(បរទេស)៖ អស់រយៈពេលប្រមាណជាមួយសហវត្សរ៍ មនុស្សយើងតែងតែទទួលទានអាហារនៅក្រៅផ្ទះ ដូចជាការទិញអាហារសម្រន់នៅតាមចិញ្ចើមផ្លូវរឺ ឬការឈប់សម្រាកពេលធ្វើដំណើរ នៅឯតៀមអាហារតាមដងវិថីជាដើម។
នៅលោកខាងលិច គំរូភោជនីយដ្ឋានសម័យទំនើបជំនាន់ដំបូងៗ ភាគច្រើនគឺមកពីប្រទេសបារាំង រួមជាមួយបដិវត្តន៍នៃវិជ្ជាធ្វើម្ហូបដែលបាន ចាប់ផ្តើមឡើង នៅក្នុងទីក្រុងប៉ារីស ក្នុងសតវត្សរ៍ទី១៨។ ប៉ុន្តែគំរូដំបូងបង្អស់មួយនៃវប្បធម៌ភោជនីយដ្ឋានពិតប្រាកដនោះ គឺបានចាប់ផ្តើមពីតំបន់ផ្សេងឯណោះទេ កាលពី៦០០ឆ្នាំមុននោះទៅទៀត។
* ដើមកំណើតដំបូងបង្អស់នៃភោជនីយដ្ឋាន
យោងតាមអ្នកស្រាវជ្រាវលោក អ៊ែលលាត ស្ស័រ (Elliott Shore) និងលោកស្រី ខេធី រ៉សុន (Katie Rawson) ដែលជាអ្នកនិពន្ធសៀវភៅប្រភេទរៀបរាប់អំពីប្រវត្តិសាស្ត្រនៃភោជនីយដ្ឋាននៅលើពិភពលោក បានឲ្យដឹងថា កន្លែងដំបូងៗបំផុតដែលអាចមើលស្គាល់បានដោយងាយថាជាភោជនីដ្ឋាន បានលេចឡើងនៅខ្ទង់ឆ្នាំ១១០០ ក្នុងប្រទេសចិន នៅពេលដែលទីក្រុងដូចជាកៃហ្វេង និងហាងចូវមានប្រជាជនរស់នៅយ៉ាងក្រាស់ក្រែល ប្រមាណជាងមួយលាននាក់។
ការធ្វើជំនួញពាណិជ្ជកម្មមានភាពមមាញឹកយ៉ាងខ្លាំង រវាងទីក្រុងនៅប៉ែកខាងជើងនិងខាងត្បូងទាំងនេះ នៃរជ្ជកាលសុងនាសតវត្សរ៍ទី១២។ ភោជនីយដ្ឋាននៅក្នុងទីក្រុងទាំងពីរ គឺត្រូវបានបង្កើតឡើងដើម្បីបម្រើនូវម្ហូបអាហារភាគខាងត្បូង សម្រាប់អ្នកមកពីភាគខាងត្បូង ឬមួយក៏ដើម្បីបម្រើនូវម្ហូបអាហារភាគខាងជើង សម្រាប់អ្នកមកពីភាគខាងជើង។ ភោជនីយដ្ឋានប្រភេទនេះ ត្រូវគេចាត់ទុកថា ជាភោជនីយដ្ឋានដំបូងគេបង្អស់ក្នុងប្រវត្តិសាស្រ្ត។
ភោជនីយដ្ឋានដំបូងទាំងនេះ ស្ថិតនៅក្នុងតំបន់ពោរពេញដោយកន្លែងកំសាន្តផ្សេងជាច្រើន សម្រាប់បំពេញតម្រូវការអ្នកជំនួញមកពីចម្ងាយ មានដូចជា ផ្ទះសំណាក់ តៀមស្រា និងបនល្បែង-ស្រីញី។ យោងតាមឯកសារចិននាសម័យនោះ ជម្រើសភោជនីយដ្ឋានកាលពីទសវត្សរ៍ឆ្នាំ១១២០ គឺមានលក្ខណៈស្រដៀងទៅនឹងតំបន់ទេសចរណ៍នៅតាមទីប្រជុំជន នៃទីក្រុងនាសតវត្សរ៍ទី២១យ៉ាងដូច្នោះ។ បទពិសោធន៍នៃការទទួលទានអាហារ នៅតាមភោជនីយដ្ឋានធំៗនិងប្រណិតៗនាសម័យនោះ គឺមិនសូវខុសពីពេលបច្ចុប្បន្ននោះទេ ហើយមានម្ហូបយ៉ាងសម្បូរបែបឲ្យជ្រើសរើស។
នៅប្រទេសជប៉ុនវិញ វប្បធម៌ភោជនីយដ្ឋានពិសេសប្លែកមួយ ត្រូវបានបង្កើតឡើងទៅតាមប្រពៃណីរបស់ប្រទេសជប៉ុននៅក្នុងទសវត្សរ៍ឆ្នាំ ១៥០០។ លោក សិន ណូរីយុ (Sen no Rikyu) ដែលជាមេចុងភៅជប៉ុនសតវត្សរ៍ទី១៦ បានបង្កើតនូវប្រពៃណីទទួលទានអាហារច្រើនមុខ មានឈ្មោះថា កៃសេគិ (Kaiseki)។ រសជាតិមុខម្ហូបទាំងអស់នៃអាហារ Kaiseki ត្រូវបានរៀបចំឡើងដោយផ្ដោតសំខាន់លើការពិព័ណ៌នាអំទីកន្លែងនិងរដូវកាលណាមួយ។
