(អវកាស)៖ អ្នកដែលគិតថាព្រះច័ន្ទមានក្លិនដូចដីធម្មតានោះ គឺខុសស្រឡះទាំងអស់ ពីព្រោះព្រះច័ន្ទនៅលើមេឃមិនមានក្លិនដូចដីធម្មតាឡើយ ដូចនេះហើយទើបបានជា Fresh News Plus ដកស្រង់ចំណុចដ៏សំខាន់នេះមកបង្ហាញជូនប្រិយមិត្តគ្រាន់ជាចំណេះដឹងខ្លីមួយ។
មានមនុស្សត្រឹមតែ១២នាក់ប៉ុណ្ណោះ ដែលធ្លាប់ឡើងទៅឋានព្រះច័ន្ទ ខណៈអ្នកទាំងនោះសុទ្ធតែជាជនជាតិអាមេរិកទាំងអស់ក្នុងប្រតិបត្តិការរបស់អង្គការណាសា (NASA)។ អវកាសយានិកដំបូង គឺលោក ណេល អាមស្ត្រង (Neil Armstrong) និងលោក ប៊ូស អាល់ដ្រីន (Buzz Aldrin) ដែលបានចុះទៅដល់លើផ្ទៃព្រះច័ន្ទនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៦៩ ក្នុងបេសកកម្មអាប៉ូឡូទី១១ (Apollo 11)។ បន្ទាប់មក NASA ក៏បានបញ្ជូនអវកាសយានិកជាបន្តបន្ទាប់ទៀតរហូតដល់បេសកកម្ម Apollo 17 នៅឆ្នាំ១៩៧២។
យើងដឹងហើយថា សម្លៀកបំពាក់របស់អវកាសយានិកត្រូវបានស្លៀកពាក់យ៉ាងជិតឈឹង ជាហេតុធ្វើឱ្យពួកគេមិនអាចហិតដឹងក្លិនរបស់ព្រះច័ន្ទនោះឡើយ។ ប៉ុន្តែមានកម្ទេចធូលីពីឋានព្រះច័ន្ទជាច្រើនដែលបានជាប់មកជាមួយអវកាសយានិក និងយានអវកាស នៅពេលដែលពួកគេត្រលប់មកកាន់ភពផែនដីវិញ។
ក្រុមអ្នកអវកាសទាំងនោះបានរាយការណ៍ថា កម្ទេចធូលីដែលជាប់មកពីឋានព្រះច័ន្ទនោះ មានសភាពដូចជាបន្ទះព្រិល មានក្លិនឈ្ងៀមដូចរំសេវ រីឯរសជាតិវិញនោះក៏មិនអាក្រក់ប៉ុន្មានដែរ។
អង្គការ NASA បានបង្កើតក្រុមការងារមួយដើម្បីត្រួតពិនិត្យលើធាតុផ្សំនៃធូលីឋានព្រះច័ន្ទនេះ ដោយពួកគេបានរកឃើញថា ធូលីទាំងនោះមានសារធាតុផ្សំភាគច្រើនពីកែវស៉ីលីកូនអុកស៉ីត ដែលកើតដោយសារផ្កាយដុះកន្ទុយបុកប៉ះនឹងផ្ទៃព្រះច័ន្ទ។ ក្រៅពីនោះក៏មានសារធាតុរ៉ែផ្សេងៗទៀត ដូចជា ដែក (Fe) កាល់ស្យូម (Ca) និងម៉ាញេស្យូម (Mg) ផងដែរ៕