(ភ្នំពេញ)៖ អរិយធម៌ដ៏រុងរឿងរបស់មនុស្សជាតិនាសម័យបុរាណ ក៏ដូចជាឥទ្ធិពលដ៏ខ្លាំងក្លានៃជំនឿសាសនា បានរួមចំណែកអភិវឌ្ឍវិស័យស្ថាបត្យកម្មឱ្យកាន់តែលេចធ្លោ ក្នុងនោះសំណង់ប្រាសាទបុរាណក៏កាន់តែត្រូវបានរចនាកាន់តែស្អាត និងកសាងកាន់តែមានទំហំធំឡើងៗ។

ខាងក្រោមនេះជាប្រាសាទបុរាណដែលមានទំហំធំជាងគេទាំង១០នៅលើពិភពលោក៖

១០. ប្រាសាទព្រហ្មបាណន់
ប្រាសាទព្រហ្មបាណន់ (Brambanan) ជាក្រុមប្រាសាទដែលមានប្រាង្គច្រើនជាមួយនឹងទំហំសរុបប្រមាណ ១៥២,០០០ម៉ែត្រការ៉េ ស្ថិតនៅខេត្តយុធ្យាគារតៈ (Yogyakarta) ប្រទេសឥណ្ឌូណេស៉ី។ ក្រុមប្រាសាទទាំងនេះកសាងឡើងដោយបណ្ដាក្សត្រនៃរាជវង្សសេនាជ័យ (Sanjaya dynasty) នៃរាជាណាចក្រមាតារាម (Mataram kingdom) ដើម្បីឧទ្ទិសថ្វាយព្រះសិវៈ ព្រះវិស្ណុ និងព្រះព្រហ្ម ឬហៅថា ត្រីម៌ូតិ (Trimūrti) ក្នុងព្រហ្មញ្ញសាសនា។

៩. ប្រាសាទរាមនុជ្ជៈ
ប្រាសាទរាមនុជ្ជៈ (Ramanuj) ជាប្រាសាទដែលមានរាងជារូបប្រតិមាព្រាហ្មណ៍ដ៏ធំសម្បើមមួយឈ្មោះ រាមនុជ្ជៈ (Ramanuj) ដែលមានទំហំប្រមាណ ១៨២,១០៩ម៉ែត្រការ៉េ ស្ថិតនៅរដ្ឋតិលង្កាណ (Telangana) ប្រទេសឥណ្ឌា។

៨. ប្រាសាទវាសុកី
ប្រាសាទនាគវាសុកី ឬពាសុកី (Besakir or Wasuki) មានទំហំប្រមាណ ២០០,០០០ម៉ែត្រការ៉េ ស្ថិតនៅលើកោះបាលី (Bali) ប្រទេសឥណ្ឌូណេស៉ី។

៧. ប្រាសាទក្រឹស្ណៈ ឬព្រេហ្មមន្ទីរ
ព្រេហ្មមន្ទីរ (Prem Mandir) មានទំហំប្រមាណ ២២២,៥៧៧ម៉ែត្រការ៉េ ស្ថិតនៅទីក្រុងប្រវត្តិសាស្ត្រវរិន្ទាវ័ន (Vrindavan) ស្រុកមធុរៈ (Mathura) នៃរដ្ឋឧត្តរប្រទេស (Uttar Pradesh) ប្រទេសឥណ្ឌា។ ប្រាសាទនេះកសាងឡើងដើម្បីឧទ្ទិសថ្វាយព្រះរុទ្រៈ(Rudhra) ដែលជាឈ្មោះមួយរបស់ព្រះសិវៈ (Siva) និងព្រះក្រឹស្ណៈ (Krishna) ព្រមទាំងព្រះរាម (Rama) និងព្រះនាងសិតា (Sita) ផងដែរ។

៦. ប្រាសាទស្វាមិនអរិយានឱសារធម្ម (ដេលី)
មានឈ្មោះជាភាសាអង់គ្លេសថា BAPS Swaminarayan Akshardham (Delhi) ដែលមានទំហំប្រមាណ ២៤០,០០០ម៉ែត្រការ៉េ ស្ថិតនៅទីក្រុងដេលី ប្រទេសឥណ្ឌា។ ប្រាសាទនេះផ្ដួចផ្ដើមកសាងដោយលោក ប្រមុខ ស្វាមិមហារាជ (Pramukh Swami Maharaj)។

