(អាមេរិក)៖ អាទិភាពនៃវិស័យអវកាសអាមេរិក ទំនងជានឹងត្រូវងាកចេញស្ថានីយអវកាសអន្តរជាតិ ISS ហើយបង្វែរទៅរកការបំពេញបេសកកម្មនៅឯឋានព្រះច័ន្ទវិញ។ នេះបើតាមការចេញផ្សាយដោយ វែបសាយ Mashable.com នៅព្រឹកថ្ងៃចន្ទ ទី២៩ ខែមករា ឆ្នាំ២០១៨។
យោងតាមឯកសារស្តីពីសេចក្តីព្រាង ស្នើកញ្ចប់ថវិការបស់រដ្ឋបាល លោក ដូណាល់ ត្រាំ ដែលប្រភពព័ត៌មានខាងលើទទួលបាន ការផ្តល់មូលនិធិពីសំណាក់រដ្ឋាភិបាលអាមេរិក ទៅកាន់ស្ថានីយអវកាសអន្តរជាតិ ISS នឹងត្រូវបញ្ចប់នៅឆ្នាំ២០២៥ ដោយចាប់ពីពេលនោះ ក្រុមហ៊ុនអវកាសនានា នឹងត្រូវទទួលបន្ទុកជំនួស NASA ក្នុងការបញ្ជូនអវកាសយានិក ទៅកាន់ស្ថានីយអវកាសអន្តរជាតិនេះវិញ។
ឯកសារខាងលើ បានផ្តល់ជាតំរុយថា ទីភ្នាក់ងារអវកាស NASA នឹងងាកផ្តោតសំខាន់ទៅលើឋានព្រះច័ន្ទវិញ ដោយរដ្ឋាភិបាលរបស់ លោក ត្រាំ រំពឹងថា NASA នឹងអាចបញ្ជូនយានចុះចត និងមនុស្សទៅកាន់ឋានព្រះច័ន្ទ ឲ្យបាននៅអំឡុងចន្លោះឆ្នាំ២០២០ និងឆ្នាំ២០២៥។
គួរបញ្ជាក់ថា រដ្ឋបាលលោក ដូណាល់ ត្រាំ បានដាក់ផែនការនាំមុខ ចំពោះការស្រាវជ្រាវ និងបញ្ជូនមនុស្សទៅកាន់ឋានព្រះច័ន្ទ ហើយសម្រាប់បេសកកម្មមួយចំនួន ដែលផ្តល់ផលប្រយោជន៍រួមសម្រាប់ពិភពលោកនោះ ត្រូវបានកាត់បន្ថយ។ បេសកកម្មទៅឋានព្រះច័ន្ទ គឺជាជំហានដ៏ធំមួយ ដើម្បីឲ្យអាមេរិកអាចបន្តទៅកាន់ភពព្រះអង្គារ នៅឆ្នាំ២០៣០៕