(ក្វាងចូវ)៖ យន្តហោះដ្រូនតាក់ស៊ី (Drone Taxi) ដំបូងបំផុតនៅក្នុងប្រទេសចិន ត្រូវបានដាក់ឲ្យដំណើរការសាកល្បងហើយ នៅក្នុងទីក្រុងក្វាងចូវ នៃខេត្តក្វាងទុង ភាគខាងត្បូង ដែលឈ្មោះរបស់វាគឺ Autonomous Aerial Vehicle ឬ AAV អាចដឹកមនុស្សបានម្នាក់ ក្នុងល្បឿន ១៣០គីឡូម៉ែត្រក្នុងមួយម៉ោង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នារសៀលថ្ងៃពុធ ទី០៧ ខែកុម្ភៈ ឆ្នាំ២០១៨។
អ្វីដែលពិសេសបន្ថែមសម្រាប់ដ្រូនតាក់ស៊ីខាងលើនេះ មានលក្ខណៈពិសេសធំមួយ នោះគឺអាចហោះហើរបាន នៅក្នុងពេលមានព្យុះទីហ្វុងខ្លាំងក្លា រហូតដល់កម្រិតទី ៧។ បើតាមក្រុមហ៊ុនខាងលើនេះ ដែលមានឈ្មោះថា Ehang ត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០១៤ ក្រុមហ៊ុនមានវិស្វករជំនាញសរុបជាង ១៥០នាក់ និងបានធ្វើតេស្តផលិតផលរបស់ខ្លួន រាប់ពាន់លើកឯណោះ ដើម្បីពិនិត្យពីបទដ្ឋានសុវត្ថិភាពជាចម្បងបំផុត។
Ehang មាននាយកប្រតិបត្តិ និងជាស្ថាបនិក គឺលោក Hu Huazhi ដែលកំពុងតែដឹកនាំការផលិតដ្រូនតាក់ស៊ី ដែលហោះបានរយៈកម្ពស់ ៣០០ម៉ែត្រ និងដឹកទម្ងន់រហូតដល់ ២៣០គីឡូក្រាម ក្នុងរយៈចម្ងាយធ្វើដំណើរជាមធ្យម ១៥គីឡូម៉ែត្រ ក្នុងល្បឿន ១៣០គីឡូម៉ែត្រ ក្នុងមួយម៉ោងឯណោះ។ សម្រាប់ការធ្វើតេស្តនេះ គឺមិនទាន់ត្រូវបានគេបញ្ជាក់លទ្ធផលលម្អិតនោះឡើយ។
គួរបញ្ជាក់ថា យន្តហោះដ្រូនតាក់ស៊ីខាងលើនេះ មានលេខស៊េរី Ehang 184 AAV ត្រូវការពេលវេលាបន្ថែមទៀត ដើម្បីទទួលការពិនិត្យលើប្រព័ន្ធសុវត្ថិភាព ដើម្បីឲ្យវាអាចទទួលស្គាល់ ពីក្រុមជំនាញនៃរដ្ឋាភិបាល និងអាចដាក់ឲ្យដំណើរការជាសាធារណៈជាពេលអនាគត។ ទោះបិជាមិនទាន់មានដំណើរការជាផ្លូវការក្តី ប៉ុន្តែការពិត គឺវាបានកើតមានឡើងរួចមកហើយ ចំពោះតាក់ស៊ីដ្រូន ដែលមិនមែនគ្រាន់តែជាការស្រមៃ ដូចកាលពីប៉ុន្មានទសវត្សរ៍មុននោះឡើយ៕