(វ៉ាស៊ីនតោន)៖ ខណៈក្រុមហ៊ុន Lockheed Martin កំពុងរៀបចំបញ្ចប់ជាស្ថាពរ នូវការដំឡើងយានអវកាស Orion ដែលនឹងធ្វើការហោះហើរនៅក្នុងបេសកកម្មលើកដំបូងរបស់ប្រព័ន្ធគ្រាប់រ៉ុក្កែត SLS នោះ ក្រុមហ៊ុនបច្ចេកវិទ្យាផ្នែកអាកាស-អវកាស និងការពារជាតិរបស់អាមេរិកនេះ បានឲ្យដឹងថា ខ្លួនកំពុងព្យាយាមកាត់បន្ថយការចំណាយ ទៅលើយានអវកាសសម្រាប់ថ្ងៃអនាគតនេះ ដោយក្នុងនោះរួមមានតាមរយៈវិធីសាស្រ្ត នៃការប្រើប្រាស់ឡើងវិញជាដើម។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយ Spacenews.com នៅល្ងាចថ្ងៃចន្ទ ទី២៣ ខែមេសា ឆ្នាំ២០១៨។
ការតំឡើងយានអវកាស Orion នឹងត្រូវបញ្ចប់សព្វគ្រប់រួចរាល់ នៅខែមិថុនាខាងមុខនេះ ហើយថ្លែងក្នុងកិច្ចសម្ភាសន៍មួយនៅឯសន្និសីទអវកាសលើកទី២៤ ដែលប្រារព្ធឡើងនៅរដ្ឋ Colorado លោក Mike Hawes ប្រធានគម្រោងយាន Orion របស់ Lockheed Martin បានបង្ហើបឲ្យដឹងថា ពួកគេកំពុងធ្វើការពាក់ព័ន្ធនឹងការកាត់បន្ថយ ថ្លៃចាយវាយនៃយានអវកាសនេះ។ ជាផ្នែកនៃយុទ្ធសាស្រ្តសម្រាប់ការបន្ថយថ្លៃចំណាយ នៃយានអវកាស Orion គឺគេត្រូវធ្វើការត្រៀមលក្ខណៈវា សម្រាប់ប្រើប្រាស់ឡើងវិញ ក្នុងបេសកកម្មលើកក្រោយៗទៀត។
គួរជម្រាបថា យានអវកាស Orion នឹងត្រូវរួមបញ្ចូលគ្នាជាមួយថ្នាក់ Module មួយកំណាត់ទៀត (កន្លែងសម្រាប់ស្តុកបរិក្ខាផ្គត់ផ្គង់ និងប្រេង) ដែលផលិតឡើងដោយអឺរ៉ុប ហើយកំណាត់ Module នោះ ត្រូវគេកំណត់ថា នឹងបញ្ជូនមកដល់សហរដ្ឋអាមេរិក នៅខែកក្កដា។ ដោយឡែកសម្រាប់បេសកកម្មទីមួយរបស់រ៉ុក្កែត SLS គឺ (Exploration Mission 1 ឬ EM1) នឹងប្រព្រឹត្តទៅនាឆ្នាំក្រោយ។
ក្រុមហ៊ុន Lockheed Martin ក៏បានចាប់ផ្តើមកសាងសមាសធាតុផ្សំរបស់បេសកកម្ម EM2 ដែលនឹងប្រព្រឹត្តទៅនាឆ្នាំ២០២៣ ផងដែរ។ Lockheed Martin បានឲ្យដឹងថា ពួកគេកំពុងប្រើប្រាស់បទពិសោធន៍ ដែលទទួលបានពីការបង្កើតយាន Orion សម្រាប់ EM1 ដើម្បីកាត់បន្ថយការចំណាយក្នុងការផលិត។ គួរបញ្ជាក់ថា យាន Orion អាចស្តុកមនុស្សពីពីរទៅបួននាក់ នឹងត្រូវហោះជាដំបូងទៅឋានព្រះច័ន្ទ និងបន្ទាប់មកទើបទៅភពអង្គារ៕