(ភ្នំពេញ)៖ ប្រទេសសមាជិកអាស៊ានទាំង១០សុទ្ធតែមានសត្វតំណាងសម្រាប់ប្រើជាគ្រឿងសម្គាល់អត្តសញ្ញាណជាតិរៀងៗខ្លួន ខណៈលក្ខណៈពិសេសរបស់សត្វទាំងនោះ គឺមានការពាក់ព័ន្ធទៅនឹងឈ្មោះប្រទស ប្រវត្តិសាស្ត្រ ជំនឿ វប្បធម៌ ប្រពៃណី មរតកធម្មជាតិ បូករួមទាំងការសព្វព្រះទ័យរបស់ព្រះមហាក្សត្រផងដែរ។
ខាងក្រោមនេះគឺជាឈ្មោះ និងលក្ខណៈជីវសាស្ត្ររបស់សត្វតំណាងប្រទេសសមាជិកអាស៊ានទាំង១០៖
១៖ គោព្រៃ (Kouprey)
គោព្រៃ (Kouprey) គឺជាសត្វតំណាងជាតិរបស់ប្រទេសកម្ពុជា ដោយវាគឺជាមរតកធម្មជាតិដ៏សំខាន់មួយរបស់ប្រទេសយើង។ នៅឆ្នាំ១៩៦៤ ព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» បានចេញព្រះរាជប្រកាសជាផ្លូវការថា សត្វតំណាងជាតិនៃប្រទេសកម្ពុជាគឺសត្វគោព្រៃ និងបានចេញច្បាប់ហាមប្រាមមិនឱ្យមានការបរបាញ់ថែមទៀតផង។ គោព្រៃ គឺជាប្រភេទសត្វកម្រមួយប្រភេទដែលស្ទើរតែផុតពូជទៅហើយនៅតំបន់ឥណ្ឌូចិន។ គេជឿថាពួកវាអាចនៅមានសេសសល់ក្នុងព្រៃនៃប្រទេសកម្ពុជា ដូចជា ខេត្តសៀមរាប ឧត្តរមានជ័យ ព្រះវិហារ មណ្ឌលគិរី រតនគិរី និងខេត្តស្ទឹងត្រែង ប៉ុន្តែក្នុងរយៈពេលជាង៣០ឆ្នាំមកនេះ គេពុំដែលប្រទះឃើញវត្តមានគោព្រៃទៀតនោះទេ។
អ្វីដែលគួរឱ្យសោកស្ដាយបំផុតនោះ មនុស្សជំនាន់នេះនិងជំនាន់ក្រោយប្រហែលជាលែងបានឃើញគោព្រៃពិតជាក់ស្ដែងទៀតហើយ សល់ត្រឹមតែរូបចម្លាក់និងរូបគំនូរដ៏រស់រវើក រូបភាពចាស់ៗនិងវីដេអូឯកសារដ៏កម្រ រឿងដំណាលដ៏អន្លង់អន្លោច ឆ្អឹងក្បាលនិងស្នែងដ៏សែនសង្វេគ ឬនៅសល់តែឈ្មោះហៅតាមសំនៀងភាសាខ្មែរថា «គោព្រៃៗ» ប៉ុណ្ណោះ។
២៖ ដំរីអាស៉ី (Asian Elephant)
ដំរីអាស៉ី គឺជាសត្វតំណាងប្រទេសថៃ។ តាំងពីសម័យបុរាណមក សត្វមង្គលប្រភេទនេះបានផ្សារភ្ជាប់យ៉ាងសំខាន់ជាមួយប្រជាជនសៀម ទាំងនៅក្នុងសមរភូមិសង្គ្រាម ការប្រារព្ធពិធីកម្មនានា ក៏ដូចជានៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ នៅតំបន់ឥណ្ឌូចិនបច្ចុប្បន្ន មានតែប្រទេសថៃទេដែលនៅសេសសល់ដំរីអាស៉ីច្រើនជាងគេ ដោយរដ្ឋាភិបាលថៃក៏បានបង្កើតមណ្ឌលអភិរក្សសត្វដំរីដ៏ធំក្នុងប្រទេសផងដែរ។
៣៖ ក្របីស្រុកហ្វីលីពីន (Water Buffalo)
ក្របីស្រុក គឺជាសត្វតំណាងប្រទេសហ្វីលីពីន។ បានជាប្រទេសដែនកោះមួយនេះចាត់ទុកក្របីជាតំណាងជាតិរបស់ខ្លួននោះ ដោយសារប្រជាជនហ្វីលីពីនភាគច្រើនធ្វើកសិកម្មបានផលចិញ្ចឹមជីវិត ក៏ព្រោះតែមានសត្វក្របីនេះជាកម្លាំងអូសទាញយ៉ាងសំខាន់។ អ្នកស្រុកហ្វីលីពីនហៅសត្វក្របីថា ខារ៉ាបាវ (Carabao)។
