(ចិន)៖ ក្រោយផ្ដួលរំលំរាជវង្សម៉េង (Ming 1368-1644) បាននៅឆ្នាំ១៦៤៤ រួមមក ជនជាតិម៉ាន់ជូដែលមានដើមកំណើតនៅតំបន់ម៉ាន់ជូរី បានបង្កើតរាជវង្សឆេង (Qing) និងបន្តរជ្ជកាលរហូតមកដល់ឆ្នាំ១៩១២ ពោលគឺបានគ្រប់គ្រងប្រទេសចិនរយៈពេល២៦៨ឆ្នាំ ដោយរជ្ជកាលចុងក្រោយគឺក្នុងរាជ្យព្រះអង្គម្ចាស់ ពូអ៉ី (Puyi) ដែលមានព្រះជន្មត្រឹមតែ៣ព្រះវស្សាតែប៉ុណ្ណោះ។
ដោយព្រះមហាក្សត្រនៅក្មេងវ័យ គ្រប់រាជ្យកិច្ចទាំងឡាយក៏ស្ថិតក្រោមការចាត់ចែងរបស់ម្ចាស់ក្សត្រិយ៍ សឺស្យី (Cixi) ដែលត្រូវជាព្រះមាតារបស់ព្រះរាជា ពូអ៉ី។
នាដង្ហើមចុងក្រោយរបស់រាជវង្សឆេងនេះ ប្រទេសចិនបានជួបនូវវិបត្តិសង្គ្រាមជាមួយចក្រពត្តិជប៉ុន (First Sino-Chinese War) នៅឆ្នាំ១៨៩៤-១៨៩៥។ ក្រោយចាញ់សង្គ្រាមជាមួយកងទ័ពរបស់ព្រះចៅអធិរាជជប៉ុន ម៉ូជី ហ៊ីតុ (Motsu Hito) ខាងលើនេះ រាជការឆេងបានរងនូវភាពអាម៉ាសយ៉ាងខ្លាំង ដោយត្រូវបាត់បង់ទឹកដីកូរ៉េ កោះតៃវ៉ាន់ ម៉ាន់ជូរី និងតំបន់ភាគខាងជើងជាប់នឹងចក្រភពរុស្ស៉ី។
លើសពីនេះទៅទៀត មហាឆេងដ៏ដុនដាបនេះក៏បានរងនូវការកៀបសង្កត់ពីសំណាក់ពួកអឺរ៉ុបយ៉ាងតានតឹងបំផុត រហូតធ្វើឱ្យទឹកដីម៉ាកាវធ្លាក់នៅក្រោមការត្រួតត្រារបស់ចក្រភពព័រទុយកាល់ ចំណែកទឹកដីហុងកុង និងសៀងហៃធ្លាក់នៅក្រោមការត្រួតត្រារបស់ចក្រភពអង់គ្លេស រីឯតំបន់ចាងជាំង (Zhanjiang) ត្រូវធ្លាក់នៅក្រោមការគ្រប់គ្រងរបស់ចក្រភពបារាំង ហើយតំបន់ភាគខាងជើង និងភាគឦសាន ព្រមទាំងទឹកដីម៉ុងហ្គោលទាំងមូល ក៏ត្រូវកងទ័ពចក្រភពរុស្ស៉ីដណ្ដើមកាន់កាប់ទៀតដែរ។
មិនតែប៉ុណ្ណោះ ពួកអឺរ៉ុបក៏បានចូលមកផ្សព្វផ្សាយសាសនាគ្រិស្តនៅលើទឹកដីចិនបានដោយសេរី ហើយតែងតែយកប្រៀបនយោបាយ យោធា ពាណិជ្ជកម្មមកលើប្រទេសចិន ដែលជាហេតុធ្វើឱ្យរាជការឆេងចុះខ្សោយជាលំដាប់ ខណៈប្រជាជនច្រើនទៅៗក៏លែងមានជំនឿលើរាជវង្សពួកម៉ាន់ជូតទៅទៀតដែរ។
ដោយរងនូវការជិះជាន់ កេងប្រវ័ញ្ច ឈ្លានពាន គៀបសង្កត់ពីពួកអាណានិគមជប៉ុនផង និងពួកអឺរ៉ុបផង ហើយរាជការឆេងរបស់ខ្លួនក៏ហាក់ដូចជាមានភាពកំសាកផងនោះ បានបង្ខំឱ្យប្រជាជនចិនងើបឡើងបះបោរប្រឆាំងនឹងពួកអាណានិគម និងធ្វើបដិវត្តន៍ផ្ដួលរំលំរបបរាជានិយមនៅឆ្នាំ១៩១១ ដើម្បីស្ដារមុខមាត់ប្រទេសចិនរបស់ខ្លួនឡើងវិញ ក្នុងនោះចលនាស៉ីនហៃ (Xinhai) ដែលដឹកនាំដោយ ស៊ុន យ៉ាតសេន ក៏បានធ្វើសកម្មភាពយ៉ាងពុះកញ្ជ្រោល។ ជាមួយគ្នានោះ យ័ន ស៊ីខាយ (Yaun Shikai) ដែលជាមេទ័ពផ្ទាល់របស់រាជការឆេង ក៏បានដឹកនាំចលនារាជ្យភង្គផ្ដួលរំលំព្រះមហាក្សត្ររបស់ខ្លួនឯងផងដែរ ដែលចលនានេះមានឈ្មោះថា ចលនាបុកសឺ (Boxer)។
គួរកត់សម្គាល់ថា បដិវត្តន៍ស៉ីនហៃ បានក្លាយជារបត់ថ្មីមួយដ៏សំខាន់នៅក្នុងប្រវត្តិសាស្ត្រចិន ដោយនៅថ្ងៃទី០១ ខែមករា ឆ្នាំ១៩១២ ក្រុមបដិវត្តនេះបានប្រកាសបង្កើតសាធារណរដ្ឋចិនជាផ្លូវការ ដោយមានលោក ស៊ុន យ៉ាតសេន ជាប្រធានាធិបតីដំបូងគេបង្អស់។ ប៉ុន្តែសាធារណរដ្ឋចិននៅមិនទាន់ទទួលបានជោគជ័យ ក្នុងការផ្ដួលរំលំរាជវង្សឆេងទាំងស្រុងនោះឡើយ។
វាមិនមែនជារឿងងាយ ឬចៃដន្យដែលព្រះមហាក្សត្រ ព្រមដាក់រាជ្យនោះឡើយ។ នាដើមឆ្នាំ១៩១២ មេទ័ព យ័ន ស៊ីខាយ បានលើកទ័ពចូលដល់ក្នុងព្រះបរមរាជវាំង ក្រុងប៉េកាំង និងបានបង្ខំឱ្យព្រះមហាក្សត្រ សរសេរព្រះរាជសារដាក់រាជ្យចុះចេញពីរាជ្យបល្ល័ង្កដោយគ្មានលក្ខខណ្ឌ។
នាថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ១៩១២ ទើបរបបរាជានិយមចុងក្រោយនេះត្រូវបានផ្ដួលរំលំជាស្ថាពរ។ មហាឆេងរបស់ជនជាតិម៉ាន់ជូ ដែលបានគ្រប់គ្រងរាជ្យបល្ល័ង្កនៅប្រទេសចិន តាំងពីឆ្នាំ១៦១៦ ក៏ត្រូវបានបិទទំព័របញ្ចប់ជាស្ថាពរផងដែរ៕