(ពិភពលោក)៖ នៅលើពិភពលោកនាពេលបច្ចុប្បន្ននេះ គឺបានជ្រើសរើសយកសករាជធំៗចំនួន ៣ សម្រាប់ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ ក្នុងនោះរួមមានពុទ្ធសករាជ គ្រិស្ដសករាជ និងមហាម៉ាត់សករាជ ខណៈសករាជទាំងនេះគឺមានចំណងពាក់ព័ន្ធនឹងព្រឹត្តិការណ៍សាសនាធំៗយ៉ាងជិតស្និទ្ធតាំងបុរាណកាលមក។
ពាក់ព័ន្ធចំណុចនេះដែរ ក៏មានចម្ងល់មួយចំនួនបានចោទសួរថា តើគេរាប់លំដាប់ឆ្នាំនៃសករាជនីមួយៗដោយរបៀបណា ហើយរាប់ចាប់ពីត្រឹមពេលណាមក? ម្យ៉ាងទៀត តើការរាប់លំដាប់ឆ្នាំនៅមុនសករាជទាំងនោះ គេរាប់យ៉ាងដូច្នេះ? ចម្ងល់ទាំងនេះត្រូវបានបកស្រាយដូចខាងក្រោម៖
* អំពីសករាជ និងការចាប់ផ្ដើមរាប់លំដាប់ឆ្នាំ
១៖ ពុទ្ធសករាជ (B.E)
សករាជនេះមានកំណើតនៅចក្រភពឥណ្ឌាបុរាណ ដែលត្រូវបានរាប់ចាប់ពីពេលដែលព្រះពុទ្ធជាម្ចាស់ទ្រង់ចូលបរិនិព្វានបានមួយថ្ងៃ។ ព្រះ សក្យមុនី គោតម ទ្រង់ ចូល បរិនិព្វាន នៅ ថ្ងៃ អង្គារ ១៥ កើត ខែ ពិសាខ ឆ្នាំ ម្សាញ់ ពោលគឺចំថ្ងៃដែលព្រះច័ន្ទរះពេញបូណ៌មី។ ដូច្នេះការរាប់លំដាប់ឆ្នាំនៃពុទ្ធសករាជ គឺរាប់ចាប់ពីថ្ងៃពុធ ១ រោច ខែពិសាខ តរៀងមក។
ថ្វីដ្បិតប្រទេសឥណ្ឌាជាទឹកដីកំណើតនៃពុទ្ធសករាជក៏ពិតមែន ប៉ុន្តែបច្ចុប្បន្នប្រទេសដ៏ធំមួយនេះលែងមានប្រើពុទ្ធសករាជដូចមុនទៀតហើយ គឺគេប្រើតែសករាជនៃសាសនាហិណ្ឌូរបស់គេតែប៉ុណ្ណោះ។ ចំពោះប្រទេសដែលនៅប្រើពុទ្ធសករាជរហូតដល់ពេលបច្ចុប្បន្ននេះ រួមមានប្រទេសកម្ពុជា មីយ៉ាន់ម៉ា សៀម ឡាវ និងស្រីលង្កា។
ប៉ុន្តែការរាប់លំដាប់ឆ្នាំនៃពុទ្ធសករាជនៅប្រទេសសៀម មិនដូចគ្នានឹងប្រទេសដទៃឡើយ ពីព្រោះសៀមបានកំណត់ការរាប់លំដាប់ឆ្នាំនៃពុទ្ធសករាជ គឺចាប់ពីក្រោយពេលដែលព្រះពុទ្ធចូលបរិនិព្វានបានមួយឆ្នាំ ពោលគឺចាប់រាប់ពីថ្ងៃ ១៥ កើត ខែពិសាខ ក្រោយមួយឆ្នាំនៃការចូលបរិនិព្វានរបស់ព្រះពុទ្ធ។ ជាក់ស្ដែងនៅពេលបច្ចុប្បន្ន ប្រទេសកម្ពុជា មីយ៉ាន់ម៉ា ឡាវ និងស្រីលង្កាបានឈានដល់ពុទ្ធសករាជ ២៥៦៤ ហើយ ប៉ុន្តែសៀមគឺរាប់ឆ្នាំពុទ្ធសករាជនៅត្រឹម ២៥៦៣ នៅឡើយ។
២៖ គ្រិស្ដសករាជ (A.D)
សករាជនេះមានទំនាក់ទំនងទាំងស្រុងទៅនឹងព្រឹត្តិការណ៍នៃគ្រិស្ដសាសនា ដែលបច្ចុប្បន្នមានប្រជាជនភាគច្រើនបំផុតនៅលើពិភពលោកគោរពប្រតិបត្តិតាម ដោយពួកគេផ្ដើមរាប់លំដាប់ឆ្នាំនៃគ្រិស្ដសករាជ ចាប់ពីថ្ងៃដែលព្រះយេស៊ូគ្រិស្ដ (Jésus Christ) ប្រសូត្រឡើង ដែលត្រូវនឹងពុទ្ធសករាជ ៥៤៤ ពោលគឺប្រសូត្រក្រោយការចូលបរិនិព្វានរបស់ព្រះពុទ្ធ ៥៤៤ ឆ្នាំ។
