(បរទេស)៖ នៅក្នុងឆ្នាំ១៨១៥ ភ្នំភ្លើង Tambora បានផ្ទុះឡើងនៅ Sumbawa ដែលជាកោះមួយមានទីតាំងស្ថិត នៅក្នុងប្រទេសឥណ្ឌូនេស៊ីសព្វថ្ងៃនេះ។ ហេតុការណ៍នោះ ត្រូវបានអ្នកប្រវត្តិសាស្រ្តចាត់ទុកជាបន្ទុះភ្នំភ្លើង ដែលសម្លាប់មនុស្សភ្លាមៗច្រើនបំផុត។
ប៉ុន្តែមនុស្សច្រើនជាងនេះទៅទៀត ក៏បានបាត់បង់ជីវិតតាមក្រោយផងដែរ ក្នុងរយៈពេលប៉ុន្មានឆ្នាំបន្ទាប់ ដោយសារតែផលប៉ះពាល់ដោយ ប្រយោលដែលបន្ទុះភ្នំភ្លើងនេះបានបង្កឡើង និងសាយភាយពាសពេញសកលលោក។ អ្វីដែលបានកើតឡើងក្រោយបន្ទុះភ្នំភ្លើង Tambora គឺការប្រែប្រួលនៃអាកាសធាតុ ដោយផែនដីបានចុះត្រជាក់ជាងមុន ហើយប្រព័ន្ធអាកាសធាតុបានផ្លាស់ប្តូរទាំងស្រុង អស់រយៈពេល៣ឆ្នាំ។ ប្រការនេះ បានប៉ះពាល់ដល់ផលដំណាំនៅជុំវិញពិភពលោក ហើយគ្រោះទុរ្ភិក្សក៏បានកើតមានឡើងចាប់តាំងពីអាស៉ី រហូតដល់អឺរ៉ុបនិងសហរដ្ឋអាមេរិក។
ភ្នំភ្លើងនៅក្បែរតំបន់អេក្វាទ័រ អាចបណ្តាលឱ្យមានការផ្លាស់ប្តូរអាកាសធាតុ នៅជុំវិញពិភពលោកទាំងមូល ប្រសិនបើការផ្ទុះរបស់ពួកវា មានថាមពលខ្លាំងគ្រប់គ្រាន់ ដែលអាចបញ្ចេញឧស្ម័នផ្សេងៗទៅក្នុងបរិយាកាសបាន។ ឧស្ម័នទាំងនេះត្រូវជាប់នៅទីនោះដោយសារពួកវា ស្ថិតនៅរយៈកម្ពស់ខ្ពស់ពេក ដែលទឹកភ្លៀងមិនអាចហូរនាំយកទៅក្រោមវិញបាន។ បន្ទាប់មកពួកវាក៏ធ្វើដំណើរតាមខ្សែបន្ទាត់អេក្វាទ័រ ហើយសាយភាយទៅកាន់តំបន់ប៉ូលទាំងពីរ។ តាមរយៈនេះ បរិមាណកម្តៅពីព្រះអាទិត្យ ដែលអាចឆ្លងកាត់បរិយាកាសត្រូវបានកាត់បន្ថយ។
បញ្ហានេះប៉ះពាល់យ៉ាងខ្លាំងទៅលើប្រព័ន្ធអេកូឡូស៊ី ដែលមនុស្សលោកយើងរស់នៅ។ ការថយចុះសីតុណ្ហភាពផែនដី ដែលបង្កឡើងដោយបន្ទុះភ្នំភ្លើង Tambora បានធ្វើឲ្យភ្លៀងលែងសូវធ្លាក់ ហើយដំណាំពុំអាចដាំដុះបានដោយជោគជ័យ ព្រមទាំងមានគ្រោះទុរ្ភិក្សនៅតាមតំបន់ជាច្រើននៃពិភពលោក។
វាជារឿងពិបាកប៉ាន់ស្មានឲ្យច្បាស់ថា មានមនុស្សប៉ុន្មាននាក់ដែលបានស្លាប់ ដោយសារតែគ្រោះអត់ឃ្លាន ប៉ុន្តែចំនួនអ្នកស្លាប់ប្រហែលជាមានយ៉ាងហោចខ្ទង់១លាននាក់ ក្នុងរយៈពេលប៉ុន្មានឆ្នាំក្រោយបន្ទុះភ្នំភ្លើង Tambora។ ប្រសិនបើយើងរាប់បញ្ចូលការស្លាប់ដោយសារការ រាតត្បាតជាសកលនៃជំងឺអាសន្នរោគប្រភេទថ្មីមួយ ដែលបានបង្ករឡើងដោយបន្ទុះភ្នំភ្លើង Tambora ព្រោះតែអាកាសធាតុត្រជាក់ខុសពីធម្មតាថែមទៀតនោះ ចំនួនអ្នកស្លាប់អាចមានរហូតដល់រាប់សិបលាននាក់ឯណោះ។
មានសំណួរថា តើអាចមានហេតុការណ៌បន្ទុះភ្នំភ្លើងផ្សេងតាំងពីយូរណាស់មកហើយ ដែលបានធ្វើឲ្យមានមនុស្សស្លាប់ច្រើនជាងបន្ទុះភ្នំភ្លើង Tambora ដែរឬទេ? ចម្លើយគឺប្រហែលជាអាចមាន ប៉ុន្តែយើងគ្មានផ្លូវអាចដឹងឲ្យច្បាស់ប្រាកដឡើយ។ ហេតុនេះហើយអ្នកប្រវត្តិសាស្រ្ត ក៏បានមូលមតិគ្នាជាទូទៅថា បន្ទុះភ្នំភ្លើង Tambora ជាបន្ទុះភ្នំភ្លើងដែលបង្កឲ្យមានចំនួនមនុស្សស្លាប់ភ្លាមៗច្រើនបំផុត គឺខ្ទង់១សែននាក់។
គួរជម្រាបថា បើតាមអ្នកជំនាញសម្រាប់ពិភពលោកយើងសព្វថ្ងៃនេះ ផលប៉ះពាល់ដោយប្រយោលពីបន្ទុះភ្នំភ្លើង គឺគ្រោះថ្នាក់ធ្ងន់ធ្ងរខ្លាំង ជាងផលប៉ះពាល់ដោយផ្ទាល់របស់វា។ ដោយសារតែការរីកចម្រើននៃបច្ចេកវិទ្យា យើងមានលទ្ធភាពអាចព្យាករណ៍បានត្រឹមត្រូវជាងមុន ថានៅពេលណាដែលភ្នំភ្លើងនឹងអាចផ្ទុះ។ ប្រការនេះអនុញ្ញាតឲ្យមានការជម្លៀសខ្លួនមនុស្ស និងការដាក់ចេញចំណាត់ការសុវត្ថិភាពបាន ទាន់ពេលវេលា៕