៤៖ ខ្លាដំបងពូជម៉ាឡេ (Malayan Tiger)
ខ្លាដំបងពូជម៉ាឡេ គឺជាសត្វតំណាងប្រទេសម៉ាឡេស៉ី។ បានជាប្រជាជនម៉ាឡេស៉ីចាត់ទុកខ្លាដំបងម៉ាឡេជាសត្វតំណាងជាតិរបស់ខ្លួន ក៏ព្រោះតែសត្វខ្លាប្រភេទនេះជាមរតកធម្មជាតិតែមួយគត់នៅក្នុងប្រទេសខ្លួន ពោលគឺមានរស់នៅតែនៅឧបទ្វីបម៉ាឡេប៉ុណ្ណោះ។ តាមការស្រាវជ្រាវ បុព្វបុរសរបស់ខ្លាដំបងម៉ាឡេ គឺពូជខ្លាដំបងឥណ្ឌូចិន ប៉ុន្តែដោយសារមជ្ឈដ្ឋានរស់នៅរបស់ពួកវានៅឆ្ងាយពីគ្នា ទើបធ្វើឱ្យពួកវាចេញលក្ខណៈខុសគ្នាខ្លះៗ ដោយពូជខ្លាដំបងម៉ាឡេមានមាឌតូចជាងខ្លាដំបងឥណ្ឌូចិនបន្តិច។ នៅក្នុងត្រាប្រទេសរបស់រាជរដ្ឋាភិបាលម៉ាឡេស៉ី ក៏មានរូបខ្លាដំបងពូចម៉ាឡេចំនួនពីរនៅសងខាងផងដែរ។
៥៖ សត្វតោ (Lion)
សត្វតោ គឺជាសត្វតំណាងប្រទេសសិង្ហបុរី។ សត្វតោនេះបើតាមភាសាបាលីសំស្ក្រឹតហៅថា សិង្ហ ឬ សិង្ហៈ ឬ សីហៈ ដូច្នេះហើយទើបខ្មែរយើងហៅប្រទេសដែនកោះមួយនេះថា ប្រទេសសិង្ហបុរី ដោយប្រែថា ទីក្រុងតោ ឬទីក្រុងសិង្ហ។ ប្រវត្តិសាស្ត្របានបញ្ជាក់ថា នៅអំលុងចុងសតវត្សទី១៣ ព្រះអង្គម្ចាស់ស័ង្ខនិលឧត្តម (Sang Nila Utama) បានរត់ភៀសព្រះកាយពីអាណាចក្រប៉ាឡេមបាំង ដែលបច្ចុប្បន្ននៅលើទឹកដីប្រទេសឥណ្ឌេណេស៉ី ឆ្លងសមុទ្រទៅដល់កោះតូចមួយ ហើយក៏បានទតឃើញសត្វម្យ៉ាងដូចជាសត្វតោ។ ក្រោយមក ព្រះអង្គក៏បានបង្កើតអាណាចក្រថ្មីមួយដោយប្រសិទ្ធនាមថា អាណាចក្រសិង្ហបុរៈ (Singapura) ដែលគេស្គាល់ថា ថេម៉ាសិក (Temasek)។ ដោយសារតែសត្វតោមានប្រវត្តិទាក់ទងនឹងឈ្មោះប្រទេសរបស់ខ្លួនដូច្នេះហើយ ទើបបានជារដ្ឋាភិបាលសិង្ហបុរីសម្រេចជ្រើសយកសត្វតោជាសត្វតំណាងប្រទេសរបស់ខ្លួន ដូចមានរូបចម្លាក់សីហមច្ឆា ឬ Merlion ជាភាពជាក់ស្ដែងស្រាប់។
៦៖ សត្វខូម៉ូដូ (Komodo Dragon)
ល្មួនយក្សខូម៉ូដូ សត្វតំណាងប្រទេសឥណ្ឌូណេស៉ី ខណៈអ្នកស្រុកហៅសត្វនេះថា អូរ៉ា (Ora)។ ឧរង្គសត្វប្រភេទនេះមានតែនៅប្រទេសឥណ្ឌូណេស៉ីប៉ុណ្ណោះ ដោយភាគច្រើនពួកវារស់នៅលើកោះខូម៉ូដូ (Komodo) កោះរីនកា (Rinca) កោះហ្វ្ល័រ៉េស (Flores) និងកោះហ្គីលីម៉ូតាំង (Gili Motang)។ នាគខូម៉ូដូនេះគឺជាមរតកធម្មជាតិដ៏សំខាន់មួយរបស់ប្រទេសឥណ្ឌូណេស៉ី ខណៈពួកវាត្រូវបានចាត់ទុកថាជាពូជល្មូនដែលមានមាឌធំជាងគេនៅលើពិភពលោក ដោយនៅពេលធំពេញវ័យវាមានប្រវែង៣ម៉ែត្រចាប់ពីក្បាលដល់ចុងកន្ទុយ។
