(ភ្នំពេញ)៖ ការរាតត្បាតជាសកលនៃជំងឺផ្តាសាយអេស៉្បាញដ៏កាចសាហាវកាលពីឆ្នាំ១៩១៨-១៩២០ បានឆ្លងដល់មនុស្សប្រហែល៥០០លាននាក់ នៅជុំវិញពិភពលោក គឺប្រមាណជាមួយភាគបីនៃចំនួនប្រជាជនសរុបនៅលើផែនដីនាពេលនោះ។ វាបានឆក់យកជីវិត ជនរងគ្រោះចន្លោះ២០-៥០លាននាក់។
ក្នុងដំណាក់កាលដំបូង ជំងឺផ្តាសាយអេស៉្បាញ បានលុកលុយនៅអឺរ៉ុប សហរដ្ឋអាមេរិក និងផ្នែកខ្លះនៃទ្វីបអាស៉ី មុនពេលរីករាតត្បាតយ៉ាងឆាប់រហ័សពាសពេញពិភពលោក។ ខណៈនោះពុំមានថ្នាំឬវ៉ាក់សាំងមួយ សម្រាប់ព្យាបាលប្រភេទជំងឺផ្តាសាយនេះឡើយ។ មនុស្សម្នាត្រូវបានបង្គាប់ឲ្យពាក់ម៉ាស ហើយសាលារៀន រោងភាពយន្ត និងអាជីវកម្មត្រូវបិទទ្វារ ស្របពេលដែលសាកសពនៅកកស្ទះពេញកន្លែងផ្ទុកសាកសព មុនពេលដែលជំងឺនេះ បានសាបរលាបបាត់ទៅវិញដោយខ្លួនវា។
* ការលេចឡើងនៃជំងឺផ្តាសាយអេស៉្បាញ ដែលជាជំងឺផ្តាសាយប្រភេទថ្មី
រលកឆ្លងរាលដាលដំបូងនៃជំងឺផ្តាសាយអេស៉្បាញ បានចាប់ផ្តើមនៅខ្ទង់ដើម ឆ្នាំ១៩១៨ តែហាក់មិនទាន់សូវមានសភាពធ្ងន់ធ្ងរខ្លាំងនោះទេ។ អ្នកដែលឆ្លងភាគច្រើន គ្រាន់តែចេញរោគសញ្ញាផ្តាសាយស្រាលៗធម្មតា ដូចជាគ្រុនរងា ក្តៅខ្លួន និងអស់កម្លាំង ហើយក៏ធូរស្បើយវិញនៅប៉ុន្មានថ្ងៃក្រោយ ខណៈតួលេខអ្នកបាត់បង់ជីវិត មានចំនួនយ៉ាងទាប។
យ៉ាងណាមិញ ពេលមកដល់ខែសីហា ឆ្នាំដដែល រលកឆ្លងរាលដាលជាលើកទីពីរ (Second Wave) នៃជំងឺផ្តាសាយអេស៉្បាញ បានវិវត្តន៍ ទៅជាមានលក្ខណៈកាចសាហាវជាខ្លាំង។ អ្នកដែលឆ្លងក្នុងរលកទីពីរនេះ បានបង់ជីវិតក្នុងពេលត្រឹមប៉ុន្មានម៉ោង ឬប៉ុន្មានថ្ងៃតែប៉ុណ្ណោះ ក្រោយពីចេញរោគសញ្ញា ដោយស្បែករបស់ពួកគេបានប្រែពណ៌ទៅជាខៀវ ហើយសួតពោរពេញដោយទឹក ដែលធ្វើឲ្យអ្នកជំងឺទាំងនោះ ពិបាកដកដង្ហើម។
បើតាមក្រុមអ្នកជំនាញ មូលហេតុដែលបណ្តាលឲ្យជំងឺផ្តាសាយអេស៉្បាញ ផ្តាច់ជីវិតមនុស្សយ៉ាងរង្គាល គឺដោយសារតែវិស័យសុខាភិបាល សម័យនោះ នៅមានភាពទន់ខ្សោយខ្លាំង ដោយគ្មានឧបករណ៍ជួយការដកដង្ហើម ឬមធ្យោបាយដើម្បីអភិវឌ្ឍវ៉ាក់សាំងឡើយ។ បន្ថែមពីលើនេះ វិធានការធ្វើចត្តាឡីស័កក៏មិនសូវមាន ហើយការផ្សព្វផ្សាយព័ត៌មានអំពីការរាតត្បាតនៃជំងឺនេះ ក៏ពុំសូវទូលំទូលាយថែមទៀត បូករួមទាំង ការដែលវាកើតឡើងចំពេលសង្រ្គាមលោកលើកទី១។ រលកឆ្លងរាលដាលលើកទីពីរនេះ បានសម្លាប់មនុស្សច្រើនជាងគេ ដោយចាប់ផ្តើមពីខែសីហា ដល់ចុងឆ្នាំ១៩១៨។ ជំងឺផ្តាសាយអេស៉្បាញ បានអូសបន្លាយដល់ជិតពាក់កណ្តាលឆ្នាំ១៩២០ ជាមួយរលកឆ្លងរាលដាលលើកទី៣ និងលើកទី៤ មុនពេលវាសាបរលាបបាត់ទៅវិញ។ សរុបរយៈពេលនៃការរាតត្បាតចាប់ពីឆ្នាំ១៩១៨ ដល់ឆ្នាំ១៩២០ ជំងឺផ្តាសាយនេះបានសម្លាប់មនុស្សចន្លោះ២០-៥០លាននាក់ ក្នុងចំណោម អ្នកឆ្លងប្រហែល៥០០លាននាក់។ តួលេខនេះ គឺជាការប៉ាន់ស្មាន ព្រោះកាលនោះមិនមានការកត់ត្រាទិន្នន័យច្បាស់លាស់ ប៉ុន្មានទេ។
* ហេតុអ្វីបានជាគេហៅវាថា «ជំងឺផ្តាសាយអេស៉្បាញ»?
