(ភ្នំពេញ)៖ រដ្ឋាភិបាលកូរ៉េខាងត្បូង បានផ្តល់ឥណទានជិត ៦៤លានដុល្លារអាមេរិក សម្រាប់សាងសង់ស្ថានីយ៍ប្រព្រឹត្ដកម្មទឹកកខ្វក់នៅក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល។ ពិធីចុះហត្ថលេខាទទួល និងផ្តល់ឥណទាន បានធ្វើឡើងនៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨នេះ រវាងលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយតំណាងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស Dohwa Engineering Co.,Ltd.។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងបញ្ជាក់ថា ស្ថានីយ៍ប្រព្រឹត្ដកម្មទឹកកខ្វក់នេះ មានសមត្ថភាពចម្រោះ ៧,៦០០ម៉ែត្រគូបក្នុង១ថ្ងៃ សាងសង់ស្ថានីយបូមចំនួន ១០ទីតាំង ដែលមានសមត្ថភាពបូម ២៩,៩៥២ម៉ែត្រគូបក្នុងមួយថ្ងៃ។ ថវិកានេះក៏នឹងសាងសង់បណ្ដាញលូមុខកាត់ពី ០,៣ទៅ ១.២ម៉ែត្រ ប្រវែង ៤៣.៣៣គីឡូម៉ែត្រ និងលូមុខកាត់ពី ០.១ ទៅ ០.៤ ម៉ែត្រ ប្រវែង ៦គីឡូម៉ែត្រ និងការងារស្ដារស្ទឹងប្រវែង ១៦.៣គីឡូម៉ែត្រ រួមទាំងការស្ដារស្ថានីយបូម ដែលមានស្រាប់ក្នុងក្រុងតាខ្មៅផងដែរ។
គម្រោងនេះប្រើរយៈពេលប្រមាណ ៤៨ខែ។ លោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល បានឲ្យដឹងដែរថា គម្រោងអភិវឌ្ឍន៍ប្រព័ន្ធប្រព្រឹត្ដកម្មទឹកកខ្វក់នៅក្រុងតាខ្មៅនេះ នឹងធ្វើឲ្យប្រសើរឡើងនូវស្ថានភាពសុខុមាលភាព និងអនាម័យសម្រាប់ប្រជាពលរដ្ឋ ដោយសាងសង់ស្ថានីយប្រព្រឹត្ដកម្មទឹកកខ្វក់ ដែលមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការច្រោះសម្អាតទឹកកខ្វក់ ពិសេសលើកកម្ពស់បរិស្ថាន ដោយការសាងសង់ និងបង្កើននូវប្រព័ន្ធបណ្ដាញលូ និងការតភ្ជាប់បណ្ដាញលូពីផ្ទះប្រជាពលរដ្ឋ មកកាន់ស្ថានីយប្រព្រឹត្ដកម្មទឹកកខ្វក់ និងការពារទឹកជំនន់ជាដើម៕