(វ៉ាស៊ីនតោន)៖ នៅក្នុងប្រវត្តិសាស្រ្តអាមេរិក ប្រធានាធិបតី៤នាក់ ក្នុងចំណោមប្រធានាធិបតីទាំង៤៥រូប ត្រូវបានគេធ្វើឃាតបានសម្រេច និងជាច្រើនរូបទៀត បានគេចផុតពីការប៉ងធ្វើឃាត។ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ គឺជាប្រធានាធិបតីទី៤៥នៃប្រទេស នេះ។ ខាងក្រោម គឺជាការរៀបរាប់ត្រួសអំពីប្រធានាធិបតីអាមេរិកទាំង៤នាក់ ដែលត្រូវបានគេធ្វើឃាត ពេលកំពុងកាន់អំណាច។
* Abraham Lincoln
លោក Abraham Lincoln គឺជាប្រធានាធិបតីទី១៦ របស់សហរដ្ឋអាមេរិក អំឡុងសម័យសង្រ្គាមស៊ីវិលរវាងសហរដ្ឋអាមេរិកជើង (Union) និងសហរដ្ឋអាមេរិកខាងត្បូង (Confederate) ដែលដឹកនាំដោយឧត្ដមសេនីយ៍ Robert E. Lee។ លោក Abraham Lincoln ត្រូវបានធ្វើឃាត ដោយអ្នកគាំទ្ររដ្ឋាភិបាលសហរដ្ឋអាមេរិកខាងត្បូងម្នាក់ នៅឯរោងល្ខោន Ford’s Theatre ក្នុងរដ្ឋធានីវ៉ាស៊ីនតោនឌីស៊ី តែ៥ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីសហរដ្ឋអាមេរិកខាងត្បូងចុះចាញ់សង្រ្គាម ហើយសង្រ្គាមស៊ីវិល ដែលអូសបន្លាយពេល៤ឆ្នាំ (១៨៦១-១៨៦៥) ត្រូវបានបិទបញ្ចប់។
* James A. Garfield
លោក James A. Garfield ជាប្រធានាធិបតីអាមេរិកទី២០។ នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ១៨៨១ លោកត្រូវបានបុរសម្នាក់បាញ់ប្រហារចំនួន២គ្រាប់ ចំដៃនិងខ្នង ពេលដើរចូលក្នុងស្ថានីយរថភ្លើង Baltimore & Potomac Railroad Station នៅរដ្ឋធានីវ៉ាស៊ីនតោនឌីស៊ី សំដៅធ្វើដំណើរទៅកាន់ រដ្ឋ Massachusetts ដើម្បីថ្លែង សុន្ទរកថានាឱកាសបុណ្យឯកជាតិអាមេរិក។ លោក Garfield ទើបឡើងកាន់អំណាចបានត្រឹមតែ៤ខែ ប៉ុណ្ណោះ។ យ៉ាងណាមិញលោក Garfield មិនទាន់ស្លាប់ភ្លាមៗនៅពេលនោះទេ គឺ២ខែក្រោយការបាញ់ប្រហារ ទើបលោកទទួលមរណភាពដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ ដែលទំនងជាបណ្ដាលមកពីការធ្វេសប្រហែសរបស់គ្រូពេទ្យ ពេលព្យាយាមវះកាត់យកគ្រាប់កាំភ្លើង ចេញពីខ្នងលោក។
* William McKinley
លោក William McKinley ជាប្រធានាធិបតីទី២៥ របស់សហរដ្ឋអាមេរិក។ លោកត្រូវបានគេបាញ់ប្រហារចំពោះចំនួន២គ្រាប់ នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ១៩០១ ពេលចូលរួមក្នុងពិធីតាំងពិព័រណ៍ Pan-American Exposition ក្នុងទីក្រុង Buffalo នៃរដ្ឋ New York។ លោក McKinley បានទទួលមរណភាពដោយសាររងរបួសធ្ងន់ធ្ងរ នៅ៨ថ្ងៃក្រោយមក គឺនៅថ្ងៃទី១៤ ខែកញ្ញា។
* John F. Kennedy
លោក John F. Kennedy ជាប្រធានាធិបតីអាមេរិកទី៣៥ ដែលត្រូវបានគេធ្វើឃាតនៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ១៩៦៣។ លោកត្រូវបានខ្មាន់កាំភ្លើងម្នាក់ បាញ់ប្រហារពេលជិះក្នុងរថយន្ដបើកដំបូងមួយគ្រឿងជាមួយភរិយា និងអភិបាលរដ្ឋតិចសាស់ លោក John Connally ក្នុងទីក្រុង Dallas នៃរដ្ឋ Texas។ រីឯខ្មាន់កាំភ្លើងបានបាញ់ប្រហារចំនួន៣គ្រាប់ ចេញពីបង្អួចនៅជាន់ទី៦ នៃអគារមួយស្ថិតនៅក្បែរនោះ។ គ្រាប់កាំភ្លើង២គ្រាប់ត្រូវចំក្បាលលោក Kennedy ធ្វើឱ្យលោកស្លាប់ភ្លាមៗ និងមួយគ្រាប់ទៀតត្រូវចំលោក Connally ប៉ុន្តែបានរួចរស់ជីវិត៕
ប្រភពវែបសាយ History.com