(ភ្នំពេញ)៖ ក្រៅពីព្រះមហេសីទាំង២អង្គដូចដែលបានរៀបរាប់រួចហើយនោះ ព្រះចៅណាប៉ូឡេអុងក៏មានស្នំមួយចំនួនទៀតផងដែរ ដូចជា ជំទាវឧកញ៉ា អេឡេអូន័រ ឌឺនុយអែល ដឺឡាផ្លែងញ៉េ (Eléonore Denuelle de la Plaigne) ជំទាវឧកញ៉ា ម៉ារី វ៉ាឡេវស្គី (Marie Walewsky) ជាដើម។

១. ឆាលស៍ ឡេអុង (Charles Léon)
ចំណងមេត្រីរវាងព្រះចៅណាប៉ូឡេអុងជាមួយស្នំ អេឡេអូន័រ ឌឺនុយអែល ដឺឡាផ្លែងញ៉េ បានផ្ដល់កំណើតឱ្យព្រះអង្គម្ចាស់ ឆាលស៍ ឡេអុង ដែលត្រូវបានប្រសូត្រនៅឆ្នាំ១៨០៦។ ក្នុងជីវិតនិងការងារ ព្រះអង្គម្ចាស់ឆាលស៍ ឡេអុង ច្រើនតែមានរឿងអាស្រូវពាក់ព័ន្ធនឹងបញ្ហាហិរញ្ញវត្ថុ។ ព្រះអង្គម្ចាស់ឆាលស៍ ឡេអុង បានទទួលមរណភាពនៅអំឡុងឆ្នាំ១៨៨១ ក្នុងជន្មាយុ៧៥ឆ្នាំ។

២. អាឡិចហ្សង់ កូឡូនណា វ៉ាឡេវស្កា (Alexandre Colonna Walewsky)
ព្រះអង្គម្ចាស់អាឡិចហ្សង់ ត្រូវបានប្រសូត្រនៅឆ្នាំ១៨១០ ម្ដាយរបស់ទ្រង់គឺស្នំ ម៉ារី វ៉ាឡេវស្គី (Marie Walewsky)។ ព្រះអង្គម្ចាស់អាឡិចហ្សង់បានក្លាយជាអ្នកការទូត និងអ្នកនយោបាយមួយអង្គ ដោយបានបម្រើការជារដ្ឋមន្ត្រីក្រសួងការបរទេសបារាំង ក្នុងរជ្ជកាលព្រះចៅណាប៉ូឡេអុងទី៣។ ទ្រង់បានទទួលព្រះគោរមងារជា Count Walewsky ឬជាឧកញ៉ា វ៉ាឡេវស្គី។ អាឡិចសង់ កូឡូណា វ៉ាឡេវស្គី បានទទួលមរណភាពនៅឆ្នាំ១៨៦៨ ក្នុងជន្មាយុ៥៨ឆ្នាំ។