(ជប៉ុន)៖ កងទ័ពព្រះចៅអធិរាជកាលពីសម័យអាណានិគមនជប៉ុន ធ្លាប់មានឫទ្ធានុភាពដ៏ខ្លាំងមហិមានៅលើដែនដីអាស៉ី រហូតបំផុសមហិចតារបស់ជនជាតិនេះឱ្យហ៊ានបើកចង្កូមលេបយកពិភពលោកថែមទៀតផង។ តើជប៉ុនរៀបចំផែនការធ្វើអ្វីខ្លះដើម្បីសម្រេចមហិចតារបស់ខ្លួន? ហើយមានឧបសគ្គអ្វីខ្លះដែលធ្វើឱ្យជប៉ុនបរាជ័យក្នុងការលេបយកពិភពលោកនេះ?
* ប្រវត្តិសាស្ត្រ និងមេដឹកនាំជប៉ុនសម័យបុរាណ
ប្រវត្តិសាស្ត្រប្រទេសជប៉ុនបានចាប់ផ្ដើមតាំងពីរាជ្យសម័យ ចូម៉ុង (Jomon) ដែលគ្រប់គ្រងកោះជប៉ុនចាប់ពីកំលុងឆ្នាំ១៤០០០ មុនគ្រិស្តសករាជ និងបន្តមកដល់រាជ្យសម័យ យ៉ាយ៉ូអ៉ិ (Yayoi) ចាប់ពីឆ្នាំ១០០០ មុនគ្រិស្តសករាជ រហូតដល់ឆ្នាំ៣០០ នៃគ្រិស្តសករាជ បន្ទាប់មកគឺរាជ្យសម័យកូហ្វឹន (Kofun) គ្រប់គ្រងប្រទេសចាប់ពីឆ្នាំ៣០០-៥៣៨ នៃគ្រិស្តសករាជ។
ក្រោយពេលរាជវង្សកូហ្វឹនត្រូវបានដួលរលំទៅវិញ ទឹកដីរាងចំណិតលោកខែមួយនេះ ក៏ត្រូវធ្លាក់ក្រោមការគ្រប់គ្រងរបស់រាជវង្ស អាស៊ូកា (Asuka) ចាប់ពីឆ្នាំ៥៣៨-៧១០ និងបន្តមកដល់រាជវង្ស ណារ៉ា (Nara) ចាប់ពីឆ្នាំ៧១០-៧៩៤ និងរាជវង្ស ហេអាន (Heian) ចាប់ពីឆ្នាំ៧៩៤-១១៨៥។
ចុងរជ្ជកាលហេអាននេះ ឥទ្ធិពលរបបរាជានិយមនៅជប៉ុនបានចុះខ្សោយយ៉ាងខ្លាំង ដោយជំនួសមកវិញនូវរបបយោធានិយម កាម៉ាគូរ៉ា (Kamakura) ចាប់ពីឆ្នាំ ១១៨៥-១៣៣៣ រហូតដល់សម័យស្ដាររាជវង្សឡើងវិញដោយព្រះចៅ កេនមុ (Kenmu) ចាប់ពីឆ្នាំ១៣៣៣-១៣៣៦។ ប៉ុន្តែផែនការស្ដាររាជវង្សនេះមិនបានសម្រេចនោះឡើយ ដោយសារនាសម័យនោះ មានការលេចឡើងនូវពួកយោធានិយមផ្សេងទៀត គឺពួកមូរ៉ូម៉ាឈិ (Muromachi) ដែលបានក្ដោបក្ដាប់អំណាចចាប់ពីឆ្នាំ១៣៣៦-១៥៧៣។
ក្រោយមកទៀត នៅលើផែនដីជប៉ុនក៏បានលេចឡើងនូវពួកយោធានិយមមួយថ្មីទៀត គឺពួកអាស៊ូឈិ-ម៉ូម៉ូយ៉ាម៉ា (Azuchi-Momoyama) បានកាន់កាប់អំណាចនៅជប៉ុនចាប់ពីឆ្នាំ១៥៧៣-១៦០៣។
រហូតដល់ឆ្នាំ១៦០៣-១៨៦៨ ប្រទេសជប៉ុនត្រូវបានកាន់កាប់ដោយរបបយោធានិយម អ៉ីដូ (Edo) ជារបបដែលការពារដោយក្រុមអង្គរក្សដាវសាំមូរ៉ៃដ៏ក្លាហាន ដែលត្រូវបានចាត់ទុកថាជាសម័យរុងរឿងមួយក្នុងប្រវត្តិសាស្ត្រជប៉ុន។ ទង់ Rising Sun ដែលកងទ័ពព្រះចៅអធិរាជជប៉ុនប្រើប្រាស់ក្នុងសមរភូមិក្រោយៗមកនោះ គឺត្រូវបានបង្កើតឡើងដំបូងក្នុងសម័យអ៉ីដូនេះឯង។
