(បរទេស)៖ ឧបទ្ទវហេតុយន្តហោះប៉ះទង្គិចគ្នានៅកណ្តាលផ្ទៃអាកាស ដែលបានឆក់យកជីវិតមនុស្សច្រើនបំផុតលើពិភពលោក គឺបានកើតឡើងរវាងយន្តហោះដឹកអ្នកដំណើរពីរគ្រឿង ដែលមួយគ្រឿងជារបស់អារ៉ាប៊ីសាអូឌីត និងមួយគ្រឿងទៀតជារបស់កាហ្សាក់ស្ថាន នៅលើទីក្រុង Charkhi Dadri ភាគខាងជើងប្រទេសឥណ្ឌា កាលពីឆ្នាំ១៩៩៦។
យន្ដហោះជើងហោះហើរលេខ៧៦៣ របស់អារ៉ាប៊ីសាអូឌីត ដែលជាធុន Boeing 747 មានគោលដៅចេញពីទីក្រុងដេលីរបស់ឥណ្ឌា ឆ្ពោះទៅកាន់ទីក្រុង Dhahran នៅអារ៉ាប៊ីសាអូឌីត ខណៈយន្តហោះជើងហោះហើរលេខ១៩០៧ របស់អាកាសចរណ៍កាហ្សាក់ស្ថាន ដែលជាធុន Ilyushin II-76 មានគោលដៅមកពីទីក្រុង Shymkent នៃប្រទេសកាហ្សាក់ស្ថាន ឆ្ពោះទៅអាកាសយានដ្ឋាន Indira នៅឯទីក្រុងដេលី។
ហេតុការណ៌ប៉ះទង្គិចគ្នា បានកើតឡើងបន្ទាប់ពីយន្ដហោះ Ilyushin ត្រូវបានអនុញ្ញាតឲ្យបន្ទាបខ្លួនមកនៅរយៈកម្ពស់ជាង៤,៥០០ម៉ែត្រ ប៉ុន្តែបានចុះជ្រុលដល់ជាង៤,២០០ម៉ែត្រទៅវិញ ស្របពេលដែលយន្តហោះ Boeing បានហោះឡើងមកកម្ពស់នេះដែរក្នុងទិសដៅផ្ទុយគ្នា។ ទម្រាំតែក្រុមអ្នកគ្រប់គ្រងចរាចរណ៍ផ្លូវអាកាស (ATC) អាចផ្ដល់សញ្ញាព្រមានពីគម្លាតរវាងយន្តហោះទាំងពីរបាននោះ គឺវាហួសពេលបាត់ទៅហើយ។
គួរជម្រាបថា ពេលនោះកន្ទុយចង្កូតរបស់យន្តហោះកាហ្សាក់ស្ថាន បានប៉ះនឹងស្លាបរបស់យន្តហោះអារ៉ាប៊ីសាអូឌីត រួចធ្វើឲ្យយន្តហោះអារ៉ាប៊ីសាអូឌីត មុជក្បាលសំដៅធ្លាក់ចុះទៅក្រោមយ៉ាងលឿន ខណៈយន្តហោះកាហ្សាក់ស្ថានផ្ទាល់ ក៏បានធ្លាក់ឆ្ពោះទៅរកដីដូចគ្នា។ ជាលទ្ធផលមនុស្សទាំង៣១២នាក់នៅលើយន្តហោះ Boeing របស់អារ៉ាប៊ីសាអូឌីត និងមនុស្សទាំង៣៧នាក់នៅលើយន្តហោះ Ilyushin របស់កាហ្សាក់ស្ថាន សុទ្ធតែបានបាត់បង់ជីវិតទាំងអស់៕