(ភ្នំពេញ)៖ កូនស្រីចិញ្ចឹមលោក ប៉ែន សុវណ្ណ អតីតប្រធានក្រុមប្រឹក្សារដ្ឋមន្រ្តី (នាយករដ្ឋមន្រ្តី) នៃសាធារណរដ្ឋប្រជាមានិតកម្ពុជា លោកស្រី ប៉ែន សុធា បានធ្វើការអំពាវនាវដល់សប្បុរសជននានា មេត្តាជួយជាថវិកាដើម្បីបន្តព្យាបាលជំងឺលោក ប៉ែន សុវណ្ណ ដែលដាច់សរសៃឈាមខួរក្បាលពិការនៅតែលើគ្រែ ។
បា្រប់តាមទូរស័ព្ទនៅវេលាថ្ងៃត្រង់ ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៥ លោកស្រី ប៉ែន សុធា បានបញ្ជាក់ទៀតថា លោកស្រីស្វាគមន៍រាល់ជំនួយឧបត្ថម្ភទំាងអស់ រាប់ទំាងជំនួយរបស់មន្រ្តីគណបក្សប្រជាជនកម្ពុជា ដែលធ្លាប់ធ្វើការតស៊ូរំដោះជាតិជាមួយឪពុករបស់លោកស្រី (លោក ប៉ែន សុវណ្ណ) ផងដែរ ។ លោកស្រីបានបន្តថា មកដល់ពេលនេះ ស្ថានភាពជំងឺរបស់លោក ប៉ែន សុវណ្ណ បានធូរស្រាលជាងមុន ប៉ុន្តែនៅតែមិនទាន់អាចនិយាយកើត និងដើរបាននៅឡើយ ។
សូមជំរាបថា អតីតនាយករដ្ឋមន្រ្តីក្នុងរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា ដែលកាន់តំណែងពីឆ្នាំ១៩៧៩ដល់ឆ្នាំ១៩៨១រូបនេះ បានដាច់សរសៃឈាមខួរក្បាល កាលពីថ្ងៃទី១៨ មករា ២០១៥ និង ត្រូវបានគណបក្សសង្រ្គោះជាតិបញ្ជូនបន្តភ្លាមៗ ទៅព្យាបាលនៅក្នុងប្រទេសសិង្ហបុរីដើម្បីសង្គ្រោះ និងដោយពុំមានថវិកាគ្រប់គ្រាន់បន្តព្យាបាលនៅក្នុងប្រទេសសិង្ហបុរីនោះ ទើបបញ្ជូនមកព្យាបាលនៅកម្ពុជាវិញ។
ក្នុងវ័យ៧៩ឆ្នាំ (១៥ មេសា ១៩៣៦ ) លោក ប៉ែន សុវណ្ណ ដែលបច្ចុប្បន្នជាតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិមណ្ឌលកំពង់ស្ពឺ មានស្រុកកំណើតនៅស្រុកត្រំាកក់ ខេត្តតាកែវ ៕