ក្រោយសម័យនៃក្រុមគុននិយមសាំមូរ៉ៃខាងលើនេះ របបស្ដេចក្រាញ់នៅប្រទេសជប៉ុន ក៏ត្រូវបានកម្ចាត់ចេញស្ទើរតែទាំងស្រុង ដោយជំនួសមកវិញនូវរបបរាជានិយម ក្នុងរាជ្យសម័យ មីអិយិ (Meiji) គឺព្រះចៅអធិរាជ មូជីហ៊ីតុ (Mutsu Hito) ចាប់ពីឆ្នាំ១៨៦៨-១៩២៦ និងបន្តមកដល់រជ្ជកាលព្រះចៅអធិរាជ តៃសុស៍ (Taisho) ចាប់ពីឆ្នាំ១៩១២-១៩២៦។
បន្ទាប់មក ប្រទេសជប៉ុនត្រូវបានបន្តគ្រប់គ្រងដោយព្រះចៅអធិរាជ ស្សូវ៉ាក (Showa) ចាប់ពីឆ្នាំ ១៩២៦-១៩៤៥ ពោលគឺនៅមុនពេលជប៉ុនចាញ់សង្គ្រាមលោកលើកទី២ ប៉ុន្តែក្រោយចាញ់សង្គ្រាមលោកលើកទី២នេះ ព្រះចៅអធិរាជ ស្សូវ៉ាក ដដែលត្រូវបានដកសិទ្ធិអំណាចចេញពីការគ្រប់គ្រងប្រទេស ដោយពេលនោះជប៉ុន ស្ថិតក្នុងសម័យអន្តរកាល (GHQ/SCAP) ចាប់ពីឆ្នាំ១៩៤៥-១៩៨៩។ ក្រោយសម័យអន្តរកាល ប្រទេសជប៉ុនត្រូវបានជំនួសដោយរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ចាប់ពីឆ្នាំ១៩៨៩ រហូតដល់បច្ចុប្បន្ន។
* ជប៉ុនសម័យទំនើប និងទំនាក់ទំនងជាមួយពួកបស្ចិមលោកដំបូង
ក្នុងពេលអឺរ៉ុបមានការរីកចម្រើនផ្នែកនាវាចរណ៍ មានតែពួកហូឡង់ទេដែលបានទៅដល់ទឹកដីជប៉ុនមុនគេ ដោយមានសិទ្ធិចរាចរណ៍លក់ដូរទំនិញនៅកំពង់ផែណាកាសាគិ (Nagasaki)។ ក្រោយមក សហរដ្ឋអាមេរិកបានបង្ខំឱ្យជប៉ុនបើកទ្វារទទួលឥទ្ធិពលពីបរទេស រហូតដល់ឆ្នាំ១៨៥៤ សហរដ្ឋអាមេរិកបានចូលរួមសកម្មភាពជំនួញពាណិជ្ជកម្មនៅតាមកំពង់ផែមួយចំនួនរបស់ប្រទេសជប៉ុន។
ការអនុញ្ញាតឱ្យពួកបរទេសចូលក្នុងប្រទេសដូចនេះ បានបណ្ដាលឱ្យមានចលនាប៉ះទង្គិចគ្នាយ៉ាងខ្លាំងទៅលើពួកយោធានិយមសូហ្គាន់ (Shogun) ដែលគ្រប់គ្រងប្រទេសនាពេលនោះ។ ឆ្លៀតឱកាសដែលពួកសូហ្គាន់ត្រូវបានកម្ចាត់ចោលពីអំណាចគ្រប់គ្រងរដ្ឋ ព្រះចៅមូជីហ៊ីតុ (Mutsu Hito) នៃរាជវង្សមីអិយិ ក៏បានស្ដាររបបរាជានិយមជប៉ុនឡើងវិញ និងបានឡើងសោយរាជ្យសម្បត្តិនៅឆ្នាំ១៨៦៨-១៩១២ ដែលមានអំណាចខ្លាំងក្លា ក្លាយជាព្រះចៅអធិរាជជប៉ុនដ៏មានឥទ្ធិពលបំផុតក្នុងប្រវត្តិសាស្ត្រ។
