(សហរដ្ឋអាមេរិក)៖ នៅចន្លោះគ្រិស្ដសករាជ ១៨៦០-១៨៦៥ សហរដ្ឋអាមេរិកបានកើតមានសង្គ្រាមស៉ីវិលដ៏ធំមួយរវាងបណ្ដារដ្ឋភាគខាងជើង និងរដ្ឋភាគខាងត្បូង ក្នុងបំណងពុះបំបែកទឹកដីសហរដ្ឋអាមេរិកជាពីរ ព្រោះតែការខ្វែងគំនិតគ្នាជុំវិញបញ្ហាលុបបំបាត់របបទាសភាព ខណៈសង្គ្រាមនេះត្រូវបានគេហៅឈ្មោះថា «សង្គ្រាមបំបែករដ្ឋ»។
ថ្វីដ្បិតសហរដ្ឋអាមេរិកជារដ្ឋសហព័ន្ធតែមួយ ប៉ុន្តែមានភូមិសាស្ត្រផ្ទុយគ្នារវាងតំបន់ភាគខាងជើង និងភាគខាងត្បូង។ នៅភាគខាងជើងដែលមានរដ្ឋចំនួន ២៣ គឺជាមជ្ឈមណ្ឌលឧស្សាហកម្មដែលសម្បូរទៅដោយរោងចក្រ សហគ្រាស ទីក្រុងធំៗ សាលារៀនចាប់ពីកម្រិតបឋមសិក្សារហូតដល់មហាវិទ្យាល័យ ផ្លូវគមនាគមន៍ខ្វាត់ខ្វែង ប្រជាជនច្រើន ហើយក៏សម្បូរទៅដោយមជ្ឈមណ្ឌលវប្បធម៌ជឿនលឿនផងដែរ។
ចំណែកឯរដ្ឋភាគខាងត្បូងដែលមានរដ្ឋចំនួន ១១ គឺជាតំបន់កសិកម្ម សម្បូរទៅដោយដំណាំពោត និងកប្បាស។ ប្រជាជនមានជីវភាពរស់នៅតាមបែបជនបទ មិនសូវសម្បូរទីក្រុងធំៗនោះឡើយ ហើយថែមទាំងខ្សត់ផ្លូវគមនាគមន៍ទៀតផង។ ម្ចាស់ចម្ការនៅប៉ែកខាងត្បូងពឹងផ្អែកលើកម្លាំងទាសករស្បែកខ្មៅ។ គេប្រើពួកនេះដូចជាសត្វធាតុ ឱ្យធ្វើការទាំងយប់ទាំងថ្ងៃ សឹងតែគ្មានពេលសម្រាកឡើយ។
ចាប់ពីគ្រិស្ដសករាជ ១៨៥០ នៅរដ្ឋប៉ែកខាងជើងមានចលនាប្រឆាំងនឹងរបបទាសភាពនៅប៉ែកខាងត្បូង ប៉ុន្តែរដ្ឋប៉ែកខាងត្បូងមិនព្រមធ្វើតាមសំណើរបស់រដ្ឋខាងជើងឡើយ ដោយខ្លាចបាត់បង់ផលប្រយោជន៍របស់ខ្លួន ខណៈមុខរបររបស់ពួកគេពឹងផ្អែកទាំងស្រុងទៅលើកម្លាំងពលកម្មរបស់ពួកស្បែកខ្មៅ។ ដោយសារសំណើផ្លូវច្បាប់ក្នុងការលុបបំបាត់របបទាសភាពមិនបានជោគជ័យ ទើបនៅគ្រិស្ដសករាជ ១៨៦០ ប្រធានាធិបតីជាប់ឆ្នោតថ្មី លោក អាប្រាហាម លីងខូល (Abraham Lincoln) បានបំផុសចលនាប្រឆាំងនឹងរបបទាសភាពយ៉ាងពុះកញ្ជ្រោល និងឈានដល់ការគាបសង្កត់ឱ្យបណ្ដារដ្ឋភាគខាងត្បូងលុបបំបាត់របបយង់ឃ្នងនេះជាដាច់ខាត។ ការគាបសង្កត់នេះបានជំរុញឱ្យរដ្ឋភាគខាងត្បូងទាំង ១១ បំបែកខ្លួនចេញពីរដ្ឋសហព័ន្ធ ដោយបានបង្កើតរដ្ឋធម្មនុញ្ញមួយរបស់ខ្លួន ដឹកនាំដោយប្រធានាធិបតីថ្មីឈ្មោះ ចេហ្វឺរសុន ដេវីស (Jefferson Davis)។
រដ្ឋប៉ែកខាងត្បូងមានប្រជាជនត្រឹមតែ ៩.៥ លាននាក់ប៉ុណ្ណោះ ក្នុងនោះមានពួកស្បែកខ្មៅរហូតដល់ ៥ លាននាក់។ ចំណែកបណ្ដារដ្ឋខាងជើងមានប្រជាជនដល់ទៅ ២២ លាននាក់ ហើយមានសេដ្ឋកិច្ចរីកចម្រើនខ្លាំងជាងរដ្ឋខាងត្បូង។ ការប្រឆាំងគ្នារវាងបណ្ដារដ្ឋទាំងពីរប៉ែកនេះបានបង្កើតជាសង្គ្រាមស៉ីវិលផ្ទុះឡើងនៅថ្ងៃទី០៦ ខែមេសា គ្រិស្ដសករាជ ១៨៦០។ សង្គ្រាមនេះបានអូសបន្លាយអស់រយៈពេល ៥ ឆ្នាំ ពោលគឺរហូតដល់គ្រិស្ដសករាជ ១៨៦៥ ទើបបណ្ដារដ្ឋខាងត្បូងព្រមចុះចាញ់។
សង្គ្រាមបំបែករដ្ឋនេះបានចំណាយជីវិតមនុស្សចំនួនជាង ៦ លាននាក់ ព្រមទាំងបន្សល់ទុកនូវទីក្រុងដែលខ្ទេចខ្ទាំ ខូចខាតចម្ការដំណាំអស់ជាច្រើនអនេក។ ពួកម្ចាស់ចម្ការធំៗនៅប៉ែកខាងត្បូងត្រូវវិនាសទ្រព្យសម្បត្តិធ្លាក់ខ្លួនក្រីក្រ ហើយទាសករស្បែកខ្មៅត្រូវបានគេដោះលែងឱ្យមានសេរីភាពជាលើកដំបូងក្នុងប្រវត្តិសាស្ត្រជនជាតិរបស់ខ្លួន ប៉ុន្តែជាអកុសល នៅពេលសង្គ្រាមស៉ីវិលត្រូវបានបញ្ចប់ ជីវិតរបស់លោក អាប្រាហាម លីងខូល ដែលជាមេចលនាទាមទារសេរីភាពជូនពួកស្បែកខ្មៅ ក៏បានផុតរលត់ទៅជាមួយផ្សែងសង្គ្រាមនោះផងដែរ៕