(សេអ៊ូល)៖ កូរ៉េខាងជើងនៅថ្ងៃអង្គារនេះ បានព្រមានសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងថា ការធ្វើសមយុទ្ធយោធារួមគ្នាឡើងវិញ អាចនឹងធ្វើឱ្យឧបទ្វីបកូរ៉េ ត្រឡប់ទៅរកស្ថានភាពប្រឈមមុខដាក់គ្នាសាជាថ្មី។ នេះបើតាម KCNA ចុះផ្សាយបន្តដោយ ទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ នៅព្រឹកថ្ងៃពុធ ទី០៧ ខែកុម្ភៈ ឆ្នាំ២០១៨។
ថ្លែងនៅក្នុងបទអត្ថាធិប្បាយរបស់ខ្លួន ស្ថានីយទូរទស្សន៍រដ្ឋកូរ៉េខាងជើង KCNA បានគូសបញ្ជាក់យ៉ាងដូច្នេះថា «បើសិនជាសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ចាប់ផ្ដើមធ្វើសមយុទ្ធយោធាឡើងវិញ នោះស្ថានភាពនៅលើឧបទ្វីបកូរ៉េ នឹងត្រឡប់ទៅរកការប្រឈមមុខដាក់គ្នាជាថ្មី ឬក៏អាចឈានដល់គ្រោះមហន្តរាយក៏ថាបាន ហើយអ្នកដែលបង្ករឿង គឺជាអ្នកទទួលខុសត្រូវទាំងស្រុង»។
គួរបញ្ជាក់ថា ការព្រមានរបស់កូរ៉េខាងជើង កើតមានឡើងក្រោយមានសេចក្ដីរាយការណ៍ជាបន្តបន្ទាប់ថា ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងសេអ៊ូល មានគំរោងធ្វើសមយុទ្ធយោធារួមគ្នាទ្រង់ទ្រាយធំ Key Resolve និង Foal Eagle ឡើងវិញនៅខែមេសា ខាងមុខនេះ ពោលគឺបន្ទាប់ពីព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងារបិទបញ្ចប់៕