(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងអញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍ថ្នាក់ដឹកនាំរបស់វេទិកាភាពងាយរងគ្រោះនៃអាកាសធាតុ (CVF) ដែលនឹងប្រព្រឹត្តទៅតាមប្រព័ន្ធវីដេអូ នៅព្រលប់ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០ ស្របពេលសម័យប្រជុំលើកទី៧៥ នៃមហាសន្និបាតអង្គការសហប្រជាជាតិ។
ការអញ្ជើញចូលរួមនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់លោកស្រី សេក្ខ ហាស៊ីណា នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាមានិត បង់ក្លាដែស និងជាប្រធានវេទិកាភាពងាយរងគ្រោះអាកាសធាតុ។
នៅក្នុងបទអន្តរាគមន៍ផ្សាយបន្តផ្ទាល់ សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងលើកឡើងអំពីផលប៉ះពាល់ធ្ងន់ធ្ងរ នៃការប្រែប្រួលអាកាសធាតុលើការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងសន្តិសុខ ក្នុងតំបន់ក៏ដូចជាពិភពលោក។ សម្តេចតេជោ នឹងគូសបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែង និងការរួមចំណែករបស់រាជរដ្ឋាភិបាល
កម្ពុជាលើបញ្ហាការប្រែប្រួលអាកាសធាតុ ដែលឆ្លុះបញ្ចាំងតាមរយៈការដាក់បញ្ចូលវិធានការកាត់បន្ថយផលប៉ះពាល់ទៅក្នុងគោលនយោបាយអភិវឌ្ឍន៍ជាតិ ដំណើរការទៅមុខយ៉ាងឆាប់រហ័សនៅកម្ពុជានៃក្របខ័ណ្ឌ គតិយុត្តិនិងបច្ចេកទេសសម្រាប់កម្មវិធីសកម្មភាពកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ដែលកើតឡើងដោយ សារការកាប់បំផ្លាញនិងការសឹករេចរឹលនៃព្រៃឈើបូក (REDD+) និង ការផ្តល់ទាន់ពេលវេលានូវរបាយការណ៍ «បច្ចុប្បន្នភាពស្តីពីការចូលរួមចំណែករបស់ជាតិ» ក្នុងការអនុវត្តអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិ ស្ដីពីការប្រែប្រួលអាកាសធាតុ (NDC Update-UNFCCC)។ សម្តេចតេជោ ហ៊ុន សែន ក៏នឹងផ្តល់អនុសាសន៍ក្នុងការអនុវត្តជាក់ស្តែងមួយចំនួនស្តីពីការឆ្លើយតបឲ្យបានគ្រប់ ជ្រុងជ្រោយ និងប្រកបដោយប្រសិទ្ធភាពចំពោះឥទ្ធិពលអវិជ្ជមាន នៃការប្រែប្រួលអាកាសធាតុទៅលើបរិស្ថាន សេដ្ឋកិច្ច និងសង្គម។
ក្នុងនាមជាវេទិកាពិភពលោកដ៏សំខាន់មួយសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសកំពុងអភិវឌ្ឍន៍ ដែលងាយរងគ្រោះដោយការប្រែប្រួលអាកាសធាតុ ព្រឹត្តិការណ៍ថ្នាក់ដឹកនាំរបស់វេទិកាភាពងាយរងគ្រោះនៃអាកាសធាតុ នឹងមានការចូលរួមពីសំណាក់អគ្គលេខាធិការអង្គការសហប្រជាជាតិ ប្រមុខររដ្ឋ និងរដ្ឋាភិបាល ក៏ដូចជាដៃគូសំខាន់ៗផងដែរ។ ព្រឹត្តិការណ៍ថ្នាក់ដឹកនាំនេះ គូសបញ្ជាក់ពីភាពបន្ទាន់នៃការធ្វើសកម្មភាព និងតម្រូវការឲ្យប្រទេសទាំងអស់ធ្វើបច្ចុប្បន្នភាព អំពីការចូលរួមចំណែករបស់ជាតិក្នុងការអនុវត្តកិច្ចព្រមព្រៀង ទីក្រុងប៉ារីស។ វេទិកាក៏នឹងសង្កត់ធ្ងន់លើសារៈសំខាន់ចាំបាច់ក្នុងពង្រឹងកិច្ចប្រឹងប្រែងកសាងភាពធន់នឹងអាកាសធាតុ ព្រមគ្នានឹងការការឆ្លើយតបចំពោះការរាតត្បាតនៃជំងឺកូវីដ-១៩ និង ការស្ដារឡើងវិញក្រោយពីវិបត្តិនេះ ដើម្បីរក្សាកម្លាំងសន្ទុះនៃការងារពង្រឹងភាពស៊ាំ និងកាត់បន្ថយការខូចខាត និងការបម្លាស់ទីជម្រកបង្កឡើងដោយគ្រោះធម្មជាតិ៕