(កណ្តាល)៖ សមិទ្ធផលមួយទៀត ដែលបានមកពីការខិតខំរបស់ក្រសួងសុខាភិបាល ក្រោមការចង្អុលបង្ហាញពី លោករដ្ឋមន្រ្តីក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំជាន់ខ្ពស់របស់ក្រសួង គឺការជួយសាងសង់អគារមន្ទីរពេទ្យបង្អែកពញាឮ នៅខេត្តកណ្តាល ដែលជាជំនួយឥតសំណងរបស់អង្គការក្រៅរដ្ឋាភិបាល នៃប្រទេសជប៉ុន។

ពិធីបញ្ចុះបឋមសិលាសាងសង់អគារ មន្ទីរពេទ្យបង្អែក បានប្រព្រឹត្តទៅនៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៥ ក្រោមអធិបតីភាពលោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក ម៉ៅ ភីរុណ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល, លោក Yonamine Moriyasu លេខាធិការទី២ នៃស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា លោក Hideto Yoshioka ប្រធានអង្គការបេះដូងជប៉ុន និងកញ្ញា Ayami Hasegawa នាយិកាអង្គការបេះដូងជប៉ុនប្រចាំនៅកម្ពុជា ព្រមទាំងលោក-លោកស្រី អ្នកនាងកញ្ញា ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ និងមន្រ្តីរាជការសុខាភិបាលសរុបប្រហែលជាង៦០០នាក់។

នៅក្នុងឱកាសនេះ លោករដ្ឋមន្រ្តីក្រសួងសុខាភិបាលបានថ្លែងថា៖ សកម្មភាពនៃការផ្តល់សេវាសុខភាព គឺជាសកម្មភាពមួយដ៏មានសារៈសំខាន់ក្នុងចំណោមសកម្មភាពសំខាន់ៗជាច្រើនទៀត ដែលក្រសួងសុខាភិបាលបាន និងកំពុងយកចិត្តទុកដាក់ ដូចជាសកម្មភាពផ្តល់សេវាការពារជម្ងឺ ការពិនិត្យនិងព្យាបាលជម្ងឺជូនប្រជាពលរដ្ឋ នៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ ដែលមានមន្ទីរពេទ្យជាតិ មន្ទីរបង្អែកខេត្ត មន្ទីរពេទ្យបង្អែកស្រុក មណ្ឌលសុខភាព ប៉ុស្តិ៍សុខភាព និងការផ្តល់សេវាតាមមូលដ្ឋាន ពិសេសនៅតំបន់ឆ្ងាយពីមូលដ្ឋាន សុខាភិបាលសាធារណៈ ដែលកិច្ចការទាំងនេះកំពុងតែមានការរីកចម្រើនឆ្ពោះទៅមុខ ដោះស្រាយបានទាន់ពេលវេលានូវគ្រប់តម្រូវការសុខភាព សមស្របទៅនឹងគោលនយោបាយសុខាភិបាលជាតិ ដែលដាក់ចេញដោយរាជរដ្ឋាភិបាល ក្រោមការដឹកនាំសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

ក្រសួងសុខាភិបាល បាននឹងកំពុងយកចិត្តទុកដាក់ លើការគ្រប់គ្រងវិស័យឯកជនក្នុងនោះមាន ជម្រុញសកម្មភាពរបស់ គណៈកម្មការអន្តរក្រសួង នៅទូទាំង២៥រាជធានី-ខេត្ត ក្នុងការចុះត្រួតពិនិត្យកន្លែងផ្តល់សេវាពិនិត្យ និងព្យាបាលឯកជន វិធានការណ៍លុបបំបាត់សេវាខុសច្បាប់ និងឱសថក្លែងក្លាយ ព្រមទាំងការពង្រឹងក្រមសីលធម៌វិជ្ជាជីវៈរបស់មន្រ្តី បុគ្គលិកសុខាភិបាលនៅគ្រប់លំដាប់ថ្នាក់ ដើម្បីលើកកម្ពស់ទំនុកចិត្តរបស់ប្រជាពលរដ្ឋ មកលើសេវាសុខាភិបាល សាធារណៈ។

អគារថ្មីដែលត្រូវសាងសង់បន្ថែមនាពេលនេះ គួបផ្សំនិងការបំពាក់សម្ភារៈ បរិក្ខាពេទ្យទំនើប ព្រមទាំងមានមន្រ្តីសុខាភិបាលជាជនជាតិជប៉ុន និងកម្ពុជាដ៏មានសមត្ថភាព ពិតនឹងក្លាយជាមន្ទីរពេទ្យមានគុណភាព បន្ថែមលើមន្ទីរពេទ្យដែលមានស្រាប់ដែលផ្តល់នូវទំនុកចិត្តបន្ថែមទៀត ព្រមទាំងជួយសម្រួលដល់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងស្រុកពញាឮនេះ និងប្រជាជនមកពីកន្លែងដ៏ទៃដែលមានតម្រូវការសុខភាព ដែលរួមចំណែកក្នុងការពង្រីកវឌ្ឍនភាព នៃផ្នែកសុខាភិបាលនៅក្នុងតំបន់នេះផងដែរ។

អគារដែលត្រូវសាងសង់ថ្មីបន្ថែមលើអគារ ដែលមានស្រាប់នេះមានទំហំ ៦៧៣មែត្រការ៉េ មានបន្ទប់វះកាត់ទូទៅ បន្ទប់សម្រាប់ពិនិត្យនិងសម្រាកព្យាបាលជម្ងឺទូទៅ ដែលគ្រោងដាក់បានចាប់ពី ៣០គ្រែ និងដែលមានតម្លៃប៉ាន់ស្មានសរុបប្រហែលជា ៣៥៥០០ដុល្លាសហរដ្ឋអាមេរិក ហើយការសាងសង់អាចនឹងត្រូវបញ្ចប់ ក្នុងរយៈពេល ៦ខែខាងមុខនេះ៕