(ចិន)៖ ចាប់តាំងពីដើមឆ្នាំនេះមក ហាងកាហ្វេដែលទើបនឹងបង្កើតថ្មី ដែលផ្តល់សេវាកុម្ម៉ង់ទិញតាមទូរស័ព្ទដៃ និងដឹកជញ្ជូន កំពុងមានប្រជាប្រិយភាពយ៉ាងខ្លាំង នៅក្នុងទីក្រុងធំៗរបស់ចិន។ ភាគច្រើននៃក្រុមហ៊ុនទាំងនេះ ក៏បានក្លាយជាគោលដៅ សម្រាប់ឱ្យគេវិនិយោគទុនផងដែរ នៅក្នុងប្រទេសចិន។
ក្រុមហ៊ុនលំដាប់ខ្ពស់បំផុតនោះគឺ ក្រុមហ៊ុន ឡាក់គីន កាហ្វេ (Luckin Coffee) ដែលមានតាំងទីនៅក្នុងទីក្រុងប៉េកាំង។ ម៉ាកកាហ្វេថ្មីនេះ បានលក់កាហ្វេប្រមាណ៥លានកែវ ដល់អតិថិជនជាង១លាន៣សែននាក់ នៅក្នុងប្រទេសចិន ក្នុងអំឡុងរយៈពេលបើកលក់សាកល្បងប្រាំខែ បើគិតចាប់ពីដើមឆ្នាំនេះមក។
ក្រុមហ៊ុនបង្កើតថ្មីនេះ ទទួលបានប្រាក់ចំនួន ៣០០លានដុល្លារសហរដ្ឋអាមេរិក នៅក្នុងដំណាក់កាលទីមួយ។ វាធ្វើឱ្យក្រុមហ៊ុននេះ ក្លាយជាសមាជិកថ្មីរបស់ the Global Unicorn Club ជាក្រុមហ៊ុនដែលមានតម្លៃ១ពាន់លានដុល្លារ។
ជាស្ថាបនិក និងនាយកប្រតិបត្តិក្រុមហ៊ុន ឡាក់គីន កាហ្វេ អ្នកស្រី ឈាន ជីយ៉ា បានលើកឡើងថា គោលដៅរបស់អ្នកស្រី គឺចង់ប្រជែងជាមួយក្រុមហ៊ុនកាហ្វេ ស្តារបាកស៍ (Starbucks) នៅក្នុងប្រទេសចិន។
អ្នកស្រី ឈាន ជីយ៉ា បានថ្លែងថា «កាហ្វេជាភេសជ្ជៈធម្មតាមួយប្រភេទ នៅប៉ែកអឺរ៉ុប និងអាមេរិក ប៉ុន្តែវាមានតម្លៃថ្លៃ ដែលជាហេតុធ្វើឱ្យអតិថិជនអាចពិសាវាបានតែម្ដងម្កាលប៉ុណ្ណោះ។ ក្រៅពីនេះ ពួកយើងនៅតែមានការលំបាក ក្នុងការទិញកាហ្វេដែលទើបនឹងកិនថ្មីៗ ព្រោះមិនសូវជាមានហាងកាហ្វេណា លក់កាហ្វេកិនថ្មីនោះទេ។ និយាយទៅ គ្មានវិធីណាដែលអាចទិញកាហ្វេកិនថ្មីៗនោះទេ លើកលែងតែទៅទិញនៅហាងកាហ្វេដោយផ្ទាល់។ កត្តាទាំងនោះហើយ ធ្វើឱ្យចំណង់សម្រាប់កាហ្វេកិនថ្មីរបស់អតិថិជន ត្រូវអន់ថយ ដោយសារគេពិបាករកទិញវាណាស់ នៅពេលដែលពួកគេចង់ផឹកវាម្ដងៗ»។
លោក វ៉ាង ជាង ស្ថាបនិកនៃក្រុមហ៊ុនកាហ្វេ Coffee Box ដែលជាស្លាកយីហោថ្មី និងទទួលប្រជាប្រិយភាពមួយទៀត នៅក្នុងប្រទេសចិន បាននិយាយថា ក្រុមហ៊ុនបានដំណើរការអាជីវកម្ម ជាមួយនឹងគំរូអាជីវកម្មអ៊ីនធឺណេត។
លោក វ៉ាង ជាង «អ្វីដែលអាជីវកម្មកាហ្វេចាស់ៗ ដូចជា ស្តារបាកស៍ (Starbucks) មានចំណុចសម្គាល់ពិសេស នោះគឺ ទីណាមានហាងកាហ្វេ ស្តារបាកស៍ (Starbucks) ទីនោះតែងមានអតិថិជនជានិច្ច។ ចំពោះអាជីវកម្មកាហ្វេ នៅក្នុងយុគសម័យអ៊ីនធឺណេតវិញ មានភាពខុសគ្នាខ្លាំងតែម្ដង។ ហាងកាហ្វេជាអ្នកស្វែងរកអតិថិជនវិញ មានន័យថា កាលណាគេមានអតិថិជន គេអាចបម្រើកាហ្វេដល់អតិថិជនបាន»។
គំរូអាជីវកម្មថ្មីនេះ បានទទួលការគាំទ្រពីអ្នកផឹកកាហ្វេ ហើយប្រាក់វិនិយោគជាច្រើន បានហូរចូលក្រុមហ៊ុនបង្កើតថ្មីផ្នែកកាហ្វេទាំងនេះ។
លោក លីវ អឺហាយ ស្ថាបនិក ក្រុមហ៊ុនកាហ្វេបង្កើតថ្មី Joy Capital បាននិយាយថា «ប្រទេសចិនមានទីផ្សារដ៏ធំសម្បើម ហើយមនុស្សជាច្រើនបានមើលឃើញពី សក្ដានុពលអាជីវកម្មនៅទីនេះ។ ដូច្នេះហើយទើបយើងយល់ឃើញថា វិស័យនេះបានទាក់ទាញ ក្រុមហ៊ុនបង្កើតថ្មី និងការវិនិយោគទុនជាច្រើនសន្ធឹកសន្ធាប់»។
ទោះបីជាពេលនេះ គេមិនទាន់អាចដឹងថា តើក្រុមហ៊ុនទាំងនេះ អាចរកប្រាក់ចំណេញបានដែរ ឬក៏អត់ក៏ដោយ ក៏អ្នកស្រី ឈាន ជីយ៉ា និយាយថា អ្វីដែលគេផ្តោតសំខាន់នៅពេលនេះ គឺបណ្តុះវប្បធម៌ផឹកកាហ្វេ ឱ្យបាននៅប្រទេសចិន។
អ្នកស្រី ឈាន ជីយ៉ា ស្ថាបនិកនិងនាយកប្រតិបត្តិនៃក្រុមហ៊ុនបង្កើតថ្មី Luckin Coffee ពន្យល់ថា «ហេតុផលដែលយើងវិនិយោគប្រាក់ ដ៏ច្រើនដើម្បីធ្វើវា គឺដោយសារពួកយើងចង់ឱ្យអតិថិជន ទទួលយកបទពិសោធន៍ សេវាកម្មរបស់ពួកយើងដោយផ្ទាល់ ក៏ដូចជាដើម្បីទាញប្រយោជន៍ពី ទម្លាប់នៃការទិញទំនិញរបស់ពួកគេ និងដើម្បីផ្លាស់ប្ដូរការយល់ឃើញដែលហួសសម័យ ទៅលើកាហ្វេរបស់ពួកគេ»៕ (សារព័ត៌មាន CCTV របស់ចិន)