(ពិភពលោក)៖ របបដឹកនាំតាមបែបលទ្ធិប្រជាធិបតេយ្យ ពិតជាមានការពេញនិយមខ្លាំងណាស់សម្រាប់ប្រទេសជាច្រើននៅជុំវិញពិភពលោក ប៉ុន្តែតើអ្នកដឹងទេថា លទ្ធិប្រជាធិបតេយ្យនេះមានប្រវត្តិដើមដំបូងមកពីណា ហើយលេចឡើងតាំងពីពេលណាមក?
ប្រជាធិបតេយ្យ ឬ Democracy មានប្រភពដើមដំបូងមកពីអារ្យធម៌ក្រិកបុរាណ នាចន្លោះឆ្នាំ ៥០៨-៥០៧ មុនគ្រិស្ដសករាជ ក្រោមកិច្ចខិតខំផ្ដួចផ្ដើមរបស់មេដឹកនាំក្រិកម្នាក់ឈ្មោះ គ្លីអ៉ីសស្ទេនណេស (Cleisthenes) រស់នៅក្នុងរដ្ឋបុរីអាថែន។
ពាក្យប្រជាធិបតេយ្យនេះត្រូវបានផ្សំឡើងពីពាក្យ ២ ឃ្លាក្នុងភាសាដើមរបស់ក្រិក គឺពាក្យឌីម៉ូស (Demos) ប្រែថា ប្រជាជនសាមញ្ញ និងពាក្យក្រាត្យា (Kratia) ប្រែថា អំណាច។
ជនជាតិក្រិកជឿជាក់ថា ដើម្បីឱ្យសង្គមរបស់ពួកគេក្លាយទៅជាសង្គមល្អប្រសើរមួយ ត្រូវតែពឹងផ្អែកទៅលើវិធានច្បាប់ ហើយច្បាប់ទាំងឡាយត្រូវតែតាក់តែងឡើងស្របតាមការរស់នៅរបស់ប្រជាជនជាក់ស្ដែង មិនអាចស្ថិតនៅលើព្រះរាជបញ្ជារបស់ស្ដេចដូចមុនបានឡើយ។ ពួកគេជឿជាក់ទៀតថា សង្គមល្អប្រសើរមួយ ត្រូវតែដឹកនាំតាមគោលការណ៍ដែលប្រកបដោយក្រមសីលធម៌។
នៅក្នុងសង្គមក្រិក វាជារឿងទូទៅដែលប្រជាជនត្រូវប្រមូលផ្ដុំគ្នាពិភាក្សាអំពីគោលនយោបាយ ក៏ដូចជាការរួមគ្នាតាក់តែងច្បាប់ និងធ្វើវិសោធនកម្មច្បាប់។ ប្រការនេះត្រូវបានគេហៅថា ប្រជាធិបតេយ្យ ហើយមានតែបុរសទេដែលអាចឱ្យគេបោះឆ្នោតធ្វើជាតំណាងប្រជាជន ដឹកនាំប្រជាជន និងប្រទេសជាតិបាន។
ដោយសារតែពេលវេលាចេះតែកន្លងផុតទៅរាប់ពាន់ឆ្នាំមកនោះ អត្ថន័យរបស់ពាក្យប្រជាធិបតេយ្យនេះបានប្រែប្រួលបន្ដិចម្ដងៗ ហើយវាបានក្លាយជាទម្រង់នៃរដ្ឋាភិបាលក្នុងប្រទេសជាច្រើននៅជុំវិញពិភពលោក ខណៈបច្ចុប្បន្នសហរដ្ឋអាមេរិកត្រូវបានគេទទួលស្គាល់ថាជាសាធារណរដ្ឋប្រជាធិបតេយ្យល្អជាងគេ ឬហៅម្យ៉ាងទៀតថា «បិតាប្រជាធិបតេយ្យ»៕