(ភ្នំពេញ)៖ ទិវានារីអន្តរជាតិ ឬ International Women’s Day តែងតែប្រារព្ធឡើងនៅថ្ងៃទី០៨ ខែមីនា ជារៀងរាល់ឆ្នាំ ដើម្បីបង្ហាញពីប្រវត្តិដ៏អង់អាចរបស់ស្ត្រីទាំងឡាយជុំវិញពិភពលោក ប៉ុន្តែទម្រាំមានទិវានារីអន្តរជាតិនេះឡើង សោកនាដកម្មច្រើនណាស់បានកើតឡើងលើស្ត្រី។
តើទិវានារីអន្តរជាតិនេះមានប្រវត្តិបែបណា? ហេតុអ្វីចាំបាច់រៀបចំទិវាអន្តរជាតិនេះឡើង? ដូច្នេះ Fresh News Plush សូមលើកយកប្រវតិ្តនៃទិវានេះមកជម្រាបជូនមិត្តអ្នកអានដូចតទៅ៖
កាលពីសម័យក្រិកបុរាណ មានក្រុមកំប្លែងដ៏ល្បីល្បាញមួយឈ្មោះថា លីស៊ីស្ត្រាតា (Lysistrata) បានផ្ដើមគំនិតគាំទ្រឱ្យនារីមានសិទ្ធិចូលរួមក្នុងការចរចាបញ្ចប់សង្គ្រាមធំមួយនៅប្រទេសក្រិក ខណៈដែលពីបុរាណមក សង្គមមិនសូវផ្ដល់សិទ្ធិឱ្យស្ត្រីច្រើនដូចបុរសនោះឡើយ។
គំនិតនៃការទាមទារសិទ្ធិឱ្យនារី បានលេចជារូបរាងឡើងក្នុងសម័យបដិវត្តឧស្សាហកម្ម។ នៅទីក្រុងប៉ារីស ប្រទេសបារាំង ស្ត្រីជាច្រើនបានអំពាវនាវរកសិទ្ធិ សេរីភាព សមភាព និងភាតរភាព ដោយពួកគេបានធ្វើកូដកម្មដើរជាក្បួនឆ្ពោះទៅកាន់ទីក្រុងវែរសៃ (Versailles) ដើម្បីទាមទារសិទ្ធិបោះឆ្នោតសម្រាប់នារីទាំងឡាយ។
នៅចុងសតវត្សទី១៩ វិស័យបច្ចេកវិទ្យាបានរីកចម្រើនយ៉ាងខ្លាំងក្លានៅលើសកលលោក ជាពិសេសនៅសហរដ្ឋអាមេរិក និងបណ្ដាប្រទេសអឺរ៉ុបខាងលិច។ នារី និងកុមារក្រីក្ររាប់លាននាក់ ត្រូវបានទាក់ទាញឱ្យចូលធ្វើការនៅក្នុងរោងចក្រ-សហគ្រាសឯកជននានា។ ពួកម្ចាស់រោងចក្រ-សហគ្រាសមួយចំនួនមានគំនិតលោភលន់ កេងប្រវ័ញ្ចមិនស្កប់ស្កល់លើកម្លាំងរបស់ស្ត្រី កុមារ និងកម្មករដទៃទៀត ដោយពួកនាយទុនទាំងនោះបានបង្ខំឱ្យកម្មកររបស់ខ្លួនធ្វើការជាទម្ងន់ ពោលគឺក្នុងមួយថ្ងៃធ្វើការចាប់ពី ១២-១៦ ម៉ោង ហើយផ្ដល់ប្រាក់បៀវត្សតិចតួចបំផុត ដោយមិនគិតពីសុខភាពរបស់កម្មករឡើយ ជាហេតុធ្វើឱ្យនារី និងកុមារទាំងនោះត្រូវរស់នៅក្នុងជីវភាពដុនដាបលំបាកវេទនា។
ដោយមិនអាចទ្រាំនឹងការឈឺចាប់ចំពោះអំពើកៀបសង្កត់នេះតទៅទៀតបាន ទើបនៅថ្ងៃទី០៨ ខែមីនា ឆ្នាំ១៨៩៩ កម្មការិនីផ្នែកតម្បាញ និងកាត់ដេរនៅទីក្រុងឈីកាហ្គោ (Chicago) និងញូវយ៉ក សហរដ្ឋអាមេរិក បានឯកភាពគ្នាក្រោកឡើងតស៊ូយ៉ាងប្ដូរផ្ដាច់ ទាមទារឱ្យពួកថៅកែកាត់បន្ថយម៉ោងធ្វើការ និងដំឡើងប្រាក់បៀវត្សរ៍។ ប៉ុន្តែជាអកុសល កម្មការិនីទាំងនោះត្រូវគេកៀបសង្កត់កាន់តែខ្លាំងឡើង ហើយត្រូវគេចាប់ចងធ្វើទារុណកម្ម និងបណ្ដេញចេញពីរោងចក្រថែមទៀតផង។
