(បរទេស)៖ ទោះបីជាព្រះច័ន្ទ ជាបុត្របង្កើតនៃភពផែនដីក៏ដោយ ប៉ុន្តែបើសិនជាទីឋានទាំងពីរនេះគោចរមកកៀកគ្នា ក្នុងរយៈពេលកំណត់មួយដោយខានមិនបាននោះ វានឹងបង្កជាគ្រោះធម្មជាតិជាច្រើន ដែលមនុស្សលោកធ្លាប់ប្រឈមមុខជាច្រើនដងមកហើយ ចាប់តាំងពីអតីតកាល រហូតមកដល់ទល់បច្ចុប្បន្ន និងបន្តទៅថ្ងៃអនាគត។ នេះបើតាមការដកស្រង់របាយការណ៍ពីវែបសាយ Space នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៨ ខែកុម្ភៈ ឆ្នាំ២០១៨។
១. តើវដ្តន៍នៃព្រះច័ន្ទប៉ះពាល់ដល់ភពផែនដីដែរ ឬទេ?
មនុស្សភាគច្រើនពិតជាបានដឹងហើយថា ព្រះច័ន្ទគឺជាប្រភពនៃបាតុភូតទឹកជោរ និងនាច នៅលើមហាសមុទ្ររបស់ផែនដី។ នេះគឺដោយសារតែកម្លាំងទំនាញរវាងភពរបស់យើងហើយ និងព្រះច័ន្ទ។ ដោយឡែក តើព្រះច័ន្ទអាចបង្កឲ្យមានចលនា នៅក្នុងផ្ទៃស្រទាប់ខាងលើនៃភពផែនដី ដែលបណ្តាលឲ្យកើតគ្រោះរញ្ជួយដីដែរ ឬក៏អត់។
ការសិក្សាទៅលើហេតុការណ៍រញ្ជួយផែនដី កាលពីខ្ទង់ឆ្នាំ២០០០ បានបង្ហាញថា ពួកវាអាចកើតមាននៅពេលកម្លាំង Tidal Force ស្ថិតចំចំណុចកណ្តាលរបស់គ្រោះរញ្ជួយដី។ ខណៈឥទ្ធិពលនៃកម្លាំងទំនាញ ហាក់ដូចជាពុំមានលទ្ធភាពគ្រប់គ្រាន់ ដើម្បីបង្កជាគ្រោះរញ្ជួយផែនដីនោះ ការសិក្សាជាច្រើន បានរកឃើញថា វាទំនងជាមានការបង្កឡើងដោយព្រះច័ន្ទ។ ការសិក្សាកាលពីឆ្នាំ១៩៧៨ បានលើកឡើងថា ព្រះច័ន្ទបង្កឲ្យមានលំហូរភាគល្អិត ដែលជះការរំខានដល់ដែនម៉ាញេទិចរបស់ផែនដី។
២. ឥទ្ធិពលនៃបាតុភូតច័ន្ទគ្រាសមកលើផែនដី
ច័ន្ទគ្រាសត្រូវបានគេដឹងថា មានឥទ្ធិពលទៅលើស្រទាប់បរិយាកាសរបស់ផែនដី ជាពិសេសគឺស្រទាប់ E-region ដែលជាលទ្ធផល គឺប៉ះពាល់ទៅលើដែនម៉ាញេទិច ភពរបស់យើង។ កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១០ អ្នកវិទ្យាសាស្រ្តម្នាក់បានអះអាងថា គ្រោះរញ្ជួយដីតែងតែ បានកើតមានឡើងនៅក្នុងអំឡុងពេលពីរសប្តាហ៍មុន ឬក៏ក្រោយព្រឹត្តិការណ៍ច័ន្ទគ្រាសដែលងងឹតទាំងស្រុង ០៦លើកចុងក្រោយ។
ការប្រមើលមើលរបស់វិទ្យាសាស្រ្តរូបនេះ ពិតជាត្រឹមត្រូវដែលថា គ្រោះរញ្ជួយដីមួយ នឹងកើតមានក្រោយបាតុភូតច័ន្ទគ្រាសនាថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១០។ នៅថ្ងៃដដែលនៃបាតុភូតច័ន្ទគ្រាស នៅឯប្រទេសជប៉ុន គ្រោះរញ្ជួយដីកម្រិត ៧.៤រ៉ិចទ័រមូយ បានកើតមានឡើង ហើយភាគច្រើន គឺចំទៅលើតំបន់ព័ទ្ធជុំវិញមហាសមុទ្រប៉ាស៊ីហ្វិក ដែលមានសកម្មភាពខ្លាំងក្លា នៃគ្រោះរញ្ជួយដី បន្ទុះភ្នំភ្លើង និងព្យុះ ច្រើនជាងកន្លែងផ្សេងៗទៀតនៅលើភពផែនដី។
ដូច្នេះសរុបសេចក្តីមក រាល់ពេលព្រះច័ន្ទគោចរមកកៀកនឹងផែនដីខ្លាំង វាមិនមែនជារឿងល្អនោះឡើយ ដោយការសិក្សាបញ្ហានេះនៅតែបន្ត ព្រោះវាអាចបង្កជាគ្រោះរញ្ជួយដី ឬក៏ក៏ចលនាកញ្ជ្រោល នៃភ្នំភ្លើងនានានៅលើផែនដី និងគ្រោះរញ្ជួយដីក៏អាចកើតមានដែរ។ ជាក់ស្តែងដូចជាកាលពីអំឡុង កើតមានព្រឹត្តិការណ៍ព្រះច័ន្ទក្រហម កាលពីចុងខែមករា ឆ្នាំ២០១៨ ដែលបានធ្វើឲ្យព្រះច័ន្ទនៅលើមេឃធំជាងមុន ៧ភាគរយនោះ វាបានបណ្តាលឲ្យភ្នំភ្លើងមួយចំនួននៅជប៉ុនផ្ទុះ និងមានសកម្មភាពខ្លាំងក្លា រួមទាំងភ្នំភ្លើងនៅហ្វីលីពីន និងឥណ្ឌូណេស៊ី ក៏មានសកម្មភាពផុសផុលឡើងព្រមៗគ្នាផងដែរ៕
">