(ពិភពលោក)៖ នៅក្នុងប្រវត្តិសាស្ត្រមនុស្សជាតិយើងនេះ បានកើតមាននូវជំងឺកាចសាហាវជាច្រើនដែលបានផ្ដាច់ជីវិតមនុស្សអស់ជាច្រើនអនេក តួយ៉ាងដូចជាជំងឺកូវីដ១៩ ដែលកំពុងកើតឡើងនាពេលបច្ចុប្បន្ននេះជាដើម។

ដើម្បីជាការស្វែងយល់បន្ថែមអំពីជំងឺកាចសាហាវជាងគេលើពិភពលោក Fresh News Plus សូមលើកយកអំពីប្រភេទជំងឺចំនួន ៨ រួមទាំងប្រវត្តិរបស់វា មកបង្ហាញជូនទស្សនិកជនដូចតទៅ៖

* ជំងឺអេបូឡា 
បើតាមអង្គការសុខភាពពិភពលោក ជំងឺអេបូឡា (Ebola) មានប្រភពដើមមកពីសត្វជ្រឹង។ រីឯសត្វដទៃទៀតដែលអាចមានផ្ទុកវីរុសនេះ និងចម្លងទៅមនុស្សផងនោះ មានដូចជាសត្វស្វាអម្បូរ Chimpanzees សត្វស្វា Gorillas ព្រមទាំងសត្វកាំប្រមា Porcupines។ ការចម្លងវីរុសអេបូឡា កើតឡើងតាមរយៈការប៉ះពាល់ដោយផ្ទាល់ជាមួយឈាម ឬសារធាតុរាវនៅក្នុងរាងកាយមនុស្ស ឬសត្វដែលឈឺ ឬស្លាប់ដោយសារជំងឺនេះ។

វីរុសអេបូឡាផ្ទុះឡើងតែតាំងពីឆ្នាំ១៩៧៦ នៅទ្វីបអាហ្រ្វិក ហើយគិតមកទល់សព្វថ្ងៃ វីរុសនេះបានសម្លាប់មនុស្សច្រើនជាង ១១,០០០ នាក់ហើយ។

* ជំងឺអេដស
ជំងឺអេដសបង្កពីវីរុសហ៉ីវ (HIV) ដែលជាវីរុសបំផ្លាញប្រព័ន្ធភាពស៉ាំរបស់មនុស្ស។ វាត្រូវបានគេរកឃើញថាបានចម្លងទៅមនុស្ស ដោយចេញពីសត្វស្វាអម្បូរ Chimpanzee នៅក្នុងតំបន់អាហ្វ្រិកកណ្ដាល។ វីរុសហ៉ីវចម្លងទៅកោសិកានៃប្រព័ន្ធភាពស៉ាំរបស់មនុស្ស។ ជំងឺអេដស៍នៅតែបន្តឆក់យកជីវិតមនុស្សមកទល់បច្ចុប្បន្ន ហើយបើតាមអង្គការសុខភាពពិភពលោក គិតត្រឹមចុងឆ្នាំ២០១៨ មនុស្សច្រើនជាង ៣២ លាននាក់នៅទូទាំងពិភពលោកបានស្លាប់កាលពីឆ្នាំ២០១៩ ចំណែកឯមនុស្សប្រមាណ ៣៧.៩ លាននាក់ទៀត កំពុងរស់នៅជាមួយជំងឺអេដស៍នេះ។ វីរុសមួយនេះអាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត តាមរយៈការរួមភេទ ឬក៏ឈាមរបស់អ្នកមានផ្ទុកមេរោគ។

* ជំងឺប៉េស្ដ
ជំងឺប៉េស្ដ (Plague) បានផ្ដាច់ជីវិតមនុស្សអស់ប្រមាណ ២៥ លាននាក់ ដោយចាប់ផ្ដើមដំបូងពីប្រទេសចិន និងបន្តឆ្លងដល់ទ្វីបអឺរ៉ុប ចាប់ពីឆ្នាំ១៣៣៤-១៣៤០។ ជំងឺប៉េស្ដមាន ៣ ទម្រង់ គឺ Bubonic, Septicaemic និង Pneumonic ដែលឆ្លងពីប៉ាតេរី Yersinia នៅក្នុងខ្លួនថនិកសត្វតូចៗ និងចៃរបស់សត្វទាំងនេះ។ ការចម្លងនៃជំងឺដ៏កាចសាហាវនេះ កើតឡើងនៅពេលត្រូវបានចៃរបស់ពពួកថនិកសត្វតូចៗខាំ ក៏ដូចជាការប៉ះពាល់ឈាម ឬសារធាតុរាវ ឬក៏ការស្រូបយកខ្យល់ដង្ហើមពីអ្នកជំងឺដែលមានផ្ទុកមេរោគ។

* ជំងឺសារ
ជំងឺសារ (SARS) ត្រូវបានអង្គការសុខភាពពិភពលោកបញ្ជាក់អត្តសញ្ញាណក្នុងឆ្នាំ២០០៣ ឱ្យដឹងថា បានបង្កឡើងដោយវីរុសកូរ៉ាណាម្យ៉ាង ដែលមានប្រភពមកពីសត្វប្រចៀវ និងក្រោយមក បានចម្លងទៅសត្វដទៃទៀត ដូចជាសត្វសំពោចជាដើម។ ចំណែកឯករណីឆ្លងទៅមនុស្ស ត្រូវបានគេរាយការណ៍ជាលើកដំបូងនៅក្នុងខេត្តក្វាងទុង (Guangdong) ភាគខាងត្បូងប្រទេសចិន កាលពីឆ្នាំ២០០២។

ចាប់ពីខែវិច្ឆិកា ឆ្នាំ២០០២ ដល់ខែកក្កដា ឆ្នាំ២០០៣ មនុស្ស ៨,០៩៨ នាក់នៅទូទាំងពិភពលោកបានឆ្លងជំងឺសារនេះ ដែលអាចបំផ្លាញប្រព័ន្ធផ្លូវដង្ហើមរបស់មនុស្សយ៉ាងធ្ងន់ធ្ងររហូតដល់ស្លាប់។ ជាក់ស្ដែង មនុស្ស ៧៧៤ នាក់បានស្លាប់ដោយសារជំងឺសារ។

* ជំងឺមែរ
ជំងឺមែរ (MERS) ឬជំងឺផ្លូវដង្ហើមមជ្ឈិមបូព៌ា ត្រូវបានគេកំណត់អត្តសញ្ញាណកាលពីឆ្នាំ២០១២។ ជំងឺមែរបង្កឡើងដោយវីរុសកូរ៉ាណា ដែលគេជឿជាក់ថាឆ្លងពីសត្វប្រចៀវទៅសត្វអូដ្ឋ ហើយការសិក្សាស្រាវជ្រាវជាច្រើនក៏បានឱ្យដឹងដែរថា វីរុសនេះចម្លងមកមនុស្ស តាមរយៈការប៉ះពាល់ដោយផ្ទាល់ ឬមិនផ្ទាល់ជាមួយសត្វអូដ្ឋ។ ជំងឺមែរបានរាតត្បាតប្រទេសចំនួន ២៧ តែមិនខ្លាំងក្លាដូចជាជំងឺសារនោះទេ។ បើតាមអង្គការសុខភាពពិភពលោក ជំងឺមែរបានផ្ទុះឡើងចំនួន ២,៤៩៤ ករណី ក្នុងប្រទេសអារ៉ាប៊ីសាអូឌីត។ អ្នកកើតជំងឺមែរអាចនឹងប្រឈមមុខនឹងអាត្រាស្លាប់ ៣៥ ភាគរយ ខណៈមនុស្ស ៨៥៨ នាក់បានស្លាប់ ចាប់តាំងពីវាផ្ទុះឡើងដំបូងនៅឆ្នាំ២០០២។

* ជំងឺឆ្កែឆ្កួត
៩៩ ភាគរយនៃជំងឺឆ្កែឆ្កួត (Rabies) គឺឆ្លងតាមរយៈសត្វឆ្កែ ហើយអ្នកស្លាប់ដោយសារជំងឺនេះច្រើនជាងគេ គឺមាននៅអាហ្វ្រិក និងអាស៊ី ឬស្មើនឹង ៩៥ ភាគរយនៃអាត្រាអ្នកស្លាប់ដោយសារជំងឺឆ្កែឆ្កួតនៅលើពិភពលោក។ ជំងឺឆ្កែឆ្កួតចម្លងទៅមនុស្សតាមរយៈឆ្កែដែលមានផ្ទុកវីរុស ខាំ ឬ ក្រញៅ ឬក៏ខ្វាចជាដើម។ បើតាមអង្គការសុខភាពពិភពលោក មានមនុស្ស ៥៩,០០០ នាក់បានស្លាប់ជារៀងរាល់ឆ្នាំ នៅក្នុងប្រទេសចំនួន ១៥៧។

 

* ផ្ដាសាយបក្សី ឬផ្ដាសាយជ្រូក
សត្វមួយចំនួនអាចចម្លងវីរុសផ្ដាសាយសត្វ (Influenza) ដូចដែលពិភពលោកបានឃើញមកហើយ ដូចជា ជំងឺផ្ដាសាយបក្សី និងផ្ដាសាយជ្រូកជាដើម។ ជំងឺនេះឆ្លងតាមរយៈការទាក់ទងដោយផ្ទាល់ជាមួយសត្វមួយចំនួន ឬមជ្ឈដ្ឋានដែលមានផ្ទុកវីរុស។ មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លងរបស់សហរដ្ឋអាមេរិក បានឱ្យដឹងថា រោគសញ្ញានៃជំងឺផ្ដាសាយបក្សី និងផ្ដាសាយជ្រូក មានក្ដៅខ្លួន គ្រុនញាក់ ក្អក ឈឺក្បាល អស់កម្លាំង ឈឺខ្លួន រាក ក្អួតជាដើម។ នៅទូទាំងពិភពលោក មានករណីផ្ទុះឡើងនៃវីរុសផ្ដាសាយបក្សី និងផ្ដាសាយជ្រូក ចន្លោះពី ៣-៥ លាននាក់ ដែលមានសភាពធ្ងន់ធ្ងរក្នុងមួយឆ្នាំៗ ហើយមនុស្ស ២៩០,០០០ ដល់ ៦៥០,០០០ នាក់បានស្លាប់ដោយសាររលាកផ្លូវដង្ហើមធ្ងន់ធ្ងរ។

* ជំងឺនីផះ
ជំងឺនីផះ (Nipah virus) អាចចម្លងពីសត្វទៅកាន់មនុស្ស (មានដូចជាប្រចៀវ ឬជ្រូក) ឬក៏ម្ហូបអាហារដែលមានផ្ទុកវីរុសនេះ ហើយវាក៏ចម្លងពីមនុស្សទៅមនុស្សផងដែរ។ សត្វជ្រឹងអម្បូរ Pteropodidae ត្រូវបានគេជឿជាក់ថាជាប្រភពដើមនៃវីរុសនេះ។ ជំងឺនីផះ ត្រូវបានគេទទួលស្គាល់ពីវត្តមានជាលើកដំបូងនៅឆ្នាំ១៩៩៩ ក្នុងពេលដែលវាផ្ទុះឡើងខ្លាំងនៅក្នុងចំណោមកសិករចិញ្ចឹមជ្រូកនៅម៉ាឡេស៊ី។ បច្ចុប្បន្ន មិនមានករណីផ្ទុះឡើងជាថ្មីនៃវីរុសនេះទេនៅក្នុងប្រទេសម៉ាឡេស៊ី ចាប់តាំងពីឆ្នាំ១៩៩៩ មក។

សូមជម្រាបថា ការកើតឡើងនូវជំងឺកូវីដ១៩ នេះ បាននិងកំពុងបង្កការព្រួយបារម្ភយ៉ាងខ្លាំងសម្រាប់ពិភពលោកទាំងមូល ខណៈលទ្ធភាពនៃចម្លង និងផលប៉ះពាល់របស់វា គឺធ្ងន់ធ្ងរខ្លាំងជាងជំងឺមុនៗនោះទៅទៀត៕