(បរទេស)៖ សមរភូមិមួយហៅថា Battle of Midway គឺជាការប្រយុទ្ធគ្នាដ៏អស្ចារ្យបំផុតមួយរវាងកងទ័ពជើងទឹកសហរដ្ឋអាមេរិក និងកងទ័ពជើងទឹករបស់ជប៉ុន កាលពីសម័យសង្រ្គាមលោកលើកទីពីរ។ វាបានកើតឡើងនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ១៩៤២ គឺ៦ខែក្រោយការលួចឆ្មក់ វាយប្រហាររបស់ជប៉ុនទៅលើ មូលដ្ឋានទ័ពជើងទឹករបស់អាមេរិកនៅកំពង់ ផែ Pearl Harbor នៃកោះហាវ៉ៃ។

ការវាយប្រហារលើកំពង់ផែ Pearl Harbor នេះហើយ ដែលនាំឲ្យសហរដ្ឋអាមេរិកប្រកាសចូលរួមក្នុងសង្រ្គាមលោកលើកទីពីរជាផ្លូវការ។ ជ័យជម្នះរបស់កងទ័ពជើងទឹកអាមេរិកនៅក្នុងសមរភូមិ Battle of Midway បានរំលាយក្តីសង្ឃឹមរបស់ជប៉ុនដែលចង់បន្សាបឥទ្ធិពលរបស់អាមេរិក ក្នុងនាមជាមហាអំណាចយោធាជើងទឹកតាមរយៈសមរភូមិនេះ។ លទ្ធផលនៃសមរភូមិដ៏សំខាន់មួយនេះ ក៏បានជួយកែប្រែស្ថានការណ៍នៃសង្រ្គាមលោកលើកទីពីរ នៅមហាសមុទ្រប៉ាស៊ីហ្វិកផងដែរ។

* មហិច្ឆតារបស់ជប៉ុននៅតំបន់ប៉ាស៊ីហ្វិក៖

ក្នុងសង្រ្គាមលោកលើកទីពីរ ជប៉ុនមានមហិច្ឆតាចង់ក្តោបក្តាប់តំបន់ប៉ាស៊ីហ្វិកភាគខាងលិច ហើយសហរដ្ឋអាមេរិក គឺជាការគំរាមកំហែងតែមួយគត់ ដើម្បីឆ្ពោះទៅសម្រេចគោលដៅនេះ។ អគ្គមេបញ្ជាការយោធាជើងទឹកជប៉ុន លោក Isaroku Yamamoto មានភាពជឿជាក់ថាលោក មានប្រៀបជាងកងទ័ពជើងទឹករបស់សហរដ្ឋអាមេរិក។

ដោយសង្ឃឹមថានឹងអាចប្រើយុទ្ធសាស្រ្តដូចការវាយប្រហារនៅ Pearl Harbor លោក Yamamoto បានសម្រេចរៀបចំផែនការ ដើម្បីកម្ទេចកម្លាំងដែលអាមេរិក មាននៅតំបន់ប៉ាស៊ីហ្វិកទាំងប៉ុន្មានចោលទាំងអស់តែម្តង តាមរយៈគម្រោងឆ្មក់វាយប្រហារមួយ ដែលមានគោលដៅទៅលើកោះឈ្មោះ Midway ដែលមានទីតាំងស្ថិតនៅលើមហាសមុទ្រប៉ាស៊ីហ្វិក ស្ទើរតែនៅចំណុចកណ្តាលរវាងជប៉ុននិងអាមេរិក។ បើកាន់កាប់បានកោះនេះជប៉ុនយល់ថា ខ្លួននឹងមានទីតាំងឈរជើងរឹងមាំ ដើម្បីទប់ទល់ជាមួយអាមេរិក នៅប៉ាស៊ីហ្វិក ហើយវាក៏ងាយឲ្យជប៉ុនបើកការវាយប្រហារលើដល់ដែនដីរបស់អាមេរិកដែរ។

