(ពិភពលោក)៖ ឲ្យតែពេលនិយាយពីលោក អាល់បឺត អាញស្តាញ (Albert Einstein) គេតែងតែដឹងថា អ្នកប្រាជ្ញម្នាក់នេះ គឺជាបិតាអាវុធនុយក្លេអ៊ែរ ដែលបានយកទៅទម្លាក់នៅទីក្រុងចំនួន២ របស់ប្រទេសជប៉ុន ធ្វើឲ្យប្រទេសនេះស្ទើរក្លាយជាផេះ និងចុះចាញ់សង្គ្រាមដោយគ្មានលក្ខខណ្ឌ កាលពីអំឡុងសង្គ្រាមលោកលើកទី២។
ក្រៅពីចំណុចខាងលើនេះ តើអ្នកបានដឹងអ្វីខ្លះទៀត ពីលោក អាញស្តាញ ដែរឬទេ? មានចំណុចខ្លះទៀត ដែលអ្នកគួរតែដឹង ពីអ្នកប្រាជ្ញរូបនេះ ហើយ Fresh News Plus សូមចែករំលែកចំណេះដឹងទូទៅ ពាក់ព័ន្ធនឹងលោក អាញស្តាញ ដូចខាងក្រោមនេះ។
អ្នកប្រាជ្ញរូបវិទ្យារូបនេះ បានធ្វើអន្តោប្រវេសន៍ទៅកាន់សហរដ្ឋអាមេរិក នៅក្នុងឆ្នាំ១៩៣៣ ហើយក្លាយជាសាស្ត្រាចារ្យបង្រៀនៅសាកលវិទ្យាល័យ Princeton រហូតដល់គាត់ចូលនិវត្តន៍នៅក្នុងឆ្នាំ១៩៤៥។
ទម្លាប់ប្រចាំថ្ងៃរបស់អាញស្តាញ គ្មានអ្វីចម្លែកគួរឲ្យកត់សម្គាល់ទេ គឺរង្វង់ម៉ោង ៩ដល់ម៉ោង ១០ព្រឹក គាត់ហូបអាហារពេលព្រឹក និងពិនិត្យឯកសារ ដែលត្រូវត្រៀមបង្រៀនប្រចាំថ្ងៃ យ៉ាងយកចិត្តទុកដាក់បំផុត។ លុះដល់ម៉ោងប្រហែល ១០៖៣០ព្រឹក គាត់ចេញទៅបង្រៀននៅសាកលវិទ្យាល័យ ខណៈទូររថភ្លើងប្រចាំសាកលវិទ្យាល័យ តែងតែទៅទទួលគាត់ជានិច្ច។
អាញស្តាញ ធ្វើការរហូតដល់ម៉ោង ១រសៀល ហើយត្រឡប់ទៅផ្ទះវិញ នៅម៉ោង ១៖៣០នាទីរសៀល ដើម្បីហូបអាហារពេលថ្ងៃ។ ក្រោយមក គាត់គេងមួយភ្លែត និងហូបតែ ១ពែង។ ការសម្រាកពេលរសៀលរបស់គាត់ គឺចូលចិត្តនៅផ្ទះ បន្តការងារបន្តិចបន្តួច ទទួលភ្ញៀវ និងមើលការងារមួយចំនួន ដែលជំនួយការគាត់រៀបចំឲ្យ។ អាញស្តាញ ហូបអាហារពេលល្ងាច នៅវេលាម៉ោង ៦៖៣០ និងចាប់ផ្តើមធ្វើការងារបន្តទៀត។
អាញស្តាញ រស់នៅដោយភាពសាមញ្ញ ប៉ុន្តែគាត់នៅតែជាមនុស្ស មានឈ្មោះល្បីល្បាញសម្រាប់សាកលវិទ្យាល័យ Princeton។ សូមជម្រាបថា ភាពល្បីល្បាញរបស់អាញស្តាញ មិនមែនកើតឡើងដោយសារតែគាត់ ពូកែខាងវិទ្យាសាស្ត្រទេ ប៉ុន្តែអ្នកប្រាជ្ញរូបនេះ ក៏ល្បីល្បាញដោយសារតែ ឥរិយាបទ និងការរៀបចំខ្លួន ក្នុងភាពគ្មានសណ្តាប់ធ្នាប់របស់គាត់ផងដែរ។