ជំងឺផ្តាសាយអេស៉្បាញ មិនមែនមានប្រភពចេញពីប្រទេសអេស៉្បាញឡើយ ប៉ុន្តែការផ្សព្វផ្សាយព័ត៌មានអំពីជំងឺនេះ គឺចេញមកពីអេស៉្បាញ។ អំឡុងសង្រ្គាមលោកលើកទី១ អេស៉្បាញគឺជាប្រទេសអព្យាក្រឹត្យ ដែលប្រព័ន្ធសារព័ត៌មានដំណើរការដោយសេរីភាព មិនដូចនៅតាមបណ្តា ប្រទេសអឺរ៉ុបដទៃទៀតឡើយ។ ប្រទេសដែលពាក់ព័ន្ធក្នុងសង្រ្គាម បានដាក់ការរឹតត្បិតលើប្រព័ន្ធផ្សព្វផ្សាយ ដើម្បីកុំឲ្យមានការផ្សាយដែល ប៉ះពាល់ដល់ស្មារតីកងទ័ព។ ដូច្នេះហើយ ដោយសារតែបណ្តាព័ត៌មាននៅអេស៉្បាញ បានចុះផ្សាយយ៉ាងសកម្មអំពីជំងឺផ្តាសាយថ្មីខាងលើ មនុស្សភាគច្រើនក៏បានជឿថា វាមានប្រភពចេញពីទីនោះតែម្តងទៅ។
* ជំងឺផ្តាសាយអេស៉្បាញ មានប្រភពចេញមកពីណា?
មកទល់សម័យបច្ចុប្បន្ននេះ អ្នកវិទ្យាសាស្រ្តនៅតែមិនអាចដឹងច្បាស់នោះឡើយអំពីប្រភពដើម របស់ជំងឺផ្តាសាយអេស៉្បាញ ដោយមាន ត្រឹមទ្រឹស្តីនិងការសង្ស័យដែលចង្អុលទៅកាន់បារាំង ចិន ចក្រភពអង់គ្លេស ឬមួយក៏សហរដ្ឋអាមេរិក ប៉ុណ្ណោះ។
* ជំងឺផ្តាសាយនេះ បានបញ្ចប់ទៅវិញយ៉ាងដូចម្តេច?
ការរាតត្បាតនៃជំងឺផ្តាសាយអេស៉្បាញ បានផុតរលត់ទៅវិញ នៅជិតពាក់កណ្តាលឆ្នាំ១៩២០ ដោយសារតែលែងមានការឆ្លងរាលដាលខ្លាំងតទៅទៀត ដោយឯកឯង ហើយប្រហែលអ្នកឆ្លងភាគច្រើន បានអភិវឌ្ឍអង់ទីករការពារខ្លួនពីជំងឺនេះ។
គួរជម្រាបថា ចាប់តាំងពីពេលនោះមក ក៏មានជំងឺផ្តាសាយមួយចំនួនទៀត ដែលឆ្លងរាតត្បាតជាសកលផងដែរ ក៏ប៉ុន្តែមិនសាហាវដល់ជំងឺ ផ្តាសាយអេស៉្បាញទេ។ ក្នុងនោះការរាលដាលនៃជំងឺផ្តាសាយមួយ ចាប់ពីឆ្នាំ១៩៥៧-១៩៥៨ បានផ្តាច់ជីវិតមនុស្សខ្ទង់២លាននាក់ជុំវិញពិភពលោក និងមួយទៀតពីឆ្នាំ១៩៦៨-១៩៦៩ បានសម្លាប់មនុស្សប្រហែល១លាននាក់៕