(ភ្នំពេញ)៖ ក្នុងចំណោមសត្វល្អិតទាំងអស់ គ្មានសត្វណាដែលមានផ្ដល់ប្រយោជន៍ដល់មនុស្សជាងសត្វឃ្មុំឡើយ។ រាប់សតវត្សមកហើយដែលមនុស្សបានចិញ្ចឹម និងទាញយកប្រយោជន៍ពីសត្វល្អិតប្រភេទនេះ។ យើងអាចទាញប្រយោជន៍តាមរយៈការប្រមូលផលពីទឹកឃ្មុំដ៏ផ្អែមរបស់វា និងការពឹងផ្អែកទៅលើឃ្មុំដើម្បីបង្កាត់ពូជក្នុងការដាំដុះ។
ខាងក្រោមនេះជារឿងរ៉ាវ១៥យ៉ាងដែលលោកអ្នកគួរតែដឹងអំពី «អ្នកមានគុណតូចល្អិត» របស់យើង៖
១. ឃ្មុំអាចហើរបាន២៤.១៤គីឡូម៉ែត្រ/ម៉ោង
២៤គីឡូម៉ែត្រជាង ស្ដាប់ទៅដូចជាលឿនគួរសម តែសម្រាប់ពិភពសត្វល្អិតវិញ គឺយឺតណាស់!។ ស្លាបដ៏តូចល្អិតរបស់ពួកវាបក់បានចាប់ពី១២០០០ទៅ១៥០០០ដងក្នុងមួយនាទី ដោយគ្រាន់តែដើម្បីយោងខ្លួនដ៏តូចពោរពេញទៅដោយលម្អងផ្កា អាចហើរខ្ពស់ល្មមគ្រប់គ្រាន់ក្នុងការធ្វើដំណើរមកសម្បុរវិញ។
២. ក្នុងមួយសម្បុកមានឃ្មុំចាប់ពី៦ម៉ឺនក្បាលឡើងទៅ
ជាធម្មតាក្នុងមួយសម្បុកមានឃ្មុំចាប់ពី២ម៉ឺន-៦ម៉ឺនក្បាលឡើងទៅ។ ឃ្មុំដែលមានតួនាទីជាអ្នកថែទាំកូនៗបំពេញការងាររបស់ខ្លួន ខណៈឃ្មុំហែហមស្ដេចមាននាទីជួយសម្អាតនិងផ្ដល់ចំណីដល់ស្ដេច។ ឃ្មុំឆ្មាំរង់ចាំការពារនៅមាត់ច្រកចេញចូល ឃ្មុំអ្នកសាងសង់ប្រើជាតិជ័រដែលរកបានដើម្បីរូតរះសង់សម្បុកសម្រាប់ស្ដេចដាក់ពង ឃ្មុំកម្មករដទៃទៀតមើលថែនិងផ្ងំទឹកឃ្មុំ ឃ្មុំអ្នកសម្អាត/អ្នកកប់ខ្មោចពាំសាកសពឃ្មុំដែលងាប់ទៅចោលក្រៅសម្បុក រីឯឃ្មុំអ្នករកចំណីនាំលម្អង និងទឹកដមមកដាក់ក្នុងសម្បុក (Cell) ជាចំណីដល់សមាជិកទាំងអស់។ និយាយរួម សង្គមរបស់វាគ្មានទេអ្នកទំនេរ លើកលែងឃ្មុំឈ្មោលចេញ។
៣. ឃ្មុំមួយក្បាលអាចផលិតទឹកបានចំណុះជិត១ស្លាបព្រាកាហ្វេ
ចាប់ពីរដូវផ្ការីករហូតដល់រដូវរងារ ឃ្មុំចាំបាច់ត្រូវផលិតទឹកឃ្មុំឱ្យបានយ៉ាងហោចណាស់២៧.២៦គីឡូក្រាម ដើម្បីភាពរស់រានរបស់សង្គមវានៅរដូវត្រជាក់។ វាត្រូវការឃ្មុំរាប់ម៉ឺនក្បាលដើម្បីធ្វើការងារនេះ។
៤. ស្ដេចឃ្មុំមានទឹកកាមផ្ទុកក្នុងខ្លួនពេញមួយជីវិត
ដោយគ្រាន់តែរួមភេទតែម្ដងគត់់ក្នុងមួយជីវិតរបស់ស្ដេចឃ្មុំ នាងមានទឹកកាមគ្រប់គ្រាន់ដែលរក្សាទុកក្នុងស្បូន ដើម្បីប្រើប្រាស់ផ្សំគ្នាជាមួយអូវ៉ុលផលិតបានពងសម្រាប់និរន្តរភាពនៃសង្គមរបស់ឃ្មុំ។ ក្នុងមួយជីវិតរបស់ស្ដេចដែលមានរយៈពេល៣-៥ឆ្នាំ (ឯកសារខ្លះថាអាចរស់ដល់៦ទៅ៨ឆ្នាំ) ស្ដេចនឹងពងរហូតដល់ថ្ងៃចុងក្រោយរបស់ខ្លួន។ មួយសប្ដាហ៍បន្ទាប់ពីញាស់ ស្ដេចថ្មីត្រូវការរកឈ្មោលដើម្បីរួមភេទឱ្យខាងតែបាន មិនដូច្នេះទេរយៈពេល២០ថ្ងៃបន្ទាប់ ស្ដេចនឹងត្រូវបាត់បង់លទ្ធភាពរួមភេទជាស្ថាពរ។
