(ភ្នំពេញ)៖ បដិមានៃរចនាបថកោះកេរមានមាឌធំ មិនសូវមានសាច់ដុំ តែមានក្បាលពោះ មុខធំរាងការ៉េ ថ្ងាសទូលាយ ចំណែកចិញ្ចឹមមានទម្រង់ជាខ្សែទ្រនុងវែងជាប់គ្នាត្រង់ប្រជុំចិញ្ចើម ហើយមានរាងកោងបន្តិចនៅផ្នែកចុង រីឯភ្នែកមូលធំមានត្របកពីរជាន់ស្រដៀងរចនាបថបាខែង ច្រមុះធំហើយខ្ពស់បន្តិច ទងត្រចៀកវែង បបូរមាត់និងចង្កាព្រែក ស្មាបើកទូលាយ ទឹកមុខញញឹមមានលម្អដោយពុកមាត់និងពុកចង្កាដុះព័ទ្ធជុំវិញ ហើយជាទូទៅនៅត្រង់ករបស់បដិមាមានផ្នត់ចំនួន៤។

សូមជម្រាបថា សិល្បស្ថាបត្យកម្មខ្មែរ ត្រូវបានបែងចែកជាច្រើនរចនាបថ រួមមាន រចនាបទភ្នំដា រចនាបថសំបូរ រចនាបថព្រៃក្មេង រចនាបថកំពង់ព្រះ រចនាបថគូលែន រចនាបថព្រះគោ រចនាបថបាខែង រចនាបថកោះកេរ រចនាបថប្រែរូប រចនាបថបន្ទាយស្រី រចនាបថឃ្លាំង រចនាបថបាពួន រចនាបថអង្គរវត្ត រចនាបថបាយ័ន្ត រចនាបថសម័យកណ្ដាលជាដើម គេតែងនិយាយថា ក្នុងចំណោមរចនាបថទាំងនេះមានតែរចនាបថកោះកេរទេ ដែលប្រតិមាភាគច្រើនមានមាឌធំៗជាងគេរចនាបថផ្សេងៗ៕