(ភ្នំពេញ)៖ សិលាចារឹកនៅប្រាសាទបក្សីចាំក្រុងបានផ្ដល់ព័ត៌មានគួរជាទីចាប់អារម្មណ៍ក្រៃលែង ព្រោះមាននិទានអំពីការផ្សារភ្ជាប់រវាងរាជវង្សសោមវង្ស (រាជវង្សនៅនគរភ្នំ) ជាមួយរាជវង្សសូរ្យវង្ស (រាជវង្សនៅនគរចេនឡា) ព្រមទាំងដើមកំណើតនៃឈ្មោះប្រទេសកម្ពុជាផងដែរ។
ប្រាសាទបក្សីចាំក្រុង (មិនស្គាល់ឈ្មោះដើម) ត្រូវបានកសាងឡើងដំបូងក្នុងរាជ្យព្រះបាទហស៌វរ្ម័នទី១ ឬហស៌វម៌្មទី១ (៩១០-៩២២) ដែលព្រះអង្គគឺជាព្រះរាជបុត្រមួយអង្គក្នុងចំណោមព្រះរាជបុត្ររបស់ព្រះបាទយសោវរ្ម័នទី១ ឬយសោវម៌្មទី១ (៨៨៩-៩១០)។ ព្រះបាទយសោវរ្ម័នទី១ ជាក្សត្រដែលបានផ្លាស់រាជធានីពីហរិហរាល័យ (តំបន់រលួស) មកកាន់យសោធរបុរៈ (តំបន់អង្គរ) និងបានកសាងប្រាសាទភ្នំបាខែងសម្រាប់ជាប្រាសាទរាជ្យរបស់ទ្រង់។ នៅពេលព្រះបាទយសោវរ្ម័នទី១សោយទិវង្គតនៅឆ្នាំ៩១០នោះទៅ ព្រះបាទហស៌វរ្ម័នទី១ក៏បានឡើងសោយរាជ្យបន្ត។ នៅចុងរជ្ជកាល ពោលគឺនៅឆ្នាំ៩២១ ព្រះអង្គបានបញ្ជាឱ្យកសាងប្រាសាទបក្សីចាំក្រុង។
ប្រវត្តិវិទូ មីសែល ត្រាណេ បានឱ្យដឹងថា កាលជំនាន់កសាងដំបូងនោះ ប្រាសាទបក្សីចាំក្រុងពុំទាន់មានសិលាចារឹកអ្វីឡើយ។ លុះដល់រាជ្យព្រះបាទរាជេន្ទ្រវរ្ម័នទី២ ឬរាជេន្ទ្រវម៌្មទី២ (៩៤៤-៩៦៨) ព្រះអង្គក៏បានផ្លាស់រាជធានីពីលិង្គបុរៈ (តំបន់កោះកេរ្តិ៍) មកតាំងនៅយសោធរបុរៈ (តំបន់អង្គរ) វិញ ទើបព្រះអង្គឱ្យគេចារឹកកាព្យសំស្ក្រឹតនៅលើមេទ្វារ ដូចឃើញសព្វថ្ងៃនេះ នេះបានន័យថា ប្រាសាទបក្សីចាំក្រុងត្រូវបានបញ្ចប់ការកសាងក្នុងរាជ្យព្រះបាទរាជេន្ទ្រវរ្ម័នទី២។
លោក មីសែល ត្រាណេ បានបន្តថា នៅផ្ទាំងមេទ្វារខាងឆ្វេង និងស្តាំនៃប្រាសាទ គេឃើញមានសិលាចារឹករៀបរាប់អំពីព្រឹត្តិការណ៍ប្រវត្តិសាស្ត្រជាចរន្តវប្បធម៌នាសម័យបុរាណ។ សារសំខាន់នៃផ្ទាំងសិលាចារឹកទាំងពីរនេះ គឺការបញ្ជាក់អំពីការភ្ជាប់សន្តតិវង្សនគរចេនឡា និងសន្តតិវង្សនគរភ្នំ ពោលគឺរវាងសូរ្យវង្ស និងសោមវង្ស។ ដោយហេតុថា សន្តតិវង្សទាំងពីរនេះសុទ្ធសឹងតែតពូជវង្សត្រកូលពីឥសីកម្ពុទាំងអស់។
ប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជាយើង គឺព្រះរាជវង្សានុវង្សចេនឡាដំបូងបង្អស់មានកំណើតចេញពីឥសីកម្វុស្វយម្ភុវ (ឥសីដែលកើតដោយខ្លួនឯង) និងនាងទេពអក្សរមេរា ដែលជាព្រះរាជអំណោយរបស់ព្រះឥស្វរៈ ឬព្រះឥសូរ ឬព្រះសិវៈ។ ព្រះឥសូរជប់នាងទេពអក្សរនេះឡើង ដើម្បីព្រះរាជទានឱ្យឥសីកម្វុបានជាមហេសី។ ដូច្នេះពាក្យ កម្វុ ឬកម្វុជៈ ឬកម្ពុជា ដែលជាឈ្មោះរបស់ប្រទេសកម្ពុជាបច្ចុប្បន្ន គឺមានប្រភពចេញពីទេវកថានេះឯង។ នៅក្នុងសិលាចារឹកក៏បានឱ្យដឹងទៀតថា ព្រះមហាក្សត្រដំបូងនៃសន្តតិវង្សចេនឡា គឺព្រះបាទស្រុតវរ្ម័ន ឬឝ្រុតវម៌្ម។ ព្រះអង្គមានព្រះរាជបុត្រព្រះនាម ស្រេស្ឋវរ្ម័ន ឬឝ្រេឞ្ឋវម៌្ម ដែលបានកសាងទីក្រុងស្រេស្ឋបុរៈ ឬឝ្រេឞ្ឋបុរៈ ឬកុរុក្សត្រនៅតំបន់វត្តភូ ក្នុងប្រទេសឡាវសព្វថ្ងៃនេះ។
ក្រៅពីបញ្ហាសន្តតិវង្សព្រះរាជាខ្មែរដែលសោយរាជ្យក្នុងសម័យបុរាណ យើងក៏បានដឹងព័ត៌មានស្តីពីនយោបាយដែលមាលក្ខណៈជាប្រវត្តិសាស្ត្រ គឺនគរចេនឡាបានរំដោះអ្នកចេនឡាឱ្យផុតពីច្រវាក់សួយសាអាករ ពោលគឺរំដោះខ្លួនចេញពីការត្រួតត្រារបស់រាជាណាចក្រភ្នំ។
គួរជម្រាបថា ប្រាសាទបក្សីចាំក្រុង ស្ថិតនៅកណ្តាលព្រៃស្រោងខាងឆេ្វងផ្លូវ និងខាងជើងភ្នំបាខែង ប្រហែល១៥០ម៉ែត្រ មានកាំជណ្តើរស្ថាបនាដោយថ្មបាយកៀ្រម និងឥដ្ឋពណ៌ក្រហម។ នៅម្តុំប្រាសាទនេះក៏មានប្រាសាទតូចៗមួយចំនួនទៀតកសាងអំពីឥដ្ឋ ដែលខ្លះបាំងបាត់ដោយរុក្ខជាតិ។ ប្រាសាទបក្សីចាំក្រុងមានរាងជាសាជី៥ថ្នាក់ គិតទាំងជាន់នៅក្រោមប្រាង្គប្រាសាទ ដែលធ្វើពីឥដ្ឋបែរមុខទៅទិសខាងកើត៕