(បរទេស)៖ ទឹកជ្រោះគឺជាទស្សនីយភាពធម្មជាតិដ៏ស្រស់ស្អាតអស្ចារ្យបំផុតនៅលើពិភពលោកនេះ ហើយក្នុងចំណោមទឹកជ្រោះទាំងអស់ ទឹកជ្រោះឈ្មោះថា អ៊ែនជែល ហ្វល (Angel Falls) គឺជាទឹកជ្រោះដែលខ្ពស់ជាងគេបំផុតនៅលើដីគោក ខណៈទឹកជ្រោះក៏អាចកើតមាននៅក្រោមផ្ទៃសមុទ្របានផងដែរ។

ទឹកជ្រោះ Angel Falls ស្ថិតក្នុងឧទ្យានជាតិខាណៃម៉ា (Canaima National Park) នៅរដ្ឋបូលីវ៉ា (Bolivar) ភាគខាងកើតវេណេស៊ុយអេឡា និងមានកម្ពស់៩៧៩ម៉ែត្រ ដែលខ្ពស់ជាងទឹកជ្រោះណាៗទាំងអស់នៅលើដីគោក។ ប៉ុន្តែនៅក្រោមផ្ទៃសមុទ្រវិញ មានទឹកជ្រោះដែលខ្ពស់ ជាងនេះលើសពី៣ដងឯណោះ។

នៅខាងក្រោមច្រកសមុទ្រដាណឺម៉ាក ដែលខណ្ឌចែករវាងកោះគ្រីនលែននិងប្រទេសអីស្លង់ គឺទឹកជ្រោះមួយដែលមានកម្ពស់រហូតដល់៣,៥០៥ម៉ែត្រ គឺខ្ពស់ដាច់ទឹកជ្រោះនានានៅលើផែនដីនេះ មិនថាតែនៅលើដីគោកឬមួយក៏នៅក្រោមសមុទ្រឡើយ។ ទឹកជ្រោះនោះកើតឡើងព្រោះតែការជួបគ្នារវាងសមុទ្រគ្រីនលែននិងសមុទ្រអឺមីងហ្គឺ (Irminger Sea) ដែលទឹកសមុទ្រទាំងពីរនេះមានសីតុណ្ហភាពខុសគ្នា គឺមួយត្រជាក់និងមួយក្តៅ ដោយទឹកដែលត្រជាក់ត្រូវហូរក្រោមទឹកដែលក្តៅ។

គួរជម្រាបថា យ៉ាងណាមិញ ទឹកជ្រោះនៅច្រកសមុទ្រដាណឺម៉ាកលាក់ខ្លួនជ្រៅនៅក្រោមផ្ទៃសមុទ្រឯណោះ ខណៈទឹកជ្រោះ Angel Falls នៅលើដីគោក គឺងាយស្រួលឲ្យភ្ញៀវទេសចរដែលមានបំណងចង់ឃើញវា មានឱកាសទស្សនាផ្ទាល់បាន៕