(ភ្នំពេញ)៖ ចាប់ពីរវាងសតវត្សទី១០មក យើងសង្កេតឃើញថានៅក្នុងសិល្បៈខ្មែរចាប់ផ្តើមពេញនិយមកសាងប្រាសាទដែលមានរាងពីរ៉ាមីតជាបន្តបន្ទាប់ ជាក់ស្តែងដូចជាប្រាសាទបក្សីចាំក្រុង (តំបន់អង្គរ) ប្រាសាទប្រាង្គ ឬប្រាសាទធំ (តំបន់កោះកេរ ។ល។ ដោយឡែកនៅតំបន់ប្រាសាទព្រះខ័នកំពង់ស្វាយ ក៏មានប្រាសាទមានរាងពីរ៉ាមីតមួយដែរ ដែលប្រាសាទនោះមានឈ្មោះថា «ប្រាសាទព្រះដំរី» ដែលមានទីតាំងស្ថិតនៅខាងកើតបឹងតដាក (អាងស្តុកទឹកដ៏ធំមួយនៅតំបន់នោះ) ដោយបច្ចុប្បន្នស្ថិតនៅភូមិតាសែង ឃុំរណសិរ្ស ស្រុកសង្គមថ្មី ខេត្តព្រះវិហារ។ តើប្រាសាទនេះមានប្រវត្តិ និងលក្ខណៈបែបណាខ្លះ?

ឈ្មោះថាប្រាសាទព្រះដំរីនេះ គឺទំនងសំដៅទៅដល់បដិមាដំរីមួយដែលគេតម្កល់នៅជាន់ខាងលើបង្អស់របស់ប្រាសាទនេះ ដែលអមជុំវិញតាមជ្រុងទាំង៤ ដោយបដិមាដំរីចំនួន៤ផ្សេងទៀត។ បដិមាព្រះដំរីនេះ សព្វថ្ងៃកំពុងដាក់តាំងបង្ហាញនៅសារមន្ទីរហ្គីមេត នាទីក្រុងប៉ារីស ប្រទេសបារាំង ហើយប្រមូលទៅស្រុកបារាំងដោយលោក ល្វី ដឺឡាព័រ (Louis Delaporte) នៅឆ្នាំ១៨៧៣។ ប្រាសាទព្រះដំរី ចាប់ផ្តើមមានការសិក្សាស្រាវជ្រាវដំបូងដោយលោក គ្រួសយ៉េ (Crozier) នៅក្នុងឆ្នាំ១៨៧៥ តែលោកពុំបានរៀបរាប់អ្វីច្រើននោះទេ។ ក្នុងដំណើរបេសកកម្មប្រមូលវត្ថុបុរាណខ្មែររបស់លោក ល្វី ដឺឡាព័រ នៅទសវត្សឆ្នាំ១៨៧០ លោកក៏បានមកដល់ក្រុមប្រាសាទបាកាណ ហើយបានប្រមូលយកវត្ថុបុរាណមួយចំនួនចេញពីទីនេះ រួមទាំងបដិមាព្រះដំរីដូចរៀបរាប់ខាងលើ។ ក្រោយមកទៀត នៅសតវត្សទី២០ មានអ្នកស្រាវជ្រាវពីអឺរ៉ុបជាច្រើនបានចាប់អារម្មណ៍ក្នុងការសិក្សាអំពីប្រាសាទព្រះដំរី។

ប្រាសាទព្រះដំរីសាងឡើងអំពីថ្មបាយក្រៀមតម្រៀបជាថ្នាក់ៗចេញជារាងសាជីជ្រុង ឬរាងពីរ៉ាមីត ដែលមានបាតខាងក្រោមជារាងបួនជ្រុងស្មើប្រវែងប្រមាណ៣០ម៉ែត្រ ដោយតម្រៀបជាថ្នាក់តូចៗទៅលើប្រមាណ១០ថ្នាក់ (ថ្នាក់ខាងលើប្រវែងប្រមាណ១៥ម៉ែត្រ) និងមានកម្ពស់សរុប៦ទៅ៧ម៉ែត្រ។ នៅជុំវិញប្រាសាទហ៊ុមព័ទ្ធដោយកំពែងធ្វើអំពីថ្មបាយក្រៀម ដែលមានទ្វារចូលនៅទិសពាយព្យធ្វើអំពីថ្មភក់ (មានបង្កាន់ដៃនាគនិងគ្រុឌ) ហើយមានទ្វារបញ្ឆោតធ្វើអំពីថ្មភក់នៅ៣ទិសផ្សេងទៀត។ នៅលើកំពែងមានលម្អដោយក្បាច់បៃរការាងដូចទឹករលកធ្វើអំពីថ្មភក់ រីឯនៅអមទ្វារបញ្ឆោតគេលម្អដោយចម្លាក់ទេពអប្សរ ចម្លាក់សត្វ និងក្បាច់រុក្ខជាតិផ្សេងៗ។ ចំណែកនៅតាមជ្រុងកំពែង មានលម្អដោយសត្វទេវកថាដែលមានតេជះរួមបញ្ចូលគ្នាតែមួយ ពោលគឺក្បាលជាសត្វដំរី ខ្លួននិងជើងអាចជាតោនិងគ្រុឌ។ ជាពិសេសយើងសង្កេតឃើញថានៅលើក្បាលដំរីនេះ មានលម្អជាចម្លាក់ទេពក្នុងព្រះពុទ្ធសាសនា។

យោងទៅតាមការសិក្សារបស់លោក អេត្យែន អៃម៉ូនីញ៉ា (Étienne Aymonier) និងលោក ដឺឡាសុងហ្គែ (Lajonquière) បង្ហាញថា នៅផ្នែកខាងលើរបស់ប្រាសាទមានលម្អដោយបដិមាតោចំនួន៨ និងបដិមាទ្វារបាលចំនួន៨ (ទ្វារបាលប្រដាប់ដោយដំបងរាងវែងទម្លាក់ចុះមកក្រោម) ប៉ុន្តែសព្វថ្ងៃយើងអាចមើលឃើញតែបដិមាតោមួយចំនួនប៉ុណ្ណោះ ចំណែកបដិមាទ្វារបាលពុំដឹងបាត់បង់ទៅទីណានោះទេ។ នៅតាមទ្វារចូល និងទ្វារបញ្ឆោតរបស់ប្រាសាទព្រះដំរី ក៏មានលម្អផ្តែរទ្វារដែរ តែវាមានលក្ខណៈពិសេសមួយ ពោលគឺគេធ្លាក់ជារូបទេពក្នុងព្រះពុទ្ធសាសនាមហាយាន ឬវជ្រយានចំនួន៥អង្គកំពុងអង្គុយក្នុងកាយវិការបន្នសន ហើយមើលទៅព្រះហស្តកំពុងដាក់ផ្ងារឡើងលើក្នុងទម្រង់សមាធិ។ គេមិនដឹងច្បាស់ថា រូបទេពទាំង៥ជាទេពអង្គណាឱ្យប្រាកដនោះទេ ព្រោះគ្មានព័ត៌មានសិលាចារឹកណាមួយនៅតំបន់នេះបញ្ជាក់អំពីចម្លាក់ទាំងនេះឡើយ។ អ្នកស្រាវជ្រាវមួយចំនួនយល់ថា រូបទេពទាំង៥នេះ គឺជាព្រះធ្យានិពុទ្ធទាំង៥ (បញ្ចសៅគត) រួមមាន ព្រះវៃរោចន ព្រះអស្ចារ្យ ព្រះរតន្នសម្ភវ ព្រះអាមិតភ និងព្រះអមោឃសិទ្ធិ។ តែទោះបីជាយ៉ាងណា នៅក្នុងសិល្បៈបុរាណរបស់ប្រទេសដែលគោរពព្រះធ្យានិពុទ្ធទាំង៥ គេតែងឃើញព្រះទាំង៥មានកាយវិការផ្សេងៗពីគ្នា ពុំមែនកាយវិការសមាធិតែមួយដូចរូបនេះទេ។ ម៉្លោះហើយ យើងនៅតែមិនអាចហ៊ានសន្និដ្ឋានថា រូបទេពទាំង៥នេះជានរណាឱ្យប្រាកដនោះទេ។ ចម្លាក់ព្រះទាំង៥សមាធិបែបនេះ យើងប្រទះឃើញមានច្រើនគួរសមនៅក្នុងតំបន់ប្រាសាទព្រះខ័នកំពង់ស្វាយ។ ដូច្នេះហើយតាមរយៈសិល្បៈបដិមាសត្វនិងចម្លាក់ផ្សេងៗនៅច្រកចូល និងនៅតាមកំពែង នាំឱ្យអ្នកស្រាវជ្រាវជាច្រើនអាចចាត់ថ្នាក់ប្រាសាទព្រះដំរីចូលទៅក្នុងរចនាបថបាយ័ន្ត ចុងសតវត្សទី១២ និងដើមសតវត្សទី១៣ ពោលគឺក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧។

អ្វីដែលគួរយកមកពិចារណានោះ គឺនៅប្រាសាទប្រាង្គ ឬប្រាសាទធំ (តំបន់កោះកេរ) ដែលមានរាងពីរ៉ាមីតដូចប្រាសាទព្រះដំរីដែរ តែឧទ្ទិសដល់ព្រហ្មញ្ញសាសនា គេតម្កល់ព្រះសិវលិង្គនៅចំកណ្តាល (យោងតាមទិន្នន័យសិលាចារឹក) ប៉ុន្តែប្រាសាទព្រះដំរីដែលជាប្រាសាទឧទ្ទិសដល់ព្រះពុទ្ធសាសនា បែរជាតម្កល់រូបបដិមាសត្វដំរីនៅចំកណ្តាលទៅវិញ។ តែចំណុចគួរកត់សម្គាល់នោះ គឺនៅភាគខាងកើតអាងស្តុកទឹកប្រាសាទបឹងមាលាក៏មានប្រាសាទរាងពីរ៉ាមីតមួយធ្វើអំពីថ្មបាយក្រៀមដែរ មានឈ្មោះថា «ប្រាសាទគងភ្លុក»។ ប្រាសាទគងភ្លុកមានរឿងព្រេងទាក់ទងនឹងស្ដេចដំរីដូចគ្នាដែរ (ស្តេចដំរីស) ដែលប្រហែលពីមុនក៏អាចគេតម្កល់រូបបដិមាដំរីនៅទីនោះដូចគ្នា ក៏អាចថាបាន។ ប្រាសាទគងភ្លុកមានអាយុកាលដូចគ្នាជាមួយប្រាសាទព្រះដំរី (រចនាបថបាយ័ន្ត រជ្ជកាលព្រះបាទជ័យវរ្ម័នទី៧) ដូច្នេះហើយយើងអាចសន្និដ្ឋានបានថាវាមិនមែនជារឿងចៃដន្យឡើយ ដែលមានប្រាសាទរាងពីរ៉ាមីតពាក់ព័ន្ធជាមួយសត្វដំរីនៅខាងកើតអាងស្តុកទឹករបស់ប្រាសាទដូចគ្នា តែអាចជាគំនិតមួយដែលដកស្រង់ចេញពីគម្ពីរណាមួយនៃព្រះពុទ្ធសាសនាច្រើនជាង។ សរុបជារួមមក ប្រាសាទព្រះដំរី គឺជាប្រាសាទមួយឧទ្ទិសដល់ព្រះពុទ្ធសាសនាមហាយាន ឬវជ្រយាន ក្នុងរចនាបថបាយ័ន្ត រជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ ដែលមានភាពជាប់ពាក់ព័ន្ធច្រើនជាមួយជំនឿទាក់ទងនឹងសត្វដំរី។ ប្រាសាទនេះ អាចចាត់ទុកថា ជាប្រាសាទដ៏ពិសេសមួយនៅក្នុង ស្ថាបត្យកម្មបុរាណរបស់ខ្មែរ ដែលសិល្បកររចនាឡើងជាប្លង់ដែលមានរាងពីរ៉ាមីត ហើយជាសក្ខីភាពមួយបង្ហាញអំពីការគោរពព្រះពុទ្ធសាសនាមហាយាន ឬវជ្រយានដ៏ធំសម្បើមមួយនៅក្នុងសង្គមខ្មែរ នៅចុងសតវត្សទី១២ដល់ដើមសតវត្សទី១៣៕