ក្នុងផែនការរបស់លោក Yamamoto ដើម្បីវាយប្រហារលើកោះ Midway មាន៣ជំហានសំខាន់ៗ។ ជាដំបូង នឹងមានការវាយប្រហារតាមផ្លូវអាកាសទៅលើកោះនោះ ដែលធ្វើឡើងចេញពីនាវាដឹកយន្តហោះចម្បាំងនៅជួរមុខចំនួន៤គ្រឿងគឺ Akagi, Kaga, Hiryu និង Soryu ដែលស្ថិតក្រោមការបញ្ជារបស់លោក Chuichi Nagumo។ បន្ទាប់មកទៀត នឹងមានកងកម្លាំងឈ្លានពានទៅលើកោះផ្ទាល់ ពីនាវានិងកងទ័ព ដែលដឹកនាំដោយ លោក Nobutake Kondo។ ជាចុងក្រោយ នៅពេលកងកម្លាំងជំនួយរបស់អាមេរិក ដែលជប៉ុនរំពឹងថា នឹងមកពីកំពង់ផែ Pearl Harbor មកដល់កោះ Midway ការវាយប្រហាររួមគ្នាពីកងកម្លាំងរបស់លោក Nagumo និងរបស់លោក Yamamoto ផ្ទាល់ដែលនៅពួនរង់ចាំចម្ងាយជិត១,០០០គីឡូម៉ែត្រភាគខាងលិចកោះនោះ នឹងសង្រ្គប់កម្ទេចកងកម្លាំងរបស់សហរដ្ឋអាមេរិក។

* ផែនការជប៉ុនដែលចង់ឆ្មក់វាយប្រហារកោះ Midway ត្រូវបានអាមេរិកស៊ើបដឹងទុកជាមុន

ក្រុមអ្នកបំបែកកូដទំនាក់ទំនងរបស់សហរដ្ឋអាមេរិកបានដឹងមុនជាច្រើនសប្តាហ៍ថា ជប៉ុនមានផែនការចង់វាយប្រហារទីតាំងមួយនៅតំបន់ ប៉ាស៊ីហ្វិក ប៉ុន្តែពុំដឹងកន្លែងច្បាស់តែម្តងឡើយ ដោយគ្រាន់តែបានហៅសម្គាល់ថា «AF»។ ដោយសង្ស័យថា វាគឺជាកោះ Midway អាមេរិក ក៏បានសម្រេចចិត្តបញ្ឆោតជប៉ុន តាមរយៈការផ្សព្វផ្សាយសារទំនាក់ទំនងមួយថា មូលដ្ឋាននៅកោះ Midway បានអស់ទឹកសាបប្រើប្រាស់។ មិនយូរប៉ុន្មានខាងជប៉ុនក៏បានផ្ញើសារពាក់ព័ន្ធនឹង «AF» ដែរ ដូច្នេះហើយអាមេរិកក៏បានដឹងច្បាស់ថា វាជា Midway ប្រាកដមែន។

មិនតែប៉ុណ្ណោះទេ ក្រុមអ្នកបំបែកកូដរបស់អាមេរិកនៅកោះហាវ៉ៃ បានស្មានដឹងទាំងពេលវេលាដែលជប៉ុនគ្រោងវាយប្រហារគឺថ្ងៃទី៤ ឬទី៥ ខែមិថុនា ព្រមទាំងលំដាប់លំដោយការវាយប្រហាររបស់កងទ័ពជើងទឹកជប៉ុនថែមទៀត។ ដោយមានព័ត៌មាននេះនៅក្នុងដៃ លោក Chester W. Nimitz ដែលជាអគ្គមេបញ្ជាការកងទ័ពជើងទឹកអាមេរិក ប្រចាំតំបន់ប៉ាស៊ីហ្វិក ក៏អាចបង្កើតផែនការដើម្បីទប់ទល់គម្រោងឈ្លានពានរបស់ជប៉ុន។

មួយវិញទៀតជប៉ុនបានសន្និដ្ឋានថា នាវាដឹកយន្តហោះចម្បាំង Yorktown របស់អាមេរិក ដែលបានរងការខូចខាតកំឡុងការប្រយុទ្ធគ្នាក្នុង សមរភូមិ Battle of the Coral Sea នោះ នឹងមិនអាចមានវត្តមាននៅ Midway ឡើយ។ តាមពិតវិញនាវាដឹកយន្តហោះចម្បាំងនេះ ត្រូវបានជួសជុលដោយប្រើពេលប៉ុន្មានថ្ងៃប៉ុណ្ណោះ ហើយត្រូវបានចល័តឲ្យទៅចូលរួមជាមួយនាវាអាមេរិកដទៃទៀត ដើម្បីត្រៀមខ្លួនសម្រាប់ការវាយប្រហាររបស់ជប៉ុននៅ Midway។

