(អ៉ីតាលី)៖ កាលពីសម័យចក្រភពរ៉ូមបុរាណ គ្រោះមហន្តរាយផ្ទុះភ្នំភ្លើងដ៏ខ្លាំងសម្បើមមួយបានសម្លាប់មនុស្សអស់មួយទីក្រុង ខណៈអ្នកខ្លះត្រូវកប់ក្រោមកម្អែលភ្នំភ្លើងស្លាប់យ៉ាងវេទនា រីឯទីក្រុងទាំងមូលត្រូវកប់ក្រោមដីអស់ពេលជិតពីរពាន់ឆ្នាំ ទម្រាំមានមនុស្សជំនាន់ក្រោយជីកកកាយរកឃើញឡើងវិញ។ ទីក្រុងនេះមានឈ្មោះដើមថា ទីក្រុងពុំប៉េអ៉ី (Pompeii)។
ស្ថិតនៅក្បែរជើងភ្នំភ្លើងវេស៊ូវ្យូស (Vesuvius) ទីក្រុងពុំប៉េអ៉ីត្រូវបានកសាងឡើងដំបូងនៅសតវត្សរ៍ទី ៧ មុនគ្រិស្ដសករាជ ដែលកាលណោះវាគ្រាន់ជាស្រុកតូចមួយរបស់ពួកពនេចរចម្រុះជាតិសាសន៍ នៅពេលដែលពួកគេចូលចតសំពៅនៅតាមច្រាំងសមុទ្រមេឌីទែរ៉ាណេ។ នៅពេលទីក្រុងចេះតែមានការរីកចម្រើន ហើយឥទ្ធិពលរបស់ចក្រភពរ៉ូមកាន់តែខ្លាំងក្លាផងនោះ ទីក្រុងបុរាណនេះក៏ត្រូវបានរដ្ឋអំណាចរ៉ូម៉ាំងដាក់ជាដែនដីចំណុះរបស់ខ្លួន និងបន្តមកជាច្រើនជំនាន់។
ជាហេតុអកុសល ទីក្រុងដែលពោរពេញដោយភាពសុខសាន្តមួយនេះ ក៏បានរងការវាយប្រហារដោយបន្ទុះភ្នំភ្លើងវេស៊ូវ្យូស នៅអំលុងគ្រិស្ដសករាជ ៧៩ ធ្វើឱ្យទីក្រុងទាំងមូលគ្របដណ្ដប់ដោយផ្សែងស្រអាប់ពេញមេឃ សូម្បីតែពន្លឺព្រះអាទិត្យក៏មិនអាចចាំងចូលមកបានដែរ ទើបធ្វើឱ្យទីក្រុងទាំងមូលស្ថិតក្នុងសភាពងងឹតសូន្យសុង។
មិនយូរប៉ុន្មាន ភក់ល្បាប់ ធ្យូង ផេះ និងកម្អែលភ្នំភ្លើងបានហូរចូលមកសង្គ្រប់ពីលើទីក្រុងយ៉ាងឆាប់រហ័ស ដែលបានធ្វើឱ្យសំណង់ប្រាសាទ ព្រះវិហារ ភូមិស្រុក ផ្ទះសម្បែងរបស់ប្រជាជនទាំងឡាយរងការខ្ទេចខ្ទីទាំងស្រុង រីឯមនុស្សម្នា និងសត្វពាហនៈក៏ត្រូវកប់បាត់ក្រោមកម្អែលភ្នំភ្លើងនោះ ស្លាប់យ៉ាងវេទនាជាទីបំផុត។
ចាប់តាំងពីពេលនោះមក គ្មានអ្នកណាម្នាក់ហ៊ានទៅរស់នៅ និងគ្មានអ្នកណាដឹងពីទីកន្លែងនេះទៀតឡើយ ខណៈដីកម្អែលភ្នំភ្លើងដែលកប់ពីលើទីក្រុងនោះគឺមានកម្រាស់ចាប់ពី ៤-៦ ម៉ែត្រឯណោះ។
រហូតដល់គ្រិស្ដសករាជ ១៧១៤ ទីក្រុងពុំប៉េអ៉ីនេះក៏ត្រូវបានក្រុមប្រវត្តិវិទូស្រាវជ្រាវរកឃើញឡើងវិញ ដោយពួកគេបានជីកកកាយយកដីដែលកប់ពីលើទាំងនោះចេញ ហើយក៏បានរកឃើញនូវសំណល់ខ្មោចទីក្រុងដ៏ធំមួយដែលសង់ឡើងអំពីថ្មយ៉ាងរឹងមាំ ព្រមទាំងសាកសពមនុស្ស-សត្វដែលស្លាប់កាលពីពេលផ្ទុះភ្នំភ្លើងនោះជាច្រើនអនេក ក្នុងសភាពក្រៀមរឹងសឹងក្លាយជាថ្មអស់ទៅហើយ។
សាកសពទាំងនោះបានបង្ហាញពីការស្លាប់យ៉ាងអាណោចអាធមបំផុតក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ ដូច្នេះហើយទើបក្រុមប្រវត្តិវិទូបានដាក់ឈ្មោះមួយទៀតឱ្យទីក្រុងពុំប៉េអ៉ីនេះថា «ទីក្រុងមរណៈ»។
សូមជម្រាបថា ទីក្រុងពុំប៉េអ៉ីមានផ្ទៃក្រឡា ៦៤-៦៧ ហិកតា ស្ថិតនៅក្បែរសមុទ្រក្នុងសង្កាត់ពុំប៉េអ៉ី ខេត្តណាប៉ូលី (Naples) នៃតំបន់រដ្ឋបាលខាំប៉ាញ៉ា (Campania) ប៉ែកខាងត្បូងប្រទេសអ៉ីតាលីបច្ចុប្បន្ន៕