៥. ស្ដេចអាចពងបានជាង២០០០ពងក្នុងមួយថ្ងៃ
ត្រឹមតែរយៈពេល៤៨ម៉ោងប៉ុណ្ណោះបន្ទាប់ពីរួមភេទរួច ស្ដេចឃ្មុំចាប់ផ្ដើមការងារដែលត្រូវរវល់មួយជីវិត គឺពងរាល់ថ្ងៃដែលជាមធ្យមវាអាចពងបានពី១៥០០-២០០០ពង។ ក្រោយពីពងរួចឃ្មុំកម្មករទាំងឡាយជាអ្នកថែរក្សានិងចាត់ចែងបាយទឹកដល់កូនៗទាំងនោះ។ មួយជីវិតរបស់ស្ដេចឃ្មុំអាចពងបានរហូតដល់១លានពង។
៦. ឃ្មុំប្រើសញ្ញាទំនាក់ទំនងដែលមានលក្ខណៈស្មុគស្មាញ
ខុសប្លែកពីសត្វដទៃ ឃ្មុំប្រើសញ្ញាទំនាក់ទំនងតាមរយៈកាយវិការបែបស្មុគស្មាញជាងគេលើផែនដីនេះ។ នៅក្នុងខួរក្បាលរបស់ឃ្មុំមានកោសិការណឺរ៉ុនជាង១លានដែលផ្ទុកក្នុងប្រអប់ដ៏តូចត្រឹមតែជាង១មីលីម៉ែត្រគីប។ នៅឆ្នាំ១៩៧៣ អ្នកវិទ្យាសាស្ត្រផ្នែកសិក្សាអំពីសត្វជនជាតិអូទ្រីសឈ្មោះ Karl von Frisch ទទួលបានពានរង្វាន់ណូបែលផ្នែកសិរីរវិទ្យា ឬវិជ្ជសាស្ត្រក្នុងការដែលគាត់អាចបកស្រាយកាយវិការរាំរបស់ឃ្មុំបាន ដែលគេហៅថា Waggle dance។
៧. ឃ្មុំឈ្មោលនឹងស្លាប់បន្ទាប់ពីបង្កាត់ជាមួយស្តេចឃ្មុំ (Queen) រួច
នេះជាធម្មជាតិរបស់សត្វឃ្មុំ។ មួយសប្ដាហ៍បន្ទាប់ពីញាស់ភ្លាម អាឈ្មោលត្រៀមលក្ខណៈជាស្រេចសម្រាប់ការបន្តពូជ។
៨. សីតុណ្ហភាពក្នុងសម្បុកឃ្មុំគឺប្រហែល៣៣.៨អង្សាសេ
ជានិច្ចជាកាល សីតុណ្ហភាពនៅក្នុងសម្បុកឃ្មុំគឺប្រហែលជា៣៣.៨អង្សាសេ។ នៅពេលសីតុណ្ហាភាពធ្លាក់ចុះជាងហ្នឹង ឃ្មុំកម្មករទាំងអស់នឹងផ្ដុំគ្នាក្បែរស្ដេច ដើម្បីឱ្យស្ដេចមានភាពកក់ក្ដៅ ហើយនៅរដូវក្ដៅ ឃ្មុំកម្មករនឹងនាំគ្នាបក់ស្លាបដើម្បីឱ្យសីតុណ្ហភាពនៅក្បែរស្ដេចឃ្មុំបានប្រសើរឡើង។
៩. ជាតិក្រមួនសម្រាប់ធ្វើសម្បុកកើតឡើងពីក្រពេញនៅក្រោមពោះ
ឃ្មុំដែលក្មេងជាងគេបញ្ចេញក្រមួនសម្រាប់ឃ្មុំកម្មករធ្វើសម្បុក។ ក្រពេញចំនួន៨គូបញ្ចេញក្រមួនតូចៗដែលរឹងមាំបំផុតមិនរលាយពេលត្រូវខ្យល់។ ឃ្មុំកម្មករទំពារក្រមួនទាំងនោះដើម្បីទន់គ្រប់គ្រាន់សម្រាប់សង់សម្បុក។
១០. ឃ្មុំកម្មករទៅរកផ្កាជាង២ពាន់ទងជារៀងរាល់ថ្ងៃ