ចាប់តាំងពីពេលនោះមក ប្រទេសជប៉ុនបានអនុវត្តគោលនយោបាយបើកចំហជើងមេឃ ទទួលឥទ្ធិពលលោកខាងលិចយ៉ាងទូលំទូលាយមិនធ្លាប់មានពីមុនមក។ ជប៉ុនបានបញ្ជូននិស្សិតទៅសិក្សានៅអឺរ៉ុប និងបានប្រមូលធនធានមនុស្សឱ្យចូលរួមអភិវឌ្ឍន៍ប្រទេសជាតិឱ្យរីកចម្រើនឈានឡើង។
ព្រះចៅអធិរាជបានលុបបំបាត់ចោលនូវរបបសក្ដិភូមិហួសសម័យ ដោយបានរៀបចំរបៀបគ្រប់គ្រងប្រទេសតាមបែបអឺរ៉ុប ក្នុងនោះព្រះអង្គបានបញ្ចូលលទ្ធិប្រជាធិបតេយ្យ បង្កើតច្បាប់រដ្ឋធម្មនុញ្ញ ប្រកាសសមភាពដល់ប្រជាជន បញ្ជ្រាបវិស័យសិក្សាធិការដល់កម្រិតបឋមភូមិ រៀបចំពង្រឹងកងទ័ពជើងទឹក-ជើងគោក-អាកាស រៀបចំប្រព័ន្ធតុលាការ-សេដ្ឋកិច្ច-ឧស្សាហកម្ម-ពាណិជ្ជកម្មជាដើម។
ក្នុងរយៈកាលដ៏ខ្លីប៉ុណ្ណោះ ប្រទេសជប៉ុនបានក្លាយទៅជាមហាអំណាច មានការរីកចម្រើនលូតលាស់ទាន់ប្រទេសទាំងឡាយនៅអឺរ៉ុប ដែលកំលុងពេលនោះគេបានប្រសិទ្ធនាមថា «សករាជពន្លឺមីអិយិ» ដែលមានន័យថា សម័យកាលចម្រុងចម្រើន។
* សករាជពន្លឺមីអិយិ នាំកងទ័ពជប៉ុនចេញច្បាំងដណ្ដើមដែនដីអាណានិគម
ក្នុងរជ្ជកាលព្រះចៅអធិរាជ មូជីហ៊ីតុ ជប៉ុនក៏បានអនុវត្តនយោបាយអាណានិគមដូចទៅនឹងមហាអំណាចទាំងឡាយនៅអឺរ៉ុបដែរ ដោយបានបើកឆាកអាណានិគមដំបូងលើទឹកដីមហាឆេង (Qing) នៃប្រទេសចិន នៅឆ្នាំ១៨៩៤ ដើម្បីដណ្ដើមយកប្រទេសកូរ៉េ ដែលកាលណោះស្ថិតក្នុងការត្រួតត្រារបស់ចិន។ ជ័យជម្នះលើកងទ័ពចិនបានធ្វើឱ្យជប៉ុនដណ្ដើមបានកោះតៃវ៉ាន់ពីមហាឆេងទៀតផងដែរ។
នៅឆ្នាំ១៩០៤-១៩០៥ កងទ័ពជប៉ុនរបស់ព្រះចៅអធិរាជ មូជីហ៊ីតុ បានទទួលជ័យជម្នះលើកងទ័ពរុស្ស៉ីនៅលើទឹកដីចិន ដោយយកបានតំបន់លាវទុង កំពង់ផែអាតធួរ និងបានដេញកងទ័ពរុស្ស៉ីឱ្យថយចេញពីតំបន់ម៉ាន់ជូរីថែមទៀត។
ទន្ទឹមនឹងការរីកចម្រើនខាងវិស័យយោធា អាណានិគម ឧស្សាហកម្ម ជប៉ុនក៏បានជួបប្រទះនូវវិបត្តិធំៗមួយចំនួនដែរ នោះគឺកង្វះផលិតផលកសិកម្មសម្រាប់ផ្គត់ផ្គង់តម្រូវការរបស់ប្រជាជនខ្លួន ដែលចេះតែមានកំណើនខ្លាំងឡើងៗ និងកង្វះវត្ថុធាតុដើមសម្រាប់ដំណើរការវិស័យឧស្សាហកម្ម និងផលិតគ្រឿងសព្វាវុធ ដែលកំពុងត្រូវការចាំបាច់នៅសមរភូមិក្រៅប្រទេស។ ចំណែកឯកង្វះទីផ្សារលក់ផលិតផលដ៏ច្រើនសន្ធឹកសន្ធាប់ ក៏ជាបញ្ហាដ៏មុតស្រួចសម្រាប់ប្រទេសជប៉ុនដែរ។
ដីកសិកម្មតូចចង្អៀត កំណើនប្រជាជនច្រើនឥតគណនា បានធ្វើឱ្យប្រជាជនយ៉ាងច្រើនធ្វើអន្តោប្រវេសន៍ទៅតាំងទីលំនៅនៅក្រៅប្រទេស ប៉ុន្តែក្រោយមកប្រទេសឥណ្ឌូនេស៊ី អូស្ត្រាលី សហរដ្ឋអាមេរិក កាណាដាជាដើមនោះ ក៏លែងអនុញ្ញាតឱ្យជនជាតិអាស៊ីនេះតាំងទៅលំនៅក្នុងប្រទេសរបស់ខ្លួនតទៅទៀត។ ម្ល៉ោះហើយ ជប៉ុនក៏បានប្ដូរមកតាំងទីលំនៅនៅប្រទេសចិនជិតខាងខ្លួនវិញ ដែលមានវិសាលភាពធំទូលាយ សម្បូរទៅដោយវត្ថុធាតុដើម ហើយជាទីផ្សារដ៏ធំសម្រាប់សេដ្ឋកិច្ចរបស់ពួកគេ ប៉ុន្តែការវាតទីរបស់ជប៉ុននៅលើប្រទេសចិនបានប៉ះទង្គិចគ្នាជាមួយសហរដ្ឋអាមេរិក ជាហេតុបង្កឱ្យមានទំនាស់រហូតក្លាយជាសង្គ្រាមប្រយុទ្ធគ្នាយ៉ាងចាស់ដៃ។
* ជប៉ុនក្រោយសង្គ្រាមលោកលើកទី២ (១៩៣៩-១៩៤៥)
ប្រទេសជប៉ុនពិតជាមានមហិចតាចង់លេបទ្វីបអាស៊ីទាំងមូល តែបែរជាភ្លាត់ស្នៀតចាញ់សង្គ្រាមជាមួយសហរដ្ឋអាមេរិក ពិសេសជប៉ុនបានរងការទម្លាក់គ្រាប់បែកបរិមាណូនៅទីក្រុងហ៊ីរ៉ូស៊ីម៉ា និងណាកាសាគិ នៅខែសីហា ឆ្នាំ១៩៤៥។ កងទ័ពសហរដ្ឋអាមេរិកបានឡើងច្រាំងប៉ាស៊ីហ្វិក ច្របាច់កជប៉ុនស្ទើរដាច់ដង្ហើម និងដាក់ឱ្យស្ថិតក្រោមសម័យអន្តរកាល ដើម្បីកាច់បំបាក់ធ្មង់មហាអំណាចយោធាអាស៊ីនេះឱ្យក្រាបរាបទាបទៅវិញ។
ទោះជាយ៉ាងនេះក្ដី ប្រទេសជប៉ុនថ្មីក្រោមរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ បានខិតខំកសាងប្រទេសជាតិឱ្យមានការរីកចម្រើនឡើងវិញ រហូតក្លាយជាមហាអំណាចសេដ្ឋកិច្ចទី២ លើពិភពលោកបន្ទាប់ពីសហរដ្ឋអាមេរិក ក្រោយមកក៏ធ្លាក់មកជាមហាអំណាចសេដ្ឋកិច្ចទី៣វិញ។
ថ្វីដ្បិតជាមហាអំណាចសេដ្ឋកិច្ចលើពិភពលោកក៏ពិតមែន ប៉ុន្តែជប៉ុនត្រូវបានគេចាត់ទុកថាជាប្រទេសកន្តឿនយោបាយ និងយោធា ពីព្រោះតែរដ្ឋធម្មនុញ្ញដែលសរសេរដោយសហរដ្ឋអាមេរិកនោះ បានដាក់កំហិតឱ្យជប៉ុនមានត្រឹមតែកងទ័ពស្វ័យការពារតិចតួចក្នុងប្រទេសរបស់ខ្លួនតែប៉ុណ្ណោះ ដែលបានបង្កើតឡើងនៅឆ្នាំ១៩៥៤៕