ចំណុចដែលគេមិនសូវដឹងពីគាត់នោះគឺ «អាញស្តាញ ទុកសក់ឡើងវិញ ដោយសារតែគាត់ខ្ជិលទៅហាងកាត់សក់ ហើយគាត់មិនពាក់ស្រោមជើង និងពាក់ខ្សែព្រយុងខោនោះឡើយ ព្រោះគាត់យល់ថា ជារឿងមិនសំខាន់សោះ»។
ការដើរ និងត្រឡប់មកពីធ្វើការ អាញស្តាញ តែងតែត្រូវបានឃ្លាំមើលពីមនុស្សម្នា ដែលរស់នៅក្នុងតំបន់នោះ ព្រោះពួកគេចង់ជួប បិតារូបវិទ្យាដូចរូបគាត់ណាស់។ អ្នកធ្វើការជាមួយគាត់ម្នាក់ ចងចាំថា អាញស្តាញ តែងតែឈរ ឬអង្គុយជជែកលេង ជាមួយនឹងប្រពន្ធ កូន ឬក៏ចៅៗ អ្នកដែលរស់នៅក្នុងតំបន់នោះ ក៏ព្រោះតែពួកគេ ចង់ទទួលបានពាក្យលេងសើច និងគំនិតល្អៗពីគាត់។
ទោះបីជាគេស្គាល់ពេញពិភពលោកថា អាញស្តាញ ជាបិតាអាវុធនុយក្លេអ៊េរ ប៉ុន្តែមានមតិខ្លះថា គាត់មិនមែនជាបិតាអាវុធនុយក្លេអ៊ែរឡើយ ដោយសារហេតុផល ២យ៉ាងរួមមាន៖
១៖ នៅក្នុងទ្រឹស្តីបង្កើតអាវុធនុយក្លេអ៊ែរ ទ្រឹស្តីដ៏សំខាន់បំផុតមួយ គឺប្រព្រឹត្តិកម្មនុយក្លេអ៊ែរ ហើយអ្នកវិទ្យាសាស្ត្រដ៏ល្បីជាងគេ ក្នុងការរកឃើញទ្រឹស្តីនេះ គឺលោក Leo Svilard។
២៖ អាញស្តាញ មិនបានចូលរួមក្នុងការផលិតអាវុធនុយក្លេអ៊ែររបស់អាមេរិកទេ ទាំងក្នុងដំណាក់កាលដែលសិក្សាដោយក្រុមអ្នកវិទ្យាសាស្រ្ត និងគម្រោងម៉ាន់ហាត់ថាន់។ លោកថែមត្រូវ កងទ័ពអាមេរិក មិនអនុញ្ញាតដឹងពីគម្រោងម៉ាន់ហាត់ថាន់ទៀតផង ព្រោះលោកជាប់ឈ្មោះក្នុងបញ្ជីខ្មៅរបស់ FBI ថាជាពួកមកពីអាល្លឺម៉ង់ ដែលប្រឆាំងនឹងអាមេរិក។
ដោយសារតែឥទ្ធិពលរបស់អាវុធនុយក្លេអ៊ែរបង្កវិនាសកម្មយ៉ាងដូច្នេះហើយ ទើបលោក អាញស្តាញ និយាយថា «គាត់មិនដឹងថា តើសង្គ្រាមលោកលើកទី៣ គេប្រើអាវុធអ្វីធ្វើសង្គ្រាមទេ ប៉ុន្តែបើមានសង្គ្រាមលោកលើកទី៤ មនុស្សយើងនឹងច្បាំងគ្នា ដោយប្រើដំបង និងដុំថ្ម តែប៉ុណ្ណោះ»៕