(ភ្នំពេញ)៖ ក្រុមអាកាសចរណ៍កម្ពុជា Cambodia Airways កំពុងបន្តពង្រីកបណ្តាញផ្លូវហោះហើររបស់ខ្លួន តាមរយៈការបើកផ្លូវធ្វើដំណើរថ្មីមួយទៀតពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឆ្ពោះទៅកាន់អាកាសយានដ្ឋានអន្តរជាតិសុវណ្ណភូមិនៃទីក្រុងបាងកកនៅថ្ងៃទី១១ ខែមេសាខាងមុខ។
ផ្លូវហោះហើរថ្មីខាងលើនឹងអនុញ្ញាតឲ្យអាកាសចរណ៍កម្ពុជា ផ្តល់ជូនអតិថិជននូវជម្រើសកាន់តែទូលំទូលាយថែមទៀត នៅពេលធ្វើដំណើរក្នុងថ្ងៃឈប់សម្រាកនាឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរ។ បើតាម Cambodia Airways ជើងហោះហើរនេះនឹងប្រព្រឹត្តទៅជារៀងរាល់ថ្ងៃ ជាមួយតារាងពេលវេលាដែលអំណោយផលសម្រាប់អតិថិជនគ្រប់រូប។ នៅអំឡុងការហោះហើរអាកាសចរណ៍នឹងផ្តល់ជូនអតិថិជនទាំងអស់នូវសាំងវិច រួមទាំងការបម្រើសេវាកម្មប្រសើរៗដទៃទៀត ក្នុងនាមជាជម្រើសអាកាសចរណ៍ល្អដាច់គេ សម្រាប់អតិថិជនទាំងឡាយ ដែលប្រាថ្នាចង់បានការធ្វើដំណើរប្រកបដោយគុណភាពនិងផាសុខភាព។
លោក សាយម៉ុន ស៊ូ (Simon Xu) ដែលជានាយករងផ្នែកពាណិជ្ជកម្មរបស់អាកាសចរណ៍កម្ពុជា បានបញ្ជាក់ថា ការលក់សំបុត្រសម្រាប់ជើងហោះហើរខាងលើនឹងចាប់ផ្តើមពីថ្ងៃនេះតទៅ។ សម្រាប់តារាងពេលវេលាធ្វើដំណើរ គឺចាកចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនៅម៉ោង១៨៖១៥នាទី និងទៅដល់អាកាសយានដ្ឋានសុវណ្ណភូមិ នៅម៉ោង១៩៖១០នាទី។ រីឯពេលវេលាសម្រាប់ចាកចេញពីបាងកកមកវិញ គឺនៅម៉ោង២០៖១០នាទី និងមកដល់អាកាសយានដ្ឋានភ្នំពេញនៅម៉ោង២១៖៣៥នាទី ដែលជាពេលវេលាមិនឆាប់ឬក៏យូរពេកឡើយ សម្រាប់អតិថិជន។
គួរជម្រាបថា អាកាសចរណ៍ Cambodia Airways Co., Ltd គឺជាក្រុមហ៊ុនអាកាសចរណ៍របស់ប្រទេសកម្ពុជា ដែលមានមូលដ្ឋាននៅរាជធានីភ្នំពេញ និងត្រូវបានបង្កើតឡើងកាលពីខែកញ្ញា ឆ្នាំ២០១៧។ Cambodia Airways បានសម្ពោធជើងហោះហើរដំបូងរបស់ខ្លួន ដែលមានគោលដៅពីភ្នំពេញទៅសៀមរាប នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨។ បច្ចុប្បន្ន អាកាសចរណ៍មានយន្តហោះចំនួន៣គ្រឿង គឺ Airbus A391 ដែលកំពុងធ្វើប្រតិបត្តិការជាមួយជើងហោះហើរទៅមកទាំងក្នុងនិងក្រៅស្រុក នៅភ្នំពេញ សៀមរាប ក្រុងព្រះសីហនុ ម៉ាកាវ តៃប៉ិ ជាដើម ក្នុងចំណោមគោលដៅធ្វើដំណើរមួយចំនួនទៀត៕