ទោះបីលោកខាងលិច និងលោកខាងកើត មានទំនាក់ទំនងធ្វើពាណិជ្ជកម្មជាមួយគ្នារាប់សតវត្សរ៍ក៏ដោយ វាពុំមានភស្តុតាងណាមួយដែលអាចបញ្ជាក់បានឡើយ វប្បធម៌ភោជនីយដ្ឋានដំបូងៗទាំងនេះនៅឯប្រទេសចិន និងជប៉ុន បានជះឥទ្ធិពលទៅលើគំនិតនៃការបង្កើតឡើងនូវភោជនីដ្ឋាននៃតំបន់អឺរ៉ុបឬយ៉ាងណានោះទេ។
* វប្បធម៌ទទួលទានអាហារលើតុរួមនៅអឺរ៉ុប
អំឡុងពេលស្របាលគ្នា ដែលចុងភៅជប៉ុនបង្កើតបទពិសោធន៍ទទួលទានអាហារ ដែលឆ្លុះបញ្ចាំងអំពីទីកន្លែងនិងរដូវកាល។ វប្បធម៌ហូបអាហារមួយបានទទួលការពេញនិយមនៅលោកខាងលិច ដែលភាសាបារាំងហៅថា «Table d'hote» ជាការបរិភោគអាហានៅតុរួមជាមួយគ្នា។
អាហារប្រភេទនេះ ត្រូវគេបរិយោគនៅតាមកន្លែងសាធារណៈជាមួយមិត្តភក្តិ ឬអ្នកដទៃ ដែលប្រមូលផ្តុំគ្នានៅតុវែងធំមួយ។ អ្នកស្រាវជ្រាវបានអះអាងថា វាមើលទៅប្រៀបដូចជាភោជនីយដ្ឋាន ប៉ុន្តែតាមពិតមិនមែននោះឡើយ ដោយសារតែហេតុផលជាច្រើន។ មូលហេតុទី១ មានតែម្ហូបមួយមុខប៉ុណ្ណោះ ដែលត្រូវបម្រើជូនភ្ញៀវក្នុងមួយថ្ងៃ ហើយកំណត់ពេលជាក់លាក់ថែមទៀតគឺនៅម៉ោង១រសៀល។ ក្រៅពីនេះ ភ្ញៀវក៏មិនមានជម្រើសម្ហូបឲ្យជ្រើសរើសដែរ គឺខាងចុងភៅជាអ្នកកំណត់។ ក្រោយមក ចាប់ពីសតវត្សរ៍ទី១៥ទៅ ក៏ Table d'hote ក៏ចាប់ផ្តើមមានជម្រើសម្ហូបច្រើនទៅៗ ហើយវប្បធម៌ទទួលទានអាហាររបៀបនេះរបស់ពួកអឺរ៉ុប បានបន្តហួសពីពេលដែលភោជនីយដ្ឋានដំបូង បានចាប់កំណើតឡើងទៅទៀត។
* ភោជនីយដ្ឋានសម័យទំនើប លេចឡើងដំបូងនៅប្រទេសបារាំង
ពាក្យ Restaurant ដែលបច្ចុប្បន្នមានន័យថា «ភោជនីយដ្ឋាន» គឺបានមកពីពាក្យបារាំង «Restaurer» ជាកិរិយាស័ព្ទ ដែលមានន័យថា «ស្ដារខ្លួនឡើងវិញ»។ ភោជនីយដ្ឋានពិតប្រាកដដំបូងនៅប្រទេសបារាំង បានចាប់ផ្តើមបើកទ្វារតាំងតែពីមុនបដិវត្តន៍បារាំងឆ្នាំ១៧៨៩ ក្នុងទម្រង់ជាហាងអាហារសុខភាព ដែលមានលក់ម្ហួបគោលតែមួយមុខគត់គឺ ស៊ុប (Bouillon)។ បារាំងបានហៅស៊ុបនោះថា Bouillon Restaurant ឬ Restorative Broth ដែលមានន័យថា «ស៊ុបប៉ូវសុខភាព»។
ភោជនីយដ្ឋានបារាំងដំបូងបំផុតបានលេចឡើងនៅទសវត្សរ៍ឆ្នាំ១៧៦០-៧០ ចំសម័យដែលពួកអ្នកជំនួញមានៗ នៅទីក្រុងប៉ារីសផ្តោតសំខាន់ទៅលើការហូបអាហារ ដែលមើលទៅមានលក្ខណៈពិសេសជាងអាហារធម្មតាៗ ដែលជនសាមញ្ញក៏អាចហូបបាន ហើយស៊ុបប៉ូវសុខភាពនេះ គឺបានទាក់ទាញពួកគេយ៉ាងផុសផុល។
គួរជម្រាបថា ក្រោយភាពជោគជ័យនៃស៊ុបប៉ូវសុខភាពខាងលើ ក៏បានចាប់ផ្តើមមានមុខម្ហូបដទៃៗទៀត ដែលត្រូវដាក់បញ្ចូលជាជម្រើសមុខម្ហូបបន្ថែម ហើយពេលមកដល់ចុងទសវត្សរ៍ឆ្នាំ១៧៨០ ហាងអាហារសុខភាពទាំងនោះ បានវិវត្តន៍ក្លាយទៅជាភោជនីយដ្ឋានធំៗប្រចាំនៅទីក្រុងប៉ារីសដូចជា Trois Frères និង La Grande Tavene de Londres ជាដើម។ តៗក្រោយមកទៀត វប្បធម៌ភោជនីយដ្ឋានក៏បានបន្តកកើតយ៉ាងរីកសុះសាយទៅដល់អាមេរិក និងតំបន់ដទៃៗទៀត៕
ប្រភពវែបសាយ History.com