ជាទូទៅ ឃ្មុំកម្មករមិនអាចទៅយកលម្អងពីផ្ការាប់ពាន់ទងឱ្យរួចតែម្ដង និងត្រឡប់ទៅសម្បុកវិញបានឡើយ។ វាត្រូវទៅរកម្ដង៥០-១០០ទងរួចជញ្ជូនលម្អងមកសិន ហើយវាធ្វើការងារបែបនេះសាចុះសាឡើងទាល់តែគ្រប់។ ក្នុងរយៈពេល៣សប្ដាហ៍នៃការងារនេះ ឃ្មុំធ្វើការយ៉ាងហត់នឿយ និងអាចហោះបានប្រហែល៨០៤.៦៧គីឡូម៉ែត្រ។
១១. ឃ្មុំអាចកំណត់ភេទកូនឃ្មុំដែលនឹងត្រូវញាស់
ភេទឃ្មុំដែលត្រូវញាស់ វាអាស្រ័យលើប្រភេទអាហារដែលកូនញាស់ទទួលបានពីឃ្មុំកម្មករ។ កូនញាស់ដែលនឹងញាស់ជាឃ្មុំកម្មករ ឬឃ្មុំឈ្មោល នឹងទទួលបាន Bee Bread និងទឹកឃ្មុំ (Honey) រីឯដែលនឹងញាស់ជាស្ដេចនឹងទទួលបាន Royal Jelly តែមួយមុខគត់។
១២. ឃ្មុំនឹងបង្កើតស្ដេចនៅពេលបន្ទាន់មួយ
នៅពេលសម្បុកបាត់វត្តមានស្ដេច (Queen) ឃ្មុំកម្មករនឹងបង្កើតស្ដេចថ្មីទៀតដោយផ្ដល់ចំណីជា Royal Jelly ដល់កូនញាស់ណាមួយ។ ស្ដេចដាច់ខាតត្រូវតែមាននៅក្នុងសម្បុក ពុំនោះទេសង្គមរបស់វានឹងក្រឡាប់ចាក់ ហើយប្រឈមនឹងការវិនាស ព្រោះមានតែស្ដេចមួយប៉ុណ្ណោះដែលអាចពង និងបង្ករបង្កើតសមាជិកក្នុងសង្គមរបស់ឃ្មុំ។
១៣. មួយសម្បុកមានឈ្មោលតែជាង១៥%
មួយសម្បុកមានឈ្មោលតែជាង១៥%ប៉ុណ្ណោះ រីឯស្ដេចឃ្មុំ និងឃ្មុំកម្មករទាំងអស់សុទ្ធតែមានភេទជាញី។
១៤. ស្ដេចទទួលបានសែនខុសៗគ្នា
ពេលបង្កាត់ពូជ ស្ដេចត្រូវការអាឈ្មោលចាប់ពី១០ក្បាលឡើងទៅ ឬរហូតដល់៤០ក្បាលក៏មាន។ ឃ្មុំឈ្មោលកាន់តែច្រើន នាំឱ្យស្ដេចមានទឹកកាមច្រើន ហើយក៏បានន័យថាក្នុងខ្លួនវាផ្ទុកនូវសែនពីបាខុសៗគ្នា។
១៥. ឃ្មុំជាសត្វស្អាត
បើសិនអ្នកជាអ្នកចិញ្ចឹមឃ្មុំ តើដែលឃើញសាកសពឃ្មុំនៅក្នុងសម្បុកវាទេ? ចម្លើយគឺតែគ្មានទាល់តែសោះ។ ឃ្មុំដែលមានតួនាទីជាអ្នកសម្អាតនឹងពាំទៅទម្លាក់ចោលក្រៅសម្បុក។ ឃ្មុំខ្លះវាដឹងខ្លួនវាជិតងាប់វាហើរទៅខាងក្រៅរួចជាស្រេច ឬក៏ពួកកម្មករនឹងពាំឃ្មុំណាដែលពិការ ឬជិតងាប់ចោលបាត់ទៅហើយ។ កុំថាឡើយដល់ងាប់ក្នុងសម្បុក សូម្បីបត់ដៃបត់ជើងក៏វាទៅក្រៅសម្បុកវាដែរ លើកលែងស្ដេចដែលបន្ទោរបង់នៅក្នុងសម្បុក ហើយបន្ទាប់ពីនោះបរិវារអ្នកចាត់ចែងសម្អាតយ៉ាងត្រឹមត្រូវ។
១៦. ភ្នាក់ងារដំណើរលម្អង
វាមានតួនារីជួយឱ្យដំណើរលម្អងរុក្ខជាតិ ដែលធ្វើឱ្យមានផ្លែឈើជាច្រើន។
ជាការពិតណាស់ ការណ៍ដែលអវត្តមានឃ្មុំធ្វើឱ្យកសិផលទទួលទិន្នផលទាប។ ចូលរួមថែរក្សាឃ្មុំ ដោយការកាត់បន្ថយឬឈប់ប្រើប្រាស់ថ្នាំសម្លាប់សត្វ៕