(ពិភពលោក)៖ តាំងពីវិទ្យាសាស្ត្រមានការរីកចម្រើនមក មនុស្សបានរកឃើញនូវបច្ចេកវិទ្យាទំនើបៗ និងរបកគំហើយនៅលើផែនដី និងនៅក្នុងចក្រវាឡយ៉ាងច្រើនអនេក ប៉ុន្តែអ្នកដឹងទេថាវិទ្យាសាស្ត្រមានប្រភពដើមមកពីណា និងបង្កើតឡើងដំបូងដោយអ្នកណាខ្លះ?
ប្រវត្តិវិទូជាច្រើនបានផ្ដល់កិត្តិនាមដល់លោក អារីស្តូត (Aristotle 385-322 B.C) ថាជាបិតាវិទ្យាសាស្ត្រដំបូងគេបង្អស់ ប៉ុន្តែក៏នៅមានអ្នកប្រាជ្ញល្បីៗមួយចំនួនទៀត ដែលជាអ្នកចូលរួមអភិវឌ្ឍវិទ្យាសាស្ត្រឱ្យកាន់តែរីកចម្រើន ពិសេសគឺបានច្នៃប្រឌិត និងណែនាំវិទ្យាសាស្ត្រមកកាន់មនុស្សម្នាទូទាំងពិភពលោកយើងនេះផងដែរ។
អ្នកប្រាជ្ញជនជាតិក្រិក លោក អារីស្ដូត បានរៀបរាប់អំពីធម្មជាតិ និងរបៀបនៃដំណើរការរបស់វា មិនដូចការរៀបរាប់អ្នកប្រាជ្ញមុនៗឡើយ។ លោកជាមនុស្សដំបូងគេដែលប្រើប្រាស់ការសង្កេត ដើម្បីរៀបរាប់អំពីពិភពលោកដែលនៅជុំវិញគាត់។ ប្រការនេះហើយដែលជាគ្រឹះដំបូងនៃវិទ្យាសាស្ត្រ។
ទោះបីជាយ៉ាងណាក៏ដោយ ក៏នៅតែមានការជជែកគ្នាត្រង់ចំណុចថា «តើ អារីស្ដូត បានបង្កើតវិទ្យាសាស្ត្រមុនគេមែនឬអត់?» ពីព្រោះដោយសារលោកមិនបានប្រើប្រាស់វិធីសាស្ត្រវិទ្យាសាស្ត្រ ក្នុងការពន្យល់អំពីអ្វីៗដែលបានកើតឡើងនោះ។
មនុស្សជាច្រើនបានស្គាល់លោក រីហ្គ័រ បេកខុន (Roger Bacon 1220-1292) ថាជាអ្នកបង្កើតវិធីសាស្ត្រវិទ្យាសាស្ត្រ ដោយលោកបានបានសង្កត់ធ្ងន់លើការអង្កេត និងការពិសោធ ដើម្បីបញ្ជាក់អំពីសម្មតិកម្ម និងប្រើប្រាស់ទិន្នន័យជាក់ស្ដែងដែលអាចវាស់វែងបាន។
ប្រវត្តិវិទូជាច្រើនក៏បានរកឃើញថា អ្នកប្រាជ្ញមូស្លីម អ៉ីបន៍ អាល់ហាយថាម (Ibn Al-Haytham 965-1040) បានអភិវឌ្ឍគំនិតដូចគ្នាខាងលើនេះតាំងពីប្រមាណ ២៥០ ឆ្នាំមុនពេលលោក រីហ្គ័រ បេកខុន ស្រាវជ្រាវរកឃើញវិធីសាស្ត្រវិទ្យាសាស្ត្រនោះទៅទៀត។ អ៉ីប្រា អាល់ហាយថាម មានកំណើតនៅលើទឹកដីមូស្លីមបុរាណដែលបច្ចុប្បន្នស្ថិតនៅប្រទេសអ៉ីរ៉ាក់។
រហូតមកដល់សម័យអ៉ីនឡាយថិនមិន (Enlightenment Era) នៅទ្វីបអឺរ៉ុបចាប់ពីគ្រិស្ដសករាជ ១៧១៥-១៧៨៩ ទើបមានអ្នកប្រាជ្ញម្នាក់ទៀត គឺលោក ហ្វ្រង់ស៉ីស បេកខុន (Francis Bacon) បានកែច្នៃវិធីសាស្ត្រវិទ្យាសាស្ត្រឱ្យកាន់តែច្បាស់លាស់ និងបានផ្សព្វផ្សាយទៅកាន់ពិភពខាងក្រៅ។ ការរួមចំណែករបស់លោក ហ្វ្រង់ស៉ីស បេកខុន គឺទទួលបានភាពល្បីល្បាញនៅក្នុងគំនិតរបស់អ្នកវិទ្យាសាស្ត្រជំនាន់ក្រោយៗមកទៀត៕