តាំងពីថ្ងៃដែលព្រះសាស្ដាយេស៊ូគ្រិស្ដប្រសូត្ររហូតដល់ពេលបច្ចុប្បន្ននេះ គឺមានរយៈពេល ២០២០ ឆ្នាំហើយ មានន័យថា គ្រិស្ដសករាជក៏មានរយៈពេល ២០២០ ឆ្នាំដែរ ដែលត្រូវនឹងពុទ្ធសករាជ ២៥៦៤។ ទីកន្លែងដែលព្រះយេស៊ូគ្រិស្ដប្រសូត្រឡើងនោះ មានទីនៅក្បែររដ្ឋធានីហ្សេរុយសាឡឹមបច្ចុប្បន្ន។
សូមជម្រាបថា នាពេលបច្ចុប្បន្ន គ្រិស្ដ សករាជត្រូវបានប្រើប្រាស់ជាសកលនៅជុំវិញពិភពលោក។ សករាជនៃពួកអឺរ៉ុបនេះបានហូរចូលមកកាន់ប្រទេសកម្ពុជាតាមរយៈពួកព័រទុយកាល់ កាលពីសម័យលង្វែកមកម្ល៉េះ និងចាប់ផ្ដើមប្រើប្រាស់ក្នុងប្រទេសកម្ពុជាកាលពីសម័យអាណានិគមបារាំង។
៣៖ មហាម៉ាត់សករាជ
សករាជរបស់អ៉ីស្លាមសាសនិកមួយនេះ គឺមានទំនាក់ទំនងដ៏ពិសេសបំផុតទៅនឹងព្រឹត្តិការណ៍នៃអ៉ីស្លាមសាសនា។ មហាម៉ាត់សករាជ ត្រូវបានគេរាប់ចាប់ពីពេលដែលព្យាការី មហាំម៉ាត់ និងអ្នកស្មោះស្ម័គ្រមួយចំនួនបានរត់ភៀសខ្លួនចេញពីទីក្រុងម៉ិចកា (Mecca) ឆ្ពោះទៅកាន់ទីក្រុងមេឌីន (Medinia) នាអំលុងគ្រិស្ដសករាជ ៦២២។
ការធ្វើដំណើរពីទីក្រុងម៉ិចកាទៅកាន់ទីក្រុងមេឌីននេះ ត្រូវបានអ្នកកាន់សាសនាអ៉ីស្លាម ហៅថា ហិជ្ជរ៉ស់ (Hijra) និងជាការចាប់ផ្ដើមឆ្នាំទី ១ នៃប្រក្រតិទិនសាសនាអ៉ីស្លាម ឬមហាម៉ាត់សករាជនេះឯង។
សូមជម្រាបថា ទីក្រុងម៉ិចកា និងទីក្រុងមេឌីន ដែលបង្កើតរឿងរ៉ាវរបស់ព្យាការី មហាំម៉ាត់ និងមហាម៉ាត់សករាជខាងលើនោះ គឺស្ថិតនៅប្រទេសអារ៉ាប៊ីសាអូឌីតបច្ចុប្បន្ន។
* តើគេរាប់លំដាប់ឆ្នាំមុនសករាជយ៉ាងដូចម្ដេច?
ជាការពិតណាស់ កាលណាយើងនិយាយពីលំដាប់ឆ្នាំនៃគ្រិស្ដសករាជ ឬពុទ្ធសករាជ គឺមិនពិបាកនោះទេ ប៉ុន្តែនៅពេលនិយាយពីលំដាប់ឆ្នាំមុនគ្រិស្ដសករាជ ឬពុទ្ធសករាជ គឺតែងតែមានអ្នកខ្លះនិយាយត្រឹមត្រូវ ហើយក៏មានអ្នកខ្លះនិយាយខុសដែរ។ ឧទាហរណ៍ បើកាលណាគេនិយាយថា ឆ្នាំ២០២០ នៃគ្រិស្ដសករាជ គឺតែងរំកិលឡើងទៅឆ្នាំ២០២១ នៃគ្រិស្ដសករាជ។ ប៉ុន្តែប្រសិនបើនិយាយថា បន្ទាប់ពីឆ្នាំ២០២០ មុនគ្រិស្ដសករាជ ប្រាកដជាមានអ្នកខ្លះនិយាយថា ឆ្នាំ២០១៩ មុនគ្រិស្ដសករាជ ហើយក៏អ្នកខ្លះនិយាយថា ឆ្នាំ២០២១ មុនគ្រិស្ដសករាជជាមិនខាន។
ត្រង់ចំណុចនេះក៏សូមបញ្ជាក់ដែរថា ថ្វីដ្បិតលំដាប់ឆ្នាំនៃគ្រិស្ដសករាជត្រូវបានរាប់រំកិលឡើងទៅបូកអនន្ត (+∞) ក៏ពិតមែន ប៉ុន្តែចំពោះលំដាប់ឆ្នាំនៅមុនគ្រិស្ដសករាជវិញ គឺមិនដូច្នោះឡើយ គឺយើងត្រូវរាប់លំដាប់លេខពីដកអនន្ត (-∞) រំកិលមករកសូន្យ (០) វិញ ទើបត្រឹមត្រូវ។ ឧទាហរណ៍ បន្ទាប់ពីឆ្នាំ២០២០ មុនគ្រិស្ដសករាជ គឺឆ្នាំ២០១៩ មុនគ្រិស្ដសរាជ៕