(ភ្នំពេញ)៖ បច្ចុប្បន្ននៅកម្ពុជា បើនិយាយពីវត្ដមានមធ្យោបាយធ្វើដំណើរលើផ្លូវសាធារណៈមានច្រើនប្រភេទទំាងថ្មីទំាងចាស់ ជាអាទិ៍៖ ស៊ីក្លូ កង់ ម៉ូតូ ម៉ូតូកង់បី ម៉ូតូកង់បី(ឥណ្ឌា) រថយន្ដ ជាដើម សម្រាប់ជាមធ្យោបាយធ្វើដំណើរផ្ទាល់ខ្លួន ឬបម្រើឲ្យវិស័យទេសចរណ៍ទំាងភ្ញៀវជាតិនិងអន្ដរជាតិ។ ក្នុងចំណោមមធ្យោបាយដឹកជញ្ជួនទំាងនេះបើនិយាយពីស៊ីក្លូ ជាមធ្យោបាយមួយដ៏មាន វ័យចំណាស់ផងដែរ។ តើស៊ីក្លូ មានប្រវត្ដិយ៉ាងណា?
អ្នកជំនាញអារ្យធម៌ខ្មែរ លោក រត្ន័ សណ្ដាប់ បានថ្លែងថាបើនិយាយពីពាក្យ «ស៊ីក្លូ» មកពីភាសាបារំាង «ស៊ីក្លូពូស-Cyclo-Pousse» ។ ចំពោះប្រវត្ដិស៊ីក្លូ ឬរទេះស៊ីក្លូ ដែលមានវត្ដមានក្នុងប្រទេសកម្ពុជាដូចយើងឃើញនេះ គឺបានកែចេញពីឆៃកែវ ដោយជនជាតិបារំាងនៅឆ្នាំ១៩៣៦ នាអំទ្បុងសម័យអាណានិគមនិយមបារំាងនេះឯង។ ហើយបើនិយាយពីស៊ីក្លូ ដែលមានការប្រើប្រាស់យ៉ាងពេញនិយមវិញ គឺនៅសម័យសង្គមរាស្រ្ដនិយម ដូចយើងឃើញបទចម្រៀងរបស់រៀមច្បងយើងដែលរៀបរាប់ជិះស៊ីក្លូ ទៅផ្សារថ្មីជាដើម។
បច្ចុប្បន្នចំពោះរាជធានីភ្នំពេញ ដោយមានការអភិវឌ្ឍ និងសំបូរដោយមធ្យោបាយទំនើបៗជាច្រើន ហើយមានភាពរហ័សនិងសន្សំពេលវេលាជាងស៊ីក្លូផងនោះ ជាហេតុបណ្ដាលឲ្យមុខរបរ ស៊ីក្លូប្រឈមនឹងការបាត់បង់ផងដែរ។ ពីព្រោះមុខរបរធាក់ស៊ីក្លូ ទទួលប្រាក់កម្រៃទាប ហើយប្រជាជនក៏មិនសូវជាចាប់អារម្មណ៍ជិះផងដែរ។
ជាចុងក្រោយលោក រត្ន័ សណ្ដាប់ ក៏បានថ្លែងនូវសេចក្ដីអំណរសាទរផងដែរ ចំពោះសម្ដេចតេជោ ហ៊ុន សែន ដែលបានយកចិត្ដទុកដាក់អភិរក្សដោយបង្កើតមូលនិធិស៊ីក្លូ ដើម្បីជួយទ្រទ្រង់ជីវភាពដល់បងប្អូនធាក់ស៊ីក្លូ ដែលជាអត្ដសញ្ញាណដឹកជញ្ជួនខ្មែរនាសម័យអាណានិគមបារំាង។ ពីព្រោះអត្ថប្រយោជន៍ស៊ីក្លូ គឺមានសុវត្ថិភាពដល់ភ្ញៀវទេសចរណ៍ដែលចង់គយគន់ ថតរូប និងស្រួបយកខ្យល់អាកាស។ បើដូច្នេះចំពោះការប្រើប្រាស់ស៊ីក្លូ គឺប្រៀបបានជាយានជំនិះគ្មានផ្សែង ដើម្បីឲ្យរាជធានីភ្នំពេញក្លាយជាទីក្រុងបែតងយ៉ាងដូច្នោះដែរ៕