នេះបើតាមការផ្សាយពី Channel News Asia ដកស្រង់ពីបណ្តាញព័ត៌មាន Reuters នារសៀលថ្ងៃព្រហស្បតិ៍ នេះតែម្តង។
កូរ៉េខាងជើងបានអះអាងប្រាប់ពិភពលោក ក្រោយរយៈពេលប៉ុន្មានម៉ោង នៃការបាញ់មីស៊ីលរបស់ខ្លួន កាលពីថ្ងៃពុធនោះថា «ជាជោគជ័យថ្មីមួយ» ដែលធ្វើឲ្យគ្រប់ទីតាំងទាំងអស់ ទូទាំងសហរដ្ឋអាមេរិក ស្ថិតនៅក្នុងរយៈចម្ងាយនៃការវាយប្រហារ ដោយគ្រាប់មីស៊ីលដ៏មានអានុភាពប្រភេទថ្មីរបស់ខ្លួន ព្រោះសមត្ថភាពរបស់ Hwasong-15 គឺអាចបាញ់ផុតគន្លងគោចរលើភពផែនដី ហើយធ្វើការហោះហើរ និងធ្លាក់ចូលមកក្នុងបរិយាកាសផែនដីវិញបាន។
កូរ៉េខាងជើងបានបាញ់មីស៊ីលឆ្លងទ្វីប ICBM Hwasong-15 មួយគ្រាប់កាលពីព្រឹកថ្ងៃពុធ បន្ទាប់ពីបានផ្អាកការធ្វើតេស្ដ អស់រយៈពេល ៧៥ថ្ងៃ។ យោងតាមយោធាជប៉ុន មីស៊ីលដែលកូរ៉េខាងជើងត្រូវបានបាញ់ កាលពីវេលាម៉ោងប្រមាណ ០៣៖១៨នាទី (ពេលវេលានៅឧបទ្វីបកូរ៉េ) ចេញពីតំបន់ Pyongsong នៃខេត្ត Pyongan ខាងត្បូង ដោយវាហោះបានរយៈពេលប្រហែល ៥៣នាទីនៅរយៈកម្ពស់ ៤,៥០០គីឡូម៉ែត្រ និងហោះបានចំងាយ ៩៦០គីឡូម៉ែត្រ មុននឹងធ្លាក់ចូលក្នុងតំបន់សេដ្ឋកិច្ចផ្ដាច់មុខជប៉ុន នៅឯសមុទ្រខាងកើត ឬសមុទ្រជប៉ុន។
គួរបញ្ជាក់ថា កាលពីខែកក្កដា កូរ៉េខាងជើងបានធ្វើតេស្ដមីស៊ីលឆ្លងទ្វីប ICBM Hwasong-14 ចំនួនពីរលើក ប៉ុន្តែនៅថ្ងៃនេះទីក្រុងព្យុងយ៉ាងបានប្រកាសថា ខ្លួនបានធ្វើតស្ដដោយ ជោគជ័យនូវមីស៊ីលឆ្លងទ្វីបប្រភេទថ្មីមួយឈ្មោះ ICBM Hwasong-15 ដែលអាចពាំក្បាលគ្រាប់នុយក្លេអ៊ែរបាញ់ដល់គ្រប់ទីកន្លែង និងគ្រប់ទីតាំងទំាងអស់ នៃដីគោករបស់សហរដ្ឋអាមេរិក៕