(កំពង់ចាម)៖ លោក គួច ចំរើន ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០១៩នេះ បានអញ្ជើញចូលរួមក្នុងការប្រកាស បញ្ជូលសមាជិក គណបក្សប្រជាជនកម្ពុជា ចំនួន៤រូប ដែលជាសកម្មជនអតីតគណបក្សសង្រ្គោះជាតិ និងគណបក្សសិទ្ធិមនុស្ស។
សមាជិកថ្មីចំនួន៤រូប របស់គណបក្សប្រជាជន រួមមាន៖ លោក លី វណ្ណស៊ី ជាអតីតសមាជិកក្រុមប្រឹក្សាស្រុកគណបក្សសង្រ្គោជាតិ, លោក រុន ណារិន ជាអតីតប្រធានប្រតិបត្តិគណបក្សសិទ្ធិមនុស្សស្រុកចំការលើ, លោក ហេង លឹមខេង ជាអតីតសមាជិកគណៈកម្មាធិការប្រតិបត្តិ គណបក្សសង្រ្គោះជាតិខេត្តកំពង់ចាម និងលោក ជុំ ម៉េង ជាអតីតសមាជិកយុវជនគណបក្សសង្រ្គោះជាតិខេត្តកំពង់ចាម។
តាមរយៈការសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជានេះ សមាជិកអតីតបក្សប្រឆាំងទាំង៤រូប សុទ្ធតែអះអាងដូចគ្នាថា ដោយមើលឃើញ និងជឿជាក់លើគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ពិសេសជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ទើបពួកគេបានមកសុំរួមរស់ជីវភាពនយោបាយជាមួយវិញ។
ក្នុងនាមជាប្រធានគណបក្សប្រជាជនកម្ពុជា នៅខេត្តកំពង់ចាម លោក គួច ចំរើន សូមប្រកាសស្វាគមន៍ចំពោះឆន្ទៈ ពិតប្រាកដរបស់សមាជិកថ្មីទាំង៤រូប ដែលបានសម្រេចចិត្តដ៏ត្រឹមត្រូវមកចូលរួម ជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តដឹកនាំប្រទេសជាតិកាន់តែរុងរឿងឡើង ជូនដល់ពលរដ្ឋខ្មែរទាំងអស់ទាំងជំនាន់នេះ និងទុកជូនកូនចៅជំនាន់ក្រោយ។
បន្ថែមពីនេះ លោក គួច ចំរើន ក៏បានណែនាំដល់សមាជិកថ្មី ត្រូវបន្ដរក្សាសាមគ្គីភាពផ្ទៃក្នុងមិនថាសមាជិកចាស់ ឬថ្មីនោះទេ ដើម្បីចូលរួមចំណែកជាមួយសម្ដេចតេជោ ហ៊ុន សែន ក្នុងន័យលើកកម្ពស់ និងអភិវឌ្ឍន៍ប្រទេសជាតិ កាន់តែរីកចម្រើនបន្ថែមទៀត៕