៧៖ ស្វាច្រមុះវែង (Proboscis Monkey)
ស្វាច្រមុះវែង Proboscis គឺជាសត្វតំណាងប្រទេសព្រុយណេ។ ស្វាច្រមុះវែងប្រភេទនេះក៏ជាមរតកធម្មជាតិរបស់ប្រទេសព្រុយណេផងដែរ ដោយពួកវាកំពុងរស់នៅលើកោះប័រណេអូរ (Borneo) ដែលជាកោះធំមួយមានប្រទេសបីតាំងនៅ គឺប្រទេសព្រុយណេ ម៉ាឡេស៉ី និងឥណ្ឌូណេស៉ី។ ប្រជាជននៅលើកោះប័រណេអូហៅឈ្មោះស្វានេះតាមភាសាម៉ាឡេថា អូរ៉ាំង បេឡានដា (Orang Belanda) ដែលមានន័យថា ជនជាតិហូឡង់ ពីព្រោះសត្វស្វាប្រភេទនេះមានមាឌធាត់ ច្រមុះធំវែង ពោះកំប៉ោង ដូចទៅនឹងជនជាតិហូឡង់ដែលធ្លាប់មកធ្វើពាណិជ្ជកម្ម និងដាក់អាណានិគមនៅលើកោះនេះ។
៨៖ ក្របីស្រុកវៀតណាម
សត្វតំណាងប្រទេសវៀតណាមក៏ជាសត្វក្របីដូចទៅនឹងសត្វតំណាងប្រទេសហ្វីលីពីនដែរ។ ក្រៅពីសត្វក្របី ប្រជាជនវៀតណាមក៏ចាត់ទុកសត្វនាគ និងខ្លាដំបង ជាសត្វតំណាងប្រទេសរបស់ខ្លួនដែរ ពីព្រោះនាគ និងខ្លា គឺមានទំនាក់ទំនងយ៉ាងស៉ីជម្រៅទៅនឹងវប្បធម៌ ជំនឿ ប្រពៃណីរបស់ជនជាតិមួយនេះ។
៩៖ ខ្លាដំបងពូជឥណ្ឌូចិន (Indo-chinese Tiger)
ខ្លាដំបងពូជឥណ្ឌូចិន គឺជាសត្វតំណាងប្រទេសមីយ៉ាន់ម៉ា។ ដោយសារប្រទេសមីយ៉ាន់ម៉ានៅសេសសល់ព្រៃឈើជាច្រើន ទើបធ្វើឱ្យសត្វព្រៃនានា ពិសេសគឺសត្វខ្លាដំបងពូជឥណ្ឌូចិននេះនៅមានសេសសល់ច្រើន ខណៈពួកវាជាប្រភេទសត្វកម្រមួយនៅលើពិភពលោក។ ប្រជាជននិងរដ្ឋាភិបាលមីយ៉ាន់ម៉ាមានការយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការថែរក្សាអភិរក្សព្រៃឈើក្នុងប្រទេសរបស់ខ្លួន។ រដ្ឋាភិបាលសហព័ន្ធមួយនេះក៏បានបង្កើតឧទ្យានអភិរក្សសត្វខ្លាដំបងឥណ្ឌូចិនដ៏ធំមួយនៅជ្រលងភ្នំហ៊ូកង (Hukawng) ស្ថិតក្នុងរដ្ឋកាឈិន (Kachin) ភាគខាងជើងប្រទេស។
១០៖ ដំរីអាស៉ីនៅឡាវ
សត្វតំណាងប្រទេសឡាវក៏ជាដំរីអាស៉ីដូចទៅនឹងសត្វតំណាងប្រទេសថៃដែរ ប៉ុន្តែមិនមែនដោយសារបច្ចុប្បន្នប្រទេសឡាវមានដំរីច្រើននោះទេ។ តាំងពីដើមរៀងមក ដំរីគឺជាជំនួយការដ៏សំខាន់ក្នុងសង្គ្រាមការពារទឹកដី។ នៅសម័យអាណាចក្រឡានសាង (សៀមហៅថាឡានឆាង) ព្រះមហាក្សត្រលាវបានប្រសិទ្ធីរូបដំរីឰរាវ័ណនៅក្នុងទង់ព្រះនគរ និងទង់ចម្បាំង ខណៈឈ្មោះអាណាចក្រឡានសាងឬឡានឆាងនេះ គឺមានន័យជាខេមរភាសាថា ដំរីមួយលាន ដែលបុរាណខ្មែរយើងតែងហៅថា «អាណាចក្រដំរីមួយលាន»។
ប្រភព៖
* សៀវភៅឈ្វេងយល់អំពីប្រទេសជាសមាជិកអាស៊ាន
* ប្រវត្តិសាស្ត្រប្រទេសមួយចំនួន
* ក្រសួងបរិស្ថាន