៥. ប្រាសាទចត្របុរៈ
ប្រាសាទចត្របុរៈ (Chhatarpur) មានទំហំប្រមាណ ២៨០,០០០ម៉ែត្រការ៉េ ស្ថិតនៅរដ្ឋធានីញូវដេលី សាធារណរដ្ឋឥណ្ឌា។ ប្រាសាទនេះកសាងឡើងដើម្បីឧទ្ទិសថ្វាយព្រះនាងទុគ៌ា (Durga) ឬព្រះនាងខត្តិយានី (Katyayani) ដែលជាព្រះអាទិទេពក្នុងហិណ្ឌូសាសនា ដែលមានសម្លាប់យក្សមហិង្សាសុរា (Mahishasura)។

៤. ប្រាសាទស្រីលក្ម្សីនរាយណីទេវី
ប្រាសាទស្រីលក្ម្សីនរាយណីទេវី (Sri Lakshmi Narayani Devi) ជាប្រាសាទពណ៌មាសមួយដ៏ធំដែលមានទំហំប្រមាណ ៤០៤,៦៨៦ម៉ែត្រការ៉េ ស្ថិតនៅក្នុងរដ្ឋទមិឡ ភាគខាងត្បូងប្រទេសឥណ្ឌា។ ប្រាសាទនេះកសាងឡើងដើម្បីឧទ្ទិសថ្វាយព្រះនាងលក្ម្សី ដែលជាព្រះមហេសីរបស់ព្រះវិស្ណុ។

៣. ប្រាសាទស្រីរង្គនន្ទស្វាមិ
ប្រាសាទស្រីរង្គនន្ទស្វាមិ (Sri Ranganathaswamy) មានទំហំប្រមាណ ៦៣១,០០០ម៉ែត្រការ៉េ ស្ថិតនៅរដ្ឋទមិឡ ភាគខាងត្បូងប្រទេសឥណ្ឌា។ ប្រាសាទនេះកសាងឡើងដើម្បីឧទ្ទិសថ្វាយព្រះវិស្ណុ។

២. ប្រាសាទស្វាមិនអរិយានឱសារធម្ម (ញូវចឺស៉ី )
ភាសាអង់គ្លេសហៅថា BAPS Swaminarayan Akshardham (New Jersey) ដែលជាប្រាសាទចម្លងពីប្រាសាទស្វាមិនអរិយានឱសារធម្មនៅទីក្រុងដេលី ដោយប្រាសាទនេះស្ថិតនៅរដ្ឋញូវចឺស៉ី សហរដ្ឋអាមេរិក។ ប្រាសាទនេះមានទំហំសំណង់ប្រមាណ ៦៥៥,៥៩១ម៉ែត្រការ៉េ ដែលចាប់ផ្ដើមសាងសង់នៅឆ្នាំ២០១៥។

១. ប្រាសាទអង្គរវត្ត
ប្រាសាទអង្គរវត្ត (Angkor Wat) ជាមហាសាសនាដ្ឋានដ៏ធំជាងគេនៅលើពិភពលោកដែលមានទំហំសំណង់ប្រមាណ ១,៦២៦,០០០ម៉ែត្រការ៉េ ស្ថិតក្នុងរមណីយដ្ឋានអង្គរ ខេត្តសៀមរាប ប្រទេសកម្ពុជា ដែលត្រូវបានចុះក្នុងកំណត់ត្រា Guinness World Recordsថាជាប្រាសាទបុរាណដែលធំជាងគេបំផុតនៅលើពិភពលោក។ មហាប្រាសាទខ្មែរបុរាណនេះត្រូវបានកសាងឡើងក្នុងរជ្ជកាលព្រះបាទសូយ៌្យវម៌្មទី២ ឬសូរ្យវរ្ម័នទី២ (១១១៣-១១៥០) ដើម្បីឧទ្ទិសថ្វាយព្រះបរមវិស្ណុ ប៉ុន្តែមកដល់សម័យកណ្ដាលនៃប្រវត្តិសាស្ត្រកម្ពុជា ហិណ្ឌូសាសនដ្ឋាននេះក៏ត្រូវបានប្រែក្លាយទៅជាពុទ្ធសាសនដ្ឋានវិញ ដោយសារតែប្រទេសកម្ពុជាទាំងមូលបានប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួនតាមព្រះពុទ្ធសាសនា៕