* ការចាប់ផ្តើមនៃសមរភូមិ Battle of Midway

នៅព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ១៩៤២ ក្រុមយន្តហោះទម្លាក់គ្រាប់បែក B-17 របស់អាមេរិក បានចាកចេញពីកោះ Midway ដើម្បីព្យាយាមធ្វើ ការវាយប្រហារទៅលើកងកម្លាំងឈ្លានពានរបស់ជប៉ុន ដែលដឹកនាំដោយលោក Nobutake Kondo ដោយអាមេរិកយល់ច្រឡំថា កងកម្លាំងនោះជាកម្លាំងធំរបស់ជប៉ុន ប៉ុន្តែទោះជាយ៉ាងណាគឺមិនបានជោគជ័យឡើយ។

ស្របពេលជាមួយគ្នា លោក Chuichi Nagumo ដែលគ្រប់គ្រងនាវាដឹកយន្តហោះចម្បាំងទាំង៤គ្រឿងរបស់ជប៉ុន បានចាប់ផ្តើមជំហានដំបូងនៃការវាយប្រហារតាមការគ្រោងទុក ដោយលោកបានបញ្ជូនយន្តហោះចម្បាំងជប៉ុនសរុប១០៨គ្រឿង ឲ្យទៅវាយឆ្មក់លើ Midway។ ពេលនោះមូលដ្ឋានរបស់អាមេរិកនៅ Midway ក៏បានរងការខូចខាតយ៉ាងដំណំ ប៉ុន្តែប្រព័ន្ធប្រឆាំងយន្តហោះនៅតែដំណើរការដដែល។

ក្រុមអាកាសយានិកជប៉ុនក៏បានប្រាប់លោក Nagumo ថា ការវាយប្រហារតាមផ្លូវអាកាសមួយទៀត ចាំបាច់ត្រូវតែធ្វើឡើងលើមូលដ្ឋានអាមេរិកនៅ Midway។ ប៉ុន្តែភ្លាមៗនោះ ក្រុមយន្តហោះចម្បាំងអាមេរិក ដែលចេញមកពី Midway ក៏បានចាប់ផ្តើមការវាយប្រហារលើក្រុមនាវាដឹកយន្តហោះចម្បាំងរបស់ជប៉ុន ប៉ុន្តែមិនជោគជ័យទេ។

ស្របពេលដែល លោក Nagumo កំពុងបំពាក់អាវុធឲ្យយន្តហោះចម្បាំងជប៉ុន សម្រាប់ការវាយប្រហារជាលើកទីពីរនោះ យន្តហោះឈ្លបការណ៍មួយគ្រឿងរបស់ជប៉ុន ក៏បានប្រទះឃើញនាវាមួយចំនួនរបស់ សហរដ្ឋអាមេរិក រួមមាន Yorktown ផងដែរ នៅភាគខាងកើត Midway។ លោក Nagumo ក៏បានផ្លាស់ប្តូរយុទ្ធសាស្រ្ត ដោយបង្គាប់ឲ្យ យន្តហោះដែលកំពុងនៅបំពាក់អាវុធនោះ ត្រៀមវាយប្រហារទៅលើក្បួននាវារបស់អាមេរិក នៅពេលដែលយន្តហោះជប៉ុនដទៃទៀត ត្រឡប់មកពី Midway វិញ។

ទន្ទឹមគ្នានោះ ក្រុមយន្តហោះទម្លាក់គ្រាប់មីស៊ីលរត់ក្រោមទឹកធុន Devastator ដែលមកពីនាវាដឹកយន្តហោះចម្បាំងអាមេរិក Hornet និង Enterprise ក៏បាន មកដល់ហើយវាយប្រហារទៅលើក្រុមនាវារបស់ជប៉ុន។ ដោយពុំមានយន្តហោះចម្បាំងនៅការពារ យន្តហោះ Devastator របស់អាមេរិក ក៏ត្រូវបានក្រុមយន្តហោះចម្បាំង Zero របស់ជប៉ុនបាញ់ទម្លាក់ខ្ទេចស្ទើរតែគ្មានសល់។

យ៉ាងណាមិញប្រមាណជាមួយម៉ោងក្រោយមក ស្របពេលដែលជប៉ុនកំពុងចាក់សាំង និងបំពាក់អាវុធឲ្យយន្តហោះរបស់ពួកគេឡើងវិញ ក្រុមយន្តហោះទម្លាក់គ្រាប់បែកលក្ខណៈជ្រមុជ (Dive Bomber) ដែលចេញមកពីក្រុមនាវាដឹកយន្តហោះចម្បាំងអាមេរិក ក៏បានវាយប្រហារ ចំនាវាដឹកយន្តហោះចម្បាំងចំនួន៣គ្រឿងរបស់ជប៉ុនគឺ Akagi, Kaga និង Soryu ដោយជោគជ័យ។

