(មូស្គូ)៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានអរគុណសមាភាគីអាមេរិក លោក ដូណាល់ ត្រាំ សម្រាប់ការផ្ដល់ព័ត៌មានដោយ ទីភ្នាក់ងារស៊ើបការណ៍សំងាត់អាមេរិក CIA ដែលបានជួយអាជ្ញាធររុស្ស៊ី ទប់ស្កាត់ទាន់ពេលវេលាចំពោះ គំរោងវាយប្រហារភេរវកម្ម ទៅលើព្រះវិហារកាតូលិកមួយកន្លែងក្នុងទីក្រុង St. Petersburg។ នេះបើតាមការ ចេញផ្សាយដោយ សារព័ត៌មាន US TODAY នៅព្រឹកថ្ងៃចន្ទ ទី១៨ ខែធ្នូ ឆ្នាំ២០១៧។
លោក ពូទីន និងលោក ត្រាំ បាននិយាយគ្នាតាមទូរស័ព្ទ កាលពីថ្ងៃអាទិត្យម្សិលមិញ។ ថ្លែងនាឱកាសនោះដែរ លោក ពូទីន បានគូសបញ្ជាក់ថា បណ្ដាញពួកភេរវករបាន រៀបចំផែនការវាយប្រហារភេរវកម្មបំផ្ទុះគ្រាប់បែក លើវិហារកាតូលិក Kazan Cathedral និងកន្លែងជាច្រើនក្នុងទីក្រុង St. Petersburg ប៉ុន្តែដោយសារតែការចែករំលែក ព័ត៌មានពី CIA អាជ្ញាធររុស្ស៊ីបានទប់ស្កាត់គំរោងវាយប្រហារនេះ បានទាន់ពេលវេលា ព្រមទាំងអាចចាប់ខ្លួនពួកភេរវករជាច្រើននាក់ផងដែរ នៅក្នុងប្រតិបត្តិការវាយឆ្មក់មួយ កាលពីថ្ងៃសុក្រ។
បន្ថែមពីលើនេះ លោក ពូទីន បានប្រាប់លោក ដូណាល់ ត្រាំ ថារុស្ស៊ីនឹងចែករំលែកព័ត៌មានជាមួយទីក្រុងវ៉ាស៊ីនតោន រាល់ព័ត៌មានទាក់ទិននឹងការវាយប្រហារភេរវកម្ម ប្រឆាំងនឹងសហរដ្ឋអាមេរិក។ នេះជាសញ្ញាថ្មីមួយទៀត ដែលនឹងធ្វើឲ្យទំនាក់ទំនងរវាងមហាអំណាចយោធាកំពូលលើលោកទាំងពីរ មានសភាពប្រសើរឡើងវិញ ក្រោយពីការមើលមុខគ្នាលែងត្រង់កាលពីចុងអាណត្តិរបស់អតីតប្រធានាធិបតី លោក បារ៉ាក់ អូបាម៉ា។
គួរបញ្ជាក់ថា កាលពីសប្ដាហ៍មុន ការិយាល័យសន្តិសុខសហព័ន្ធរុស្ស៊ី (FSB) ក៏បានបង្រ្កាបបណ្ដាញពួកភេរវករមួយក្រុមផ្សេងទៀត មានសម្ព័ន្ធភាពជាមួយ ISIS ផងដែរ ដែលបានរៀបចំគំរោងវាយប្រហារភេរវកម្ម នៅអំឡុងពេលចូលឆ្នាំសកលខាងមុខនេះ៕