(ភ្នំពេញ)៖ លោក វ៉្លាឌីមៀ លេនីន (Vladimir Lenin) គឺជាស្ថាបនិកនៃគណបក្សកុម្មុយនិស្តរុស្ស៉ី និងជាមេដឹកនាំសហភាពសូវៀតដំបូងបំផុត។ ក្រោយ «បដិវត្តខែកុម្ភៈ» ដែលបានផ្តួលរំលំរបបរាជានិយម ហើយបិទបញ្ចប់សម័យចក្រភពរុស្ស៉ីនៅឆ្នាំ១៩១៧ លោក លេនីន បានជួយដឹកនាំ «បដិវត្តខែតុលា» ឬ «បដិវត្តបូលសេវីក» ដែលបានបង្កើតចេញជារដ្ឋាភិបាលសូវៀតឡើង។
បដិវត្តបូលសេវីកនោះ បានបង្កជាសង្រ្គាមស៊ីវិលរុស្ស៉ី ដែលបានប្រព្រឹត្តទៅអំលុងប៉ុន្មានឆ្នាំដំបូងនៃពេលកាន់អំណាចរបស់លោក លេនីន។ ក្នុងពេលកើតបដិវត្តនោះដែរ លោកត្រូវគេលួចធ្វើឃាត ដោយត្រូវឃាតកបាញ់ជាច្រើនគ្រាប់ តែត្រូវចំករបស់លោក១គ្រាប់។ យ៉ាងណាមិញ កងទ័ពក្រហម (Red Army) របស់លោក ទីបំផុតក៏បានទទួលជ័យជម្នះ ហើយធ្វើឱ្យអំណាចរបស់រដ្ឋាភិបាលសូវៀតកាន់តែរឹងមាំ។ ឃាតកស្រីដែលបាញ់លោក លេនីន មានឈ្មោះថា ហ្វេននី កាផ្លាន (Fannie Kaplan)។ ក្រោយបរាជ័យក្នុងការធ្វើឃាតលោក វ៉្លាឌីមៀ លេនីន នៅទីក្រុងមូស្គូ នាម៉ោង៤ព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ១៩១៨នោះ នាងក៏ត្រូវបានគេប្រហារជីវិតនៅក្នុងចំណតរថយន្តវិមានក្រឹមឡាំង។
នៅឆ្នាំ១៩២២ រដ្ឋាភិបាលរបស់ លេនីន បានចុះសន្ធិសញ្ញាជាមួយអ៊ុយក្រែន បេឡារុស និងត្រេនស៊ែរកាស់ស៉ី (Transcaucasia) ជាតំបន់ដែលរួមបញ្ចូលហ្សកហ្ស៊ី អាមេនី និងអាស៊ែបៃហ្សង់ ដើម្បីបង្កើតសហភាពសូវៀត ឬ USSR ឡើង។
ក្នុងឆ្នាំដដែលនោះ សុខភាពលោក លេនីន ក៏បានចាប់ផ្តើមចុះទ្រុឌទ្រោម។ ក្រុមវេជ្ជបណ្ឌិត បានវះកាត់យកគ្រាប់កាំភ្លើង១គ្រាប់ ចេញពីកលោក ដែលពាំនៅជាប់ទីនោះចាប់តាំងពីព្រឹត្តិការណ៍ប៉ុនប៉ងធ្វើឃាតលើរូបលោក កាលពីឆ្នាំ១៩១៨មក។ ទោះជាបែបនេះក្តី ស្ថានភាពសុខភាពមេដឹកនាំសហភាពសូវៀតរូបនេះ កាន់តែអាក្រក់ទៅៗ រហូតដល់ថ្ងៃទី២១ ខែមករា ឆ្នាំ១៩២៤ លោក លេនីន ក៏បានទទួលមរណភាព ដោយសារដាច់សរសៃឈាមខួរក្បាលនៅអាយុ៥៣ឆ្នាំ។
លោក លេនីន បានចាប់ផ្តើមអាជីពបដិវត្តន៍របស់លោក ក្នុងនាមជាអ្នកកាន់លទ្ធិម៉ាក្ស៍ (Marxist) ដែលមានបំណងចង់ផ្តល់អំណាចនយោបាយទៅដល់ក្រុមពលករនិងកសិករ។ ក៏ប៉ុន្តែនៅពេលដែលលោកស្លាប់បាត់ទៅ រដ្ឋាភិបាលសូវៀតជាក់ស្តែងដែលលោកបានបង្កើតឡើង គឺខុសស្រឡះពីប្រភពរដ្ឋាភិបាលសង្គមនិយមដែលលោកបានគិតទុក។ អ្នកបន្តអំណាចពីលោក គឺលោក ចូសេហ្វ ស្តាលីន (Joseph Stalin) បានធ្វើឱ្យភាពផ្ទុះស្រឡះនោះកាន់តែច្បាស់ឡើងថែមទៀត៕