(បរទេស)៖ ពាក្យស្លោក «សុវត្ថិភាពជាចម្បង» ឬជាភាសាអង់គ្លេស Safety First គឺប្រហែលយើងធ្លាប់ឮ និងឃើញជារឿយៗហើយ ជាពិសេសនៅតាមការដ្ឋាន។ តើអ្នកមានដឹងទេថា ពាក្យស្លោកនេះ កើតឡើងចេញមកដំបូងកាលពីពេលណា។
ដើមចមនៃពាក្យ «សុវត្ថិភាពជាចម្បង» នេះ គឺចេញមកពីចលនាមួយហៅថា Safety First Movement នៅសហរដ្ឋអាមេរិក ជាយុទ្ធនាការមួយកាលពីសតវត្សរ៍ទី២០ ដែលមានគោលដៅទប់ស្កាត់និងកាត់បន្ថយគ្រោះថ្នាក់ នៅតាមកន្លែងធ្វើការងារ។ វាបានក្លាយជាពាក្យស្លោកប្រើប្រាស់ នៅអាមេរិកចាប់ពីទសវត្សរ៍ឆ្នាំ១៩១០ ហើយក្រោយៗមកទៀត វាក៏បានក្លាយជាពាក្យស្លោក ដែលគេនិយមប្រើពាសពេញពិភពលោក។
នៅពេលនោះ គឺជាសម័យបដិវត្តន៍ឧស្សាហកម្មលើកទីពីរ ដែលតែងមានករណីកម្មករជួបគ្រោះថ្នាក់ជាញឹកញាប់ ដោយមានទាំងស្លាប់ និងរបួស។ នៅឆ្នាំ១៩០៨ រដ្ឋាភិបាលអាមេរិកក៏បានបង្កើតប្រព័ន្ធផ្តល់សំណងមួយ សម្រាប់និយោជិតដែរ ប៉ុន្តែវានៅមានកម្រិត ដែលជាហេតុធ្វើឲ្យរដ្ឋនីមួយៗ ចាប់ផ្តើមធ្វើសកម្មភាពដោយខ្លួនឯង។
នៅឆ្នាំ១៩១០ ញូយ៉កបានក្លាយជារដ្ឋដំបូងគេ ដែលបានអនុម័តច្បាប់ផ្តល់សំណងសម្រាប់និយោជិត។ ច្បាប់នេះបង្កើតមូលនិធិធានារ៉ាប់រងមួយរបស់រដ្ឋ សម្រាប់ជួយបុគ្គលិក-កម្មករទាំងឡាយ ដែលរងរបួសពេលបំពេញការងារ។ នៅត្រឹមទសវត្សរ៍ឆ្នាំ១៩២០ សឹងតែគ្រប់រដ្ឋទាំងអស់នៅសហរដ្ឋអាមេរិក សុទ្ធតែមានច្បាប់នេះ។
ជាការឆ្លើយតប ឧស្សាហកម្មធំៗជាច្រើនបានចាប់ផ្តើមបង្កើតកម្មវិធីសុវត្ថិភាពការងារ ព្រមទាំងផ្លាស់ប្តូរសម្ភារៈ និងកន្លែងធ្វើការងាររបស់ខ្លួន ហើយរឹតបន្តឹងបទបញ្ជាក៏ដូចជាដាក់ចេញគោលការណ៍ផ្សេងៗ ដែលផ្តោតទៅលើការធានាសុវត្ថិភាពនិយោជិតជាចម្បង៕