(ពិភពលោក)៖ ដូចដែលយើងដឹងហើយថា ពេលនិយាយតាមផ្លូវអាណាចក្រ ទ្រឹស្តីព្រះពុទ្ធសាសនា ត្រូវបានមនុស្សម្នាលើសកលលោក ចាត់ទុកថាជាបិតាទស្សនវិជ្ជា ដ៏មានឥទ្ធិពលមួយអង្គ។ ប៉ុន្តែបើគេនិយាយតាមផ្លូវពុទ្ធចក្រនោះ ទ្រឹស្តីព្រះពុទ្ធ បង្កើតឲ្យមានលទ្ធិសាសនាមួយយ៉ាងធំ ហើយសូម្បីតែកម្ពុជាយើង ក៏យកសាសនាទ្រង់មកចាត់ចូលជាសាសនារបស់រដ្ឋផងដែរ។
ពេលទ្រង់នៅមានព្រះជន្ម តើអ្នកដឹងទេថា ទម្លាប់ប្រចាំថ្ងៃរបស់ព្រះសម្មាសម្ពុទ្ធ ឬពុទ្ធកិច្ច មានប៉ុន្មានយ៉ាង? ចង់ដឹងថា ពុទ្ធកិច្ចមានប៉ុន្មានយ៉ាងនោះ សូមប្រិយមិត្តស្វែងយល់ពីចំណេះដឹងទូទៅរបស់ Fresh News Plus ដូចខាងក្រោមនេះ៖
គម្ពីររបស់ព្រះពុទ្ធសាសនា បានអះអាងថា ពុទ្ធកិច្ចមាន ៥យ៉ាងរួមមាន៖
១៖ បុរេភត្តកិច្ច៖ កិច្ចដែលព្រះពុទ្ធត្រូវបំពេញក្នុងពេលមុនភត្ត គឺតាំងពីពេលអរុណរះទៅ ទល់នឹងពេលថ្ងៃត្រង់ គឺទ្រង់បិណ្ឌបាត។
២៖ បច្ឆាភត្តកិច្ច៖ កិច្ចដែលព្រះពុទ្ធត្រូវបំពេញក្នុងពេលក្រោយភត្ត គឺតាំងពីថ្ងៃត្រង់ទៅទល់នឹងពេលល្ងាចទ្រង់សម្តែងធម៌។
៣៖ បរិមយាមកិច្ច៖ កិច្ចដែលព្រះពុទ្ធត្រូវបំពេញក្នុងយាមខាងដើមនៃរាត្រី គឺតាំងពីពេលព្រលប់ទៅ ទល់នឹងពេលកណ្តាលអធ្រាត្រ ទ្រង់ប្រទានឱវាទដល់ភិក្ខុសង្ឃទាំងឡាយ។
៤៖ មជ្ឈិមយាមកិច្ច៖ កិច្ចដែលព្រះពុទ្ធត្រូវបំពេញក្នុងយាមកណ្តាលរាត្រី គឺពេលកណ្តាលអធ្រាត្រ ទ្រង់ដោះប្រស្នាទេវតា ដែលមកសាកសួរ។
៥៖ បច្ឆិមយាមកិច្ច៖ កិច្ចដែលព្រះពុទ្ធត្រូវបំពេញក្នុងយាមខាងចុងនៃរាត្រី គឺតាំងពីពេលបន្ទាប់កណ្តាលអធ្រាត្រទៅ ទល់នឹងពេលអរុណរះ ទ្រង់ត្រូវមើលសត្វលោក ដែលនឹងអាចសម្រេចធម៌ ដែលគួរព្រះអង្គទៅប្រោស មើលឧបនិស្ស័យសត្វ។
សរុបមក ព្រះសម្មាសម្ពុទ្ធ ជាចម្បងជាងអ្នកប្រាជ្ញ ដោយទ្រង់ជម្រះនូវពុទ្ធកិច្ចទាំងឡាយ ៥ប្រការនេះ គឺក្នុងពេលព្រឹកទ្រង់ទៅបិណ្ឌបាត, ក្នុងពេលល្ងាចទ្រង់សម្តែងធម៌ទេសនា, ក្នុងពេលព្រលប់ទ្រង់ប្រទានឱវាទដល់ពួកភិក្ខុ, ក្នុងពេលអធ្រាត្រទ្រង់ដោះប្រស្នានៃទេវតា, ក្នុងពេលជិតភ្លឺទ្រង់ប្រមើលមើលនូវសត្វលោកដែលគួរត្រាស់ដឹង និងមិនគួរត្រាស់ដឹង៕
ប្រភព៖ សៀវភៅក្តីសង្ឈឹមអ្នកមានគុណ