(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជានាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ បានប្រាប់កងទ័ព និងកងកម្លាំងប្រដាប់អាវុធទាំងអស់ ឲ្យចាត់វិធានការក្រុមដែលប៉ុនប៉ង ផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត ដោយមិនចាំបាច់ទទួលបទបញ្ជាឡើយ។

​ក្នុងឱកាសអញ្ជើញជាអធិបតីភាព​ប្រារព្ធពិធីអបអរសាទរខួប២០ឆ្នាំ ថ្ងៃកំណើតកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩នេះ សម្ដេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា កម្លាំងប្រដាប់អាវុធមានភារកិច្ចការពាររដ្ឋ ដូចនេះមិនមានពាក្យអព្យាក្រឹត្យជាមួយពួកឧទ្ទាម ទាំងឧទ្ទាមក្នុងព្រៃ និងឧទ្ទាមទីក្រុងនោះទេ។

នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «យើង​ត្រូវតែកម្ចាត់ចោលជាបន្ទាន់ ដោយមិនរង់ចាំបទបញ្ជា នូវទង្វើណាក៏ដោយ ដែលប៉ុនប៉ងដណ្ដើមអំណាច​ក្រៅប្រព័ន្ធប្រជាធិបតេយ្យ ក្រៅការបោះឆ្នោត ដែលផ្ទុយនឹងរដ្ឋធម្មនុញ្ញ កងទ័ពអាចអព្យាក្រឹត្យបានត្រឹមបក្សនយោបាយ និងបក្សនយោបាយតែប៉ុណ្ណោះ»

សម្ដេចតេជោ ហ៊ុន សែន បានសង្កត់ទៀតថា ការបង្កើតឡើងនូវកម្លាំងប្រដាប់អាវុធ ក៏ដូចជារដ្ឋបាលគ្រប់ថ្នាក់ គឺសម្ដៅដើម្បីការពាររដ្ឋ ​ដូច្នេះមិនត្រូវទុកឲ្យអ្នកណាមួយមកបំផ្លាញចោលរដ្ឋនោះទេ ថ្វីត្បិតតែ​កងទ័ពកម្ពុជាតិច កម្លាំងទន់ខ្សោយ តែកម្ពុជាមានសមត្ថភាពដើម្បីការពារជាតិ និងរាជរដ្ឋាភិបាលស្របច្បាប់។

នាយករដ្ឋមន្ដ្រីដ៏មានឥទ្ធិពលរបស់កម្ពុជា បានគូសបញ្ជាក់បន្ថែមថា ​កងទ័ពអាចអព្យាក្រឹត្យបានត្រឹមបក្សនយោបាយ និងបក្សនយោបាយតែប៉ុណ្ណោះ ប៉ុន្ដែ​កងទ័ពការពារគ្រប់គណបក្សនយោបាយ ដែលចូលរួមជីវភាពនយោបាយនៅកម្ពុជា តែគ្មានទេអព្យាក្រឹត្យរវាងរាជរដ្ឋាភិបាល ជាមួយនឹងបក្សនយោបាយផ្សេងៗ។

សម្ដេចនាយករដ្ឋមន្ដ្រី ក៏បានក្រើនរំលឹកថា ​ប្រទេសមួយចំនួន​ដែលសម្រេចជោគជ័យនៃបដិវត្តពណ៌ គឺគេចាប់ផ្ដើមពីការធ្វើអព្យាក្រឹត្យតូបនីយកម្ម កម្លាំងប្រដាប់អាវុធ ប៉ុន្ដែសម្ដេចយល់ស្របទៅលើបញ្ហាអព្យាក្រឹត្យតូបនីយកម្មកម្លាំងប្រដាប់អាវុធ និងរដ្ឋបាលស៊ីវិល តែរវាងបក្សនយោបាយ និងបក្សនយោបាយតែប៉ុណ្ណោះ​ ក៏ប៉ុន្ដែរវាងបក្សនយោបាយជាមួយរដ្ឋ គ្មានទេពាក្យអព្យាក្រឹត្យ មានតែវៃកម្ទេចចោលប៉ុណ្ណោះ។​

សម្ដេចតេជោ ហ៊ុន សែន នៅតែអះអាងថា ​សម្តេចមិនខ្លាចនឹងបញ្ជាកងទ័ពឲ្យកម្ទេចជនទាំងឡាយ ដែលចង់បំផ្លាញរដ្ឋនោះឡើយ ហើយសម្ដេចថា ស្លាប់មនុស្ស៤-៥នាក់ ប្រសើរជាងស្លាប់មនុស្សរាប់ម៉ឺន រាប់សែននាក់ដូចពីអតីតកាល។ ប៉ុន្ដែប្រសាសន៍របស់សម្តេចនេះ មិនមែនជាការគំរាមកំហែង នរណានោះឡើយ តែជាការពង្រឹងកងទ័ព កងកម្លាំងប្រដាប់អាវុធ ដើម្បីធានាថាគ្មានអំពើភេរវកម្ម និងការប្លន់អំណាចក្រៅក្របខណ្ឌច្បាប់៕