ទោះបីជាទទួលរងនូវការឈឺចាប់ និងគ្រោះថ្នាក់យ៉ាងនេះក្ដី ក៏កម្មការិនីទាំងនោះនៅតែសាមគ្គីគ្នាយ៉ាងជិតស្និទ្ធ បន្តការតស៊ូងើបតវ៉ាប្រឆាំងជាសាធារណៈម្ដងហើយម្ដងទៀត ដើម្បីបង្ខំឱ្យពួកម្ចាស់រោងចក្រ-សហគ្រាសត្រូវតែទទួលយល់ស្របតាមសំណើរបស់កម្មការិនី។ ដំណើរតស៊ូរបស់កម្មការិនីនៅសហរដ្ឋអាមេរិកនេះ បានជះឥទ្ធពលយ៉ាងខ្លាំងក្លាដល់នារីពលករលើសកលលោកទាំងមូល។
ភាពល្បីល្បាញនៃចលនាតស៊ូរបស់នារីនៅសហរដ្ឋអាមេរិកនេះ បានសុះសាយខ្ទរខ្ទាដល់នារីពលករនៅប្រទេសអាឡឺម៉ង់ ដែលជាប្រទេសឧស្សាហកម្មធំមួយនាសម័យនោះ។ ប្រទេសអាឡឺម៉ង់ក្នុងពេលនោះ បានលេចឡើងនូវយុវនារី ៣ រូបដ៏ល្បីល្បាញ ដែលបានចូលរួមគ្នាយ៉ាងជិតស្និទ្ធជាមួយអ្នកស្រី ណាដឺស្ដា គ្រួបស្កាយ៉ា (Nadezhda Krupskaya ជាភរិយារបស់លោក ឡេនីន) ដែលបានចូលរួមបង្កើតគណៈលេខាអន្តរជាតិដើម្បីដឹកនាំចលនានារី។
ខាងក្រោមនេះ ជាប្រវត្តិសង្ខេបនៃព្រឹត្តិការណ៍នានាដែលនាំឱ្យកើតមានទិវានារីអន្តរជាតិ៖
* ឆ្នាំ១៩០៩
នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ១៩០៩ ទិវានារីជាតិលើកទីមួយ ត្រូវបានប្រារព្ធឡើងនៅទូទាំងសហរដ្ឋអាមេរិក ពិសេសគឺនៅទីក្រុងញូវយ៉ក ដែលរៀបចំដោយគណបក្សសង្គមនិយមអាមេរិក ដើម្បីរំលឹកដល់ការងើបតវ៉ា របស់ សហគមន៍ កម្មករ កាត់ដេរស្ត្រីអន្តរជាតិ (International Ladies' Garment Workers' Union) ប្រឆាំងទៅនឹងលក្ខខណ្ឌការងារនៅសហរដ្ឋអាមេរិក ដែលកាលណោះ មានការកៀបសង្កត់ខ្លាំងលើកម្មករជាស្ត្រី។
* ឆ្នាំ១៩១០
នៅឆ្នាំ១៩១០ សមាគមសង្គមនិយមអន្តរជាតិ បានប្រជុំនៅក្នុងទីក្រុងខូផេនញ៉ាហ្គេន (Copenhagen) នៃប្រទេសដាណឺម៉ាក់ ដើម្បី ប្រារព្ធទិវានារីអន្តរជាតិ ក្នុងគោលដៅរំលឹកដល់ចលនាទាមទារសិទ្ធិចូលរួមបោះឆ្នោត និងសកម្មភាពផ្សេងៗ។ កិច្ចប្រជុំនេះមានការចូលរួមពីសំណាក់ប្រតិភូជាស្ត្រីចំនួន ១០០ នាក់ តំណាងឱ្យ ១៧ ប្រទេស ប៉ុន្តែនៅក្នុងពេលនោះ មិនទាន់មានការជ្រើសរើសកាលបរិច្ឆេទជាក់លាក់សម្រាប់ ការប្រារព្ធទិវានេះនៅឡើយ។
* ឆ្នាំ១៩១១
