(បរទេស)៖ រហូតមកទល់ពេលនេះ ធ្លាប់មានមនុស្សជាច្រើននាក់ដែលបានរស់នៅលើផែនដីលើសពី១០០ឆ្នាំ ប៉ុន្តែតើអ្នកដឹងទេថា បុគ្គលដែលត្រូវគេទទួលស្គាល់ជាទូទៅថា ធ្លាប់រស់នៅលើពិភពលោកបានយូរជាងគេបង្អស់ មានអាយុដល់ទៅប៉ុន្មានឆ្នាំ ហើយបច្ចុប្បន្នតើនរណាដែលកំពុងមានវ័យចំណាស់បំផុត។
បើយោងទៅតាមសៀវភៅ Guinness World Records បុគ្គលដែលធ្លាប់មានអាយុវែងជាងគេនៅលើផែនដី គឺលោកយាយ ហ្សាន កាល់ម៉ង់ (Jeanne Calment) ដែលជាជនជាតិបារាំង។ លោកយាយកើតនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ១៨៧៥ និងស្លាប់នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ១៩៩៧។ ពេលស្លាប់លោកយាយ កាល់ម៉ង់ មានអាយុ១២២ឆ្នាំ និង១៦៤ថ្ងៃ ដែលជាវ័យចំណាស់បំផុត ហើយមកទល់ពេលនេះ ពុំទាន់មានអ្នកណាអាចមានអាយុច្រើនជាងលោកយាយនៅឡើយទេ។
គួរជម្រាបថា សម្រាប់បុគ្គលដែលកំពុងមានអាយុច្រើនជាងគេបង្អស់វិញគឺ លោកយាយ តាណាកា កានេ (Tanaka Kane)។ លោកយាយ តាណាកា កើតនៅថ្ងៃទី០២ ខែមករា ឆ្នាំ១៩០៣ ហើយបច្ចុប្បន្នកំពុងរស់នៅក្នុងប្រទេសជប៉ុន។ លោកយាយត្រូវបាន Guinness World Records ទទួលស្គាល់កាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៩។ ពេលនោះលោកយាយ តាណាកា មានអាយុ១១៦ឆ្នាំ និង៦៦ថ្ងៃ រីឯគិតត្រឹមពេលសរសេរអត្ថបទនេះ គឺលោកយាយមានអាយុ១១៧ឆ្នាំ និងជាង២៦០ថ្ងៃ៕