(ភ្នំពេញ)៖ ថ្លែងនៅចំពោះមុខកម្មករ-កម្មការិនី នៅក្នុងទឹកដីដែលអញ្ជើញមកពីខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសជាសាធារណៈផ្តាំថា អតីតខ្លោចអតីតគណបក្សសង្គ្រោះជាតិ មិនអាចរស់ឡើងវិញនោះឡើយ។
ការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨នេះ ក្នុងឱកាសដែលសម្តេចអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនី ប្រមាណ១៥,៦០៦នាក់ មកពីរោងចក្រសហគ្រាសចំនួន២២ មកពីខេត្តកំពង់ស្ពឺ និងខេត្តកណ្តាល។
សម្តេចតេជោ ហ៊ុន សែន បានប្រកាសយ៉ាងដូច្នេះថា៖ «កុំសង្ឃឹមថា ខ្លោចដែលវាងាប់ទៅ ហើយវារស់ឡើងវិញ ដែលរយៈពេលចុងក្រោយនេះ មានការប្រមូលគ្នារៀបចំ ហើយសូមផ្តាំទៅលោក ហេង សើ ដែលជាប្រធានក្រុមការងារនៅខេត្តកំពត ដែលកំពុងតែរៀបចំរចនាសម្ព័ន្ធតាមស្រុក តាមភូមិប្រមូលអ្នកមេភូមិឱ្យមកធ្វើការឡើងវិញ សូមកុំសង្ឃឹម»។
នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលនាំមកនូវសុខសន្តិភាពជូនកម្ពុជារូបនេះបានសង្កត់ធ្ងន់ៗថា អតីតមន្ត្រីគណបក្សសង្គ្រោះជាតិមួយចំនួន កំពុងតែបោកប្រាស់ និងផ្តល់នូវក្តីសង្ឃឹមដល់អ្នកគាំទ្រ នូវអ្វីដែលមិនមានសង្ឃឹម និងព្យាយាមបំផ្លាញនូវអនាគតអ្នកគាំទ្រខ្លួនតាមរយៈវិធី បោកប្រាស់គ្រប់បែបយ៉ាង ហើយមានការសូកប៉ាន់គ្នាតាមគ្រប់រូបភាព ដើម្បីតែអំណាចរបស់ខ្លួនតែដឹងថា មិនអាចរស់ឡើងវិញនោះទេ។
សម្តេចតេជោ ហ៊ុន សែន បានប្រសាសន៍បន្ថែមទៀតថា មន្ត្រីរបស់អតីតគណបក្សសង្គ្រោះជាតិ ដែលបានចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា នឹងបន្តតួនាទីរបស់ខ្លួន រហូតដល់ឆ្នាំ២០២២ និងបន្តឈរឈ្មោះឱ្យគេបោះឆ្នោត នៅ ក្នុងគណបក្សប្រជាជនបន្តទៀតផងដែល ហើយមន្ត្រីក្រុមប្រឹក្សាខេត្ត-ស្រុក ដែលនឹងត្រូវធ្វើការបោះឆ្នោតនៅក្នុងខែឧសភា ខាងមុខនេះ នឹងត្រូវបានឱ្យឈរឈ្មោះបន្តទៀត ឬអ្នកដែលមិនទាន់បានឈរក៏តម្រូវឱ្យឈរឈ្មោះផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះ៖ «រងចាំមើលទៅអ្នកដែលដែលមកចូលរួមជាមួយគណបក្សប្រជាជនកម្ពុជាហើយ ខ្ញុំធានាគ្រប់យ៉ាងសម្រាប់ខ័ណ្ឌឃុំ នឹងមានរហូតដល់ឆ្នាំ២០២២ ហើយអ្នកដែលធ្វើកិច្ចការល្អនឹងបន្តឈរឈ្មោះក្រោយឆ្នាំ២០២២ បន្តទៀត»។
សម្តេចតេជោ ក៏បានផ្តាំទៅទៅអតីតសកម្មជនអតីតគណបក្សសង្គ្រោះជាតិថា កុំនាំគ្នាដេកយល់សប្តិថាបានត្រឡប់មកធ្វើជាមេឃុំ-ចៅសង្កាត់ ឬជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ឡើងវិញឱ្យសោះ។
នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់បន្ថែមទៀតថា៖ «ខ្លោចដែលវាងាប់ទៅវាមិនអាចរស់ឡើងវិញបានទេ សូមកុំឱ្យព្រះអាទិត្យរះ កុំព្យាយាមឱ្យព្រះអាទិត្យរះនៅម៉ោង១២អាធ្រាតផ្តាំទៅ»។
ជាមួយគ្នានេះដែរប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជារូបនេះ ក៏បានប្រកាសទៀតថា កុំសង្ឃឹមថាមានការបោះឆ្នោតជ្រើសរើស តំណាងរាស្ត្រឡើងវិញនោះ ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ ត្រូវរងចាំរហូតទៅដល់ខែកក្កដា ឆ្នាំ២០២៣ តែប៉ុណ្ណោះ៕