យោងតាមលទ្ធផលនៃកិច្ចពិភាក្សានៅទីក្រុងខូផេនញ៉ាហ្គេន កាលពីឆ្នាំ១៩១០នោះ ទិវានារីអន្តរជាតិ ក៏ត្រូវបានប្រារព្ធពិធីអបអរសាទរជាលើកដំបូងនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ១៩១១ នៅក្នុងប្រទេសមួយចំនួន ដូចជា ប្រទេសអូទ្រីស ដាណឺម៉ាក អាល្លឺម៉ង់ និងប្រទេសស្វីសជាដើម ដែលមានប្រជាជនទាំងនារី និងបុរសប្រមាណជាង ១ លាននាក់ចូលរួមផងដែរ។ នៅក្នុងការប្រារព្ធទិវានារីអន្តរជាតិនេះ ប្រជាជនបានទាមទារសិទ្ធិក្នុងការបោះឆ្នោត សិទ្ធិបម្រើការងារក្នុងវិស័យសាធារណៈ សិទ្ធិទទួលការបណ្ដុះបណ្ដាល ពិសេសគឺទាមទារឱ្យបញ្ចប់ការរើសអើងចំពោះស្ត្រីក្នុងវិស័យការងារ។
ជិតមួយសប្ដាហ៍ក្រោយមក ពោលគឺនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ១៩១១ ដដែល សោកនាដកម្មដ៏ខ្លោចផ្សាក៏បានកើតឡើង ដែលបណ្ដាលមកពីអគ្គិភ័យឆាបឆេះរោងចក្រត្រីកោណផលិតអាវម៉ាដាំ នៅទីក្រុងញូវយ៉ក ដោយបានផ្ដាច់អាយុជីវិតនារីបម្រើការរោងចក្រនោះអស់ជាង ១៤០ នាក់ ភាគច្រើនជានារីអន្តោប្រវេសន៍ទៅពីប្រទេសអ៉ីតាលី និងជនជាតិជ្វីប។ ហេតុការណ៍គ្រោះថ្នាក់នេះ មានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើច្បាប់ការងារនៅសហរដ្ឋអាមេរិក ហើយលក្ខខណ្ឌការងារដែលនាំឲ្យមានគ្រោះមហន្តរាយនេះ ត្រូវបានគេស្មិងស្មាធិ៍រំលឹកអធិស្ឋានក្នុងអំឡុងពិធីបុណ្យជាបន្តបន្ទាប់ ដើម្បីរំលឹកដល់ទិវានារីអន្តរជាតិ។
* ឆ្នាំ១៩១៣-១៩១៤
ទិវានារីអន្តរជាតិ បានក្លាយជាឧបករណ៍សម្រាប់ ធ្វើបាតុកម្ម ដើម្បីបញ្ចប់សង្គ្រាមលោកលើកទីមួយ។ ស្ត្រីនៅប្រទេសរុស្ស៉ី បានប្រារព្ធទិវា នារីអន្តរជាតិ នេះចំថ្ងៃអាទិត្យចុងខែកុម្ភៈ។ ចំណែកនៅទ្វីបអឺរ៉ុបវិញ ទិវានេះត្រូវបានធ្វើឡើងក្នុងកាលបរិច្ឆេទផ្សេងៗគ្នា ប្រទេសខ្លះធ្វើនៅមុន ឬក្រោយថ្ងៃទី០៨ ខែមីនា រីឯប្រទេសភាគច្រើនទៀតធ្វើចំថ្ងៃទី០៨ ខែមីនា ចាប់ពីឆ្នាំ១៩១៣-១៩១៤ ដោយក្នុងថ្ងៃនោះក្រុមស្ត្រីក៏បានធ្វើបាតុកម្ម ប្រឆាំងសង្គ្រាម និងឧក្រិដ្ឋកម្មផ្សេងៗ។
* ឆ្នាំ១៩១៧
កម្លាំងយោធារុស្សីជាស្ត្រីប្រមាណ ២ លាននាក់ បានជ្រើសរើសយកថ្ងៃអាទិត្យចុងក្រោយនៃខែកុម្ភៈ ធ្វើកូដកម្មទាមទារចំណីអាហារហូបចុក និងសន្តិភាព។ មេដឹកនាំនយោបាយរុស្ស៉ីបានជំទាស់នឹងការកំណត់ពេលធ្វើកូដកម្មនេះ ប៉ុន្តែទោះជាយ៉ាងណាក្ដី ក៏យោធានារីទាំងនោះនៅតែជម្នះធ្វើកូដកម្មបានដដែល។
បួនថ្ងៃក្រោយមក ស្ដេចត្សាររុស្សីត្រូវបង្ខំឲ្យដាក់រាជ្យ ហើយរដ្ឋាភិបាលបណ្ដោះអាសន្នក៏បានផ្ដល់សិទ្ធិឱ្យស្ត្រីអាចចូលរួមបោះឆ្នោតបាន។ ថ្ងៃអាទិត្យប្រកបដោយអត្ថន័យសំខាន់ ជាប្រវត្តិសាស្ត្រនោះបានប្រព្រឹត្តឡើងចំថ្ងៃទី២៣ ខែកុម្ភៈ តាមប្រតិទិន Julian ដែលកាលណោះត្រូវបានគេប្រើប្រាស់ក្នុងប្រទេសរុស្ស៉ី ប៉ុន្តែបើប្រៀបធៀបជាមួយប្រតិទិន Gregorian ដែលប្រើប្រាស់សព្វថ្ងៃ គឺចំថ្ងៃទី០៨ ខែមីនានេះឯង។
* ឆ្នាំ១៩៧៥
នៅឆ្នាំ១៩៧៥ អង្គការសហប្រជាជាតិបានរៀបចំសន្និសីទពិភពលោករបស់នារីលើកទី១ នៅទីក្រុងម៉ិចស៉ិចកូ ប្រទេសម៉ិចស៉ិក ក្រោមប្រធានបទ «សមភាព វឌ្ឍនភាព និងសន្តិភាព»។ ផែនការសកម្មភាពដែលបានសម្រេចនៅពេលនោះ គេបានអំពាវនាវឱ្យមានការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងនារីភេទ។ នៅខែតុលា ឆ្នាំ១៩៧៥ ដដែលនោះ អង្គការសហប្រជាជាតិបានប្រកាសថា ការប្រារព្ធពិធី អបអរសាទរ ទិវានារីអន្តរជាតិ ត្រូវធ្វើនៅថ្ងៃទី០៨ ខែមីនា រៀងរាល់ឆ្នាំ។
* ឆ្នាំ១៩៨០
សន្និសីទពិភពលោករបស់នារីលើកទី២ បានធ្វើឡើងនៅទីក្រុងខូផេនញ៉ាហ្គេន ប្រទេសដាណឺម៉ាក នាឆ្នាំ១៩៨០ ដើម្បីពិនិត្យមើលការរីកចម្រើន និងការអនុវត្តផែនការសកម្មភាពដែលកំណត់កាលពីសន្និសីទលើកទី១ និងគ្រោងទុកនូវខ្សែលើកយកមកពិភាក្សា គឺការអប់រំការងារ និងសុខភាព។
* ឆ្នាំ១៩៨៥
នៅឆ្នាំ១៩៨៥ អង្គការសហប្រជាជាតិបានរៀបចំសន្និសីទពិភពលោករបស់នារីលើកទី៣ នៅទីក្រុងណៃរ៉ូប៊ី (Nairobi) ប្រទេសកេនយ៉ា (Kenya)។
* ឆ្នាំ១៩៩៥
នាថ្ងៃទី០៤-១៥ ខែកញ្ញា ឆ្នាំ១៩៩៥ អង្គការសហប្រជាជាតិបានរៀបចំសន្និសីទនារីពិភពលោកលើកទី៤ នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។ ប្រធានបទជាគោលក្នុងសន្និសីទនេះ គឺសមភាព វឌ្ឍនភាព និងសន្តិភាព និងបានបន្ថែមក្នុងកិច្ចពិភាក្សាលើកង្វល់ចំនួន ១២ ចំណុច រួមមាន៖ ភាពក្រីក្រ ការអប់រំ អំពើហិង្សា ផលវិបាកនៃជម្លោះ អាវុធ នារីក្នុងរចនាសម្ព័ន្ធនយោបាយនិងសេដ្ឋកិច្ច តួនាទីនារីក្នុងការធ្វើសេចក្ដីសម្រេចចិត្ត យន្តការលើកកម្ពស់ការរីកចម្រើនរបស់នារី សិទ្ធិនារីលើប្រព័ន្ធផ្សព្វផ្សាយ បរិស្ថាន និងបញ្ហាកុមារី។
បើយើងប្រៀបធៀបប្រវត្តិនៃទិវាអន្តរជាតិនារី ៨ មីនា ទៅនឹងកំណើតនៃអង្គការសហប្រជាជាតិ ឃើញថា ទិវានារីអន្តរជាតិមានកំណើតមុនអង្គការសហប្រជាជាតិ និងទិវាសិទ្ធិមនុស្សទៅទៀត ខណៈទិវានារីអន្តរជាតិបង្កើតឡើងនៅឆ្នាំ១៩១១ អង្គការសហប្រជាជាតិបង្កើតឡើងនៅឆ្នាំ១៩៤៥ ចំណែកទិវាសិទ្ធិមនុស្សបង្កើតឡើងនៅឆ្នាំ១៩៤៨។
សូមជម្រាបថា ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១១០ ឆ្នាំ២០២១នេះ ទិវានារីអន្តរជាតិត្រូវបានប្រារព្ធឡើងក្រោមប្រធានបទ «ស្ត្រី និងការអភិវឌ្ឍក្នុងបរិការណ៍កូវីដ១៩»៕