ជាការឆ្លើយតប នាវាដឹកយន្តហោះចម្បាំងជប៉ុនដែលនៅសល់តែមួយគ្រឿងប៉ុណ្ណោះគឺ Hiryu ក៏បានបញ្ជូនយន្តហោះខ្លួនពីរជើងឲ្យទៅ វាយប្រហារលើនាវាដឹកយន្តហោះចម្បាំងអាមេរិក Yorktown ហើយក៏ធ្វើឲ្យ Yorktown ត្រូវបោះបង់ចោល ប៉ុន្តែមិនទាន់លិចទេ។ ចំណែកក្រុមយន្តហោះទម្លាក់គ្រាប់បែកបែប Dive Bomber មកពីនាវាដឹកយន្តហោះចម្បាំងអាមេរិកទាំង៣គ្រឿង ក៏បានវាយប្រហារត្រឡប់ទៅលើ នាវាដឹកយន្តហោះចម្បាំង Hiryu វិញ ហើយទីបំផុតនាវាដឹកយន្តហោះចម្បាំងទាំង៤គ្រឿងរបស់ជប៉ុន គឺត្រូវខ្ទេចទាំងអស់។

ការប្រយុទ្ធគ្នាធំៗនៃសមរភូមិ Battle of Midway បានបញ្ចប់ទៅនៅល្ងាចថ្ងៃទី០៤ ខែមិថុនា ដដែល ប៉ុន្តែការប្រយុទ្ធគ្នាបន្តិចបន្តួចបានបន្តដល់ពីរថ្ងៃក្រោយមក ដោយនាវាចម្បាំងធុន Destroyer ឈ្មោះ Hammann និងនាវាដឹកយន្តហោះចម្បាំង Yorktown ត្រូវបាននាវាមុជទឹកជប៉ុនបាញ់ពន្លិច។ នៅថ្ងៃទី០៦ ខែមិថុនា អគ្គមេបញ្ជាការទ័ពជើងទឹកជប៉ុន គឺលោក Yamamoto ក៏បានសម្រេចបញ្ជាឲ្យនាវាជប៉ុនទាំងអស់ដកថយនាំទៅរកការបិទបញ្ចប់ជាផ្លូវការនៃសមរភូមិនេះ។

សរុបមក ក្នុងសមរភូមិ Battle of Midway ខាងជប៉ុនបានបាត់បង់កម្លាំងប្រហែល៣,០០០នាក់ ក្នុងនោះមានទាំងអាកាសយានិកដែលពោរ ពេញដោយបទពិសោធន៍ច្រើនជាង២០០នាក់, យន្តហោះជិត៣០០គ្រឿង, នាវាចម្បាំងធុន Heavy Cruiser មួយគ្រឿងឈ្មោះ Mikuma, នាវាដឹកយន្តហោះ ចម្បាំង៤គ្រឿង ខណៈខាងអាមេរិកបានបាត់បង់នាវាដឹកយន្តហោះចម្បាំង Yorktown និងនាវាចម្បាំង Hammann រួមជាមួយ យន្តហោះខ្ទង់១៤៥គ្រឿង និងកងកម្លាំងប្រមាណ៣៦០នាក់។

* សារសំខាន់នៃជោគជ័យរបស់សហរដ្ឋអាមេរិក នៅក្នុងសមរភូមិ Battle of Midway

ជាមួយការបរាជ័យយ៉ាងអាម៉ាស់ក្នុងសមរភូមិនេះ ជប៉ុនបានបោះបង់ចោលមហិច្ឆតាពង្រីកឥទ្ធិពលនៅប៉ាស៊ីហ្វិក ដោយមិនហ៊ានវាតទីមករកអាមេរិកនៅ ប៉ាស៊ីហ្វិកទៀតឡើយ ចាប់តាំងពីពេលនោះរហូតដល់ចប់សង្រ្គាមលោកទីពីរ។ សមរភូមិនេះក៏បានផ្តល់ឲ្យកងទ័ពអាមេរិក នូវភាពជឿជាក់ខ្ពស់ ហើយធ្វើឲ្យខាងជប៉ុនធ្លាក់ទឹកចិត្តផងដែរ ដែលជាហេតុធ្វើឲ្យរលកសង្រ្គាមនៅប៉ាស៊ីហ្វិក អំណោយផលមកខាងសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្ត៕

ប្រភព៖ វែបសាយ History.com