(ព្យុងយ៉ាង)៖ កូរ៉េខាងជើងនៅថ្ងៃព្រហស្បតិ៍នេះ បានចោទប្រកាន់ថា សហរដ្ឋអាមេរិក កំពុងបណ្ដុះបណ្ដាលកងកម្លាំងប្រយុទ្ធផ្លូវរូងក្រោមដី ជាការត្រៀមលក្ខណៈដើម្បីចូលឈ្លានពានទីក្រុងព្យុងយ៉ាង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី១៨ ខែមករា ឆ្នាំ២០១៨។
ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ តាមរយៈការដកស្រង់ពីសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានឱ្យដឹងថា កាលពីថ្ងៃទី០៩ ខែមករា វិទ្យុជាតិអាមេរិកបានប្រកាសថា ទីក្រុងវ៉ាស៊ីនតោនកំពុងដឹកនាំ «សមយុទ្ធយោធាផ្លូវរូងក្រោមដី» ដោយមានការចូលរួមពីកងវរៈសេនាធំទី ៥ ឈរជើងនៅភាគខាងជើងទីក្រុងសេអ៊ូល កាលពីខែធ្នូ ឆ្នាំ២០១៧កន្លងទៅ។
KCNA បានបញ្ជាក់បន្ថែមយ៉ាងដូច្នេះថា «សហរដ្ឋអាមេរិកកំពុងដឹកនាំ ការធ្វើសមយុទ្ធយោធាស្រដៀងគ្នា នៅក្នុងឆ្នាំនេះ ក្រោមការចូលរួមពីកងទ័ពមកពីអង្គភាព Air-Borne Division ទី១០១ និងកងកម្លាំង Air-Borne Division ទី៨២ ដែលសុទ្ធសឹងតែធ្លាប់បានចូលរួម ក្នុងសង្រ្គាមឈ្លានពានអ៊ីរ៉ាក់»។
គួរបញ្ជាក់ថា បើតាម KCNA កងកម្លាំងអាមេរិក ក៏បានរៀបចំផងដែរនូវបរិក្ខាទំនាក់ទំនងពិសេស វែនតាប្រយុទ្ធពេលរាត្រី មីស៊ីល គ្រាប់បែក និងបរិក្ខាយោធាចាំបាច់ជាច្រើនទៀត ទុកសម្រាប់ឆ្លងកាត់ទន្លេ ដើម្បីធ្វើសង្រ្គាមផ្លូវរូងក្រោមដី ប្រឆាំងនឹងកូរ៉េខាងជើង៕