(ភ្នំពេញ)៖ កម្ពុជាជាប្រទេសដែលសម្បូរទៅដោយជីវចម្រុះ ក៏ដូចជាប្រភេទរុក្ខជាតិ និងសត្វព្រៃជិតផុតពូជ ឬមានដោយកម្រជាច្រើនប្រភេទ។ សន្ទស្សន៍ជីវចម្រុះក្នុងប្រទេសកម្ពុជា គឺទទួលបានពិន្ទុ ៧.៥ នៅឆ្នាំ១៩៩៧ ប៉ុន្តែរហូតមកដល់បច្ចុប្បន្ន ពិន្ទុអាចឡើងខ្ពស់ជាងនេះ អាស្រ័យលើការសិក្សាស្រាវជ្រាវនាពេលក្រោយៗមកទៀត។
ដូច្នេះដើម្បីទទួលជ្រាបកាន់តែច្បាស់ថា បច្ចុប្បន្ននេះ មានប្រភេទសត្វព្រៃជិតផុតពូជ ក៏ដូចជាសត្វព្រៃកម្រប៉ុន្មានប្រភេទ ដែលកំពុងរស់នៅក្នុងដែនជម្រកការពារធនធានធម្មជាតិកម្ពុជានោះ សូមស្វែងយល់តាមរយៈអត្ថបទនេះដូចតទៅ៖
នៅប្រទេសកម្ពុជា សត្វព្រៃជិតផុតពូជ និងប្រភេទមានដោយកម្រជាច្រើនប្រភេទ ត្រូវបានកំណត់ក្នុងបញ្ជីក្រហមរបស់អង្គការសហភាពអន្តរជាតិដើម្បីការអភិរក្សធម្មជាតិ (IUCN) ក្នុងនោះថនិកសត្វមាន ៣៩ ប្រភេទ សត្វស្លាបមាន ៣៦ ប្រភេទ និងពពួកសត្វល្មូនជាច្រើនប្រភេទទៀត។
* ចំពោះថនិកសត្វទាំង ៣៩ ប្រភេទនោះ មានទាំងប្រភេទសត្វដែលជិតផុតពូជ និងងាយរងគ្រោះ រួមមាន៖ ដំរីអាស៊ី ឬដំរីព្រៃ ខ្លាធំ ឬខ្លាដំបង ខ្លាឃ្មុំធំ ខ្លាពពក ខ្លាត្រី ខ្លាលឿងមាស ក្តាន់ រមាំង តេះ ឬកែះ ប្រើសស្បូវ ខ្ទីង ទន្សោង ពង្រូល ទោចម្កុដ ទោចថ្ពាល់លឿង រញីប្រផេះ ស្វាត្រោស ឆ្កែព្រៃជាដើម។
* ចំពោះសត្វស្លាបដែលជិតផុតពូជ និងងាយរងគ្រោះទាំង ៣៦ ប្រភេទនោះ រួមមាន៖ ត្រយងយក្ស ឬឪលើក ត្រយងកង្កំកស ឬត្រយងតូច ទាព្រៃស្លាបស ក្រៀល ឬកុកទេព ត្រដក់ធំ កេងកងធំ ត្មាតប្រផេះ ត្មោតត្នោត ត្មាតភ្លើង ក្ងោក សត្វក្សឹប ឬក្ងោកទេព អង្កត់ខ្មៅជាដើម។
* រីឯពពួកសត្វល្មូនវិញ រួមមាន៖ ក្រពើត្រី ឬក្រពើភ្នំ អណ្តើកហ្លួង កន្ធាយក្បាលកង្កែបជាដើម។
បើតាមលោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន ប្រភេទសត្វកម្រជាច្រើនត្រូវបានរកឃើញនៅក្នុងឧទ្យានជាតិវីរៈជ័យ ក្នុងខេត្តរតនគិរី តាមរយៈម៉ាស៊ីនថតស្វ័យប្រវត្តិចំនួន ១២ គ្រឿង ដែលមន្ត្រីឧទ្យានុរក្សបានដាក់ពង្រាយក្នុងព្រៃឧទ្យាន តាំងពីខែមេសា ឆ្នាំ២០១៩ ដល់ខែមេសា ឆ្នាំ២០២០។ តាមរយៈរូបភាពដែលត្រូវបានចាប់ដោយម៉ាស៊ីនថតស្វ័យប្រវត្តិនេះ គេទទួលបានលទ្ធផលដ៏មានសារៈសំខាន់ ដោយថតបានសត្វព្រៃកម្រៗជាច្រើនប្រភេទ រួមមាន៖ សត្វខ្ទីង ខ្លាពពក ខ្លាភ្ញីថ្មកែវ ប្រើស ឈ្លូស សត្វតេះ ឬកែះ សំពោច ជ្រូកព្រៃ ខ្លាឃ្មុំ និងពពួកបក្សីកម្រជាច្រើនទៀត ដូចជា មាន់ទោលពណ៌ប្រាក់ សត្វកេងកងជាដើម ដែលចាំបាច់ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការការពារ និងអភិរក្ស។
រដ្ឋលេខាធិការក្រសួងបរិស្ថានរូបនេះបានកត់សម្គាល់ថា នៅក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ វត្តមានសត្វព្រៃមានកំណើនកើនឡើង រួមទាំងប្រភេទសត្វកម្រ និងជិតផុតពូជមួយចំនួន ដោយសារតែការខិតខំអភិរក្ស និងការពារជម្រកសត្វព្រៃរបស់កម្លាំងមានសមត្ថកិច្ច។ វត្តមានសត្វព្រៃទាំងអស់នេះ គឺពោរពេញដោយក្តីសង្ឃឹមសម្រាប់ប្រជាជនកម្ពុជា និងសម្រាប់ផលប្រយោជន៍ជីវចម្រុះរបស់ពិភពលោក ដោយសារតែប្រភេទសត្វមួយចំនួនដែលជិតផុតពូជពីលើពិភពលោកនោះ នៅមានវត្តមានក្នុងព្រៃនៃប្រទេសកម្ពុជា។
លោក នេត្រ ភក្ត្រា បានថ្លែងថា យោងតាមការចាត់ថ្នាក់របស់អង្គការសហភាពអន្តរជាតិដើម្បីអភិរក្សធម្មជាតិ ខ្លាពពក ខ្លាឃ្មុំ តេះ ខ្ទីង និងបក្សីកេងកង ដែលមានវត្តមាននៅក្នុងឧទ្យានជាតិវីរៈជ័យ ត្រូវបានចាត់ចូលជាប្រភេទងាយរងគ្រោះ (VU) ដែលមានន័យថា វាអាចឈានទៅរកការវិនាសផុតពូជក្នុងព្រៃធម្មជាតិ។ ខ្លាភ្ញីថ្មកែវ ត្រូវបានចាត់ចូលជាប្រភេទរងគ្រោះថ្នាក់ (NT) ដែលមានន័យថា វាអាចឈានទៅជាប្រភេទងាយរងគ្រោះផងដែរ។ ដោយឡែក សត្វឈ្លូស ប្រើស ជ្រូកព្រៃ និងមាន់ទោលពណ៌ប្រាក់ ត្រូវបានចាត់ចូលជាប្រភេទរងគ្រោះថ្នាក់តិចតួច (LC) ដែលមានន័យថា វាមិនទាន់ត្រូវបានចាត់ចូលជាប្រភេទរងគ្រោះថ្នាក់ដូចខាងលើនៅឡើយ។
លោក នេត្រ ភក្ត្រា បានបញ្ជាក់ថា យោងតាមរបាយការណ៍ជាតិលើកទី៤ ស្តីពីជីវចម្រុះ ប្រទេសកម្ពុជាគឺជាប្រទេសសម្បូរទៅដោយជីវចម្រុះដែលបានបង្ហាញវត្តមានប្រភេទថនិកសត្វ ១២៣ ប្រភេទ សត្វស្លាប ៥៤៥ ប្រភេទ ឧរង្គសត្វ ៨៨ ប្រភេទ ត្រី ៨៧៤ ប្រភេទ រុក្ខជាតិ ២,៣០៨ ប្រភេទ ផ្កាថ្មរឹង ២៤ ប្រភេទ ផ្កាថ្មទន់ ១៤ ប្រភេទ ស្មៅសមុទ្រ ១០ ប្រភេទ និងថលជលិក ៦៣ ប្រភេទ។
ទោះបីជាយ៉ាងនេះ នៅមានប្រភេទរុក្ខជាតិ និងសត្វមួយចំនួនទៀត ដែលមិនទាន់សិក្សាស្រាវជ្រាវ និងកំណត់អត្តសញ្ញាណនៅទ្បើយ។ មានប្រភេទរុក្ខជាតិ និងសត្វ ដែលបានកំណត់ក្នុងបញ្ជីក្រហមរបស់អង្គការសហភាពអន្តរជាតិ ដើម្បីការអភិរក្សធម្មជាតិ (IUCN) មានដូចជា ថនិកសត្វ ៣៩ ប្រភេទ សត្វស្លាប ៣៦ ប្រភេទ ឧរង្គសត្វ ១៣ ប្រភេទ រុក្ខជាតិតូចៗ ៣៨ ប្រភេទ និងថលជលិក ១២ ប្រភេទ។
អ្នកនាំពាក្យរូបនេះបានឱ្យដឹងថា សត្វព្រៃ និងរុក្ខជាតិដែលមាននៅលើភពផែនដីនេះ គឺពិតជាមានសារៈប្រយោជន៍មិនអាចកាត់ថ្លែបាន ផ្នែកប្រព័ន្ធអេកូឡូស៊ី ហ្សេនេទិក សង្គម សេដ្ឋកិច្ច វិទ្យាសាស្ត្រ ការអប់រំ វប្បធម៌ ផ្សារភ្ជាប់នឹងជីវិតរស់នៅរបស់មនុស្ស និងការអភិវឌ្ឍដោយចីរភាពផងដែរ ខណៈសត្វព្រៃ និងសត្វស្លាបមួយចំនួនដែលពិភពលោកជិតផុតពូជ គឺមានវត្តមាននៅក្នុងប្រទេសកម្ពុជា។
កម្ពុជាក្នុងនាមជាសមាជិកអង្គការសហប្រជាជាតិ បានត្រៀមខ្លួនក្នុងការសហការជាលក្ខណៈអន្តរជាតិជាមួយប្រទេសទាំងអស់ក្នុងការអភិរក្សធនធានធម្មជាតិ និងទប់ស្កាត់ ក៏ដូចជាប្រឆាំងនឹងការជួញដូរសត្វព្រៃខុសច្បាប់។ កម្ពុជាបាននិងកំពុងចូលរួមយ៉ាងសកម្មក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរសត្វព្រៃខុសច្បាប់ ហើយកម្ពុជាក៏បានសហការក្នុងនាមជាដៃគូអន្តរជាតិជាមួយប្រទេសអង់គ្លេស ក្នុងការទប់ស្កាត់ បង្ការ និងបង្ក្រាបការជួញដូរសត្វព្រៃខុសច្បាប់ដែរនៅលើពិភពលោក។
លោករដ្ឋលេខាធិការបានបន្ថែមថា កម្ពុជាបានរៀបចំយន្តការ ក៏ដូចជាមានច្បាប់ និងអនុវត្តជាប្រចាំ ដើម្បីបង្ការ ទប់ស្កាត់ និងប្រឆាំងការជួញដូរសត្វព្រៃខុសច្បាប់នេះ ហើយបានបង្ក្រាបលើបទល្មើស និងរំដោះសត្វព្រៃជាច្រើនពីក្រញាំដៃនៃក្រុមជនល្មើស ព្រមទាំងបានចាប់ខ្លួនបញ្ជូនសំណុំរឿងទៅតុលាការផ្តន្ទាទោសតាមច្បាប់ ក៏ដូចជាការផាកពិន័យជាប្រាក់